អន្តរជាតិ
លោក Duterte ស្ម័គ្រ​ចូលខ្លួន​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ស៊ើបអង្កេត ជុំវិញ​ការសម្លាប់​ចុងក្រោយ​នេះ
17, Oct 2016 , 8:19 pm        
រូបភាព
ដោយ:
​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស​គ្រឿងញៀន​ពី​សង្គម​ហ្វីលីពីន​របស់លោក​ប្រធានាធិបតី Rodrigo Duterte ទទួលបាន​ទាំង​ការទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​មជ្ឈដ្ឋាន​ក្នុងស្រុក និង​មជ្ឈដ្ឋាន​អន្តរជាតិ ដ្បិត​ប្រតិបត្តិការ​នោះ បាន​បណ្តាល​ឲ្យ​មាន​ចំនួន​អុ្ន​ក​សា្ល​ប់​ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ច្រើន​លើសលប់​ត្រឹម​រយៈពេល​ខ្លី​។ ទន្ទឹមគ្នានេះ ប្រតិបត្តិការ​នោះ ក៏​កំពុងតែ​ស្ថិតក្រោម​ការតាមដាន​យ៉ាង​យកចិត្ត​ទុក​ពី​តុលាការអន្តរជាតិ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​តុលាការ​ថែមទាំង​លើកឡើង​ពី​លទ្ធភាព​ពី​កាត់ទោស​មេដឹកនាំ​ពាក់ព័ន្ធ​។ តែ​រដ្ឋបាល​ហ្វីលីពីន មិន​មានការ​ព្រួយ​នោះទេ និង​ថែមទាំង​សន្យា​សហការ​ឲ្យ​តុលាការ​ស៊ើបអង្កេត​ក្នុងករណី​ចាំបាច់​ទៀតផង​។



​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន លោក Martin Andanar នៅ​ថ្ងៃ​១៤ ខែតុលា​កន្លងទៅ បាន​អះអាងថា លោក​ប្រធានាធិបតី Rodrigo Duterte មាន​ឆន្ទៈ​ក្នុង​ដាក់ខ្លួន​លោក​ផ្ទាល់​សម្រាប់​ការស៊ើបអង្កេត​នានា​ជុំវិញ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ជាង​បីនាក់​ស្លាប់​នោះ​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុងឡាអេ បានចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​លើ​រដ្ឋបាល​ហ្វីលីពីន ពាក់ព័ន្ធ​នឹង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ថា​អាច​ធ្លាក់​ចូលក្នុង​សមត្ថកិច្ច​របស់​តុលាការ​ដើម្បី​កាត់ទោស​នោះ​។

​សេចក្តីថ្លែងការណ៍​រប​ស់លោក Martin Andanar ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន​ហ្វីលីពីន ABS-CBN ក៏បាន​បកស្រាយ​ដែរ​ថា ការសម្លាប់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន រួមទាំង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ផងដែរ​នោះ មិនមាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​នោះទេ​។ លោក Martin បន្ថែមថា ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវបាន​សម្លាប់​នោះ គឺ​ស្ថិតនៅក្នុង​ប្រតិបត្តិការ​ស្របច្បាប់​របស់​ប៉ូលិស ដែល​លោក​ប្រធានាធិបតី ក៏បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ផងដែរ​។

​ដោយឡែក​ជុំវិញ​នៃ​សេចក្តីថ្លែងការណ៍​ចុងក្រោយ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើ​ស្ថានភាព​របស់​ហ្វីលីពីន​បច្ចុប្បន្ន លោកអ្នក​នាំពាក្យ​រូបនោះ ក៏បាន​បញ្ជាក់​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​របស់លោក ដោយ​សង្កត់ធ្ងន់ថា «​លោក​ប្រធានាធិបតី Rodrigo Duterte បាន​ស្ម័គ្រចិត្ត​ចូល​មុនគេ សម្រាប់​ការ​ស៊ើប​សង្កេត​»​។

​សូម​រមឹ្ល​ក​ផងដែរ​ថា  នៅ​ថ្ងៃទី​១៣ ខែតុលា​កន្លងទៅ រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ហៅ​កាត់​ថា ICC លោកស្រី Fatou Bensouda បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយ​បា​មរ​ម្ភ​ពី​ស្ថានភាព​ហ្វីលីពីន​ដែល​ពាក់ព័ន្ធ​នឹង​ការស្លាប់​រាប់ពាន់នាក់​នៅ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿង​ញឿ​ន​។ លោកស្រី​រដ្ឋអាជ្ញា បាន​អះអាងថា តុលាការ បាន​ដឹងលឺ​ពី​របាយការណ៍​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​នោះ និង​ថែមទាំង​សោកស្តាយ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​មេដឹកនាំ​ជាន់ខ្ពស់​ហ្វីលីពីន ដែល​ហាក់ដូចជា​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ទាំងនោះ​។​

​លោកស្រី​រដ្ឋអាជ្ញា ក៏បាន​បញ្ជាក់​ធ្ងន់​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​យ៉ាង​ដូច្នេះ​ថា «​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ អាច​នឹង​ធ្លាក់​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រទ​ណ្ឌ​អន្តរជាតិ ប្រសិន ពួកគេ ប្រព្រឹត្ត​សកម្មភាព​ដែលជា​ផ្នែក​នៃ​ការវាយប្រហារ​ជា​លក្ខណ​ទ្រង់ទ្រាយ​ធំ ឬ​ជា​ប្រព័ន្ធ​ប្រឆាំងនឹង​ជន​ស៊ីវិល​ដោយ​ប្រើប្រាស់​គោលនយោបាយ​រដ្ឋ​នោះ​...»​។

​ជាងនេះទៅទៀត​នោះ លោកស្រី​រដ្ឋអាជ្ញា ក៏បាន​បង្ហាញ​ពីសារ​មួយ​ដែល​គួរ​ព្រួយបារម្ភ​ទៅលើ​មេដឹកនាំ​ពាក់ព័ន្ធ​មួយចំនួន​របស់​ហ្វីលីពីន ដោយ លោកស្រី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា​: រាល់​បុគ្គល​ទាំងឡាយ​នៅក្នុង​ប្រទេស​ហ្វីលីពីន ដែល​ញុះញង់ ឬ​លើកទឹកចិត្ត​ក្នុងការ​ប្រព្រឹត្ត​ហិង្សា​ទ្រង់ទ្រាយ​ធំ រាប់បញ្ចូល​ទាំង ការបញ្ជា ការស្នើ ការជំរុញ ឬ​ការចូលរួម នៅក្នុង​ឥរិយាបថ​ណាមួយ​ក៏ដោយ គណៈកម្មាធិការ​ទទួល​បន្ទុក​បទល្មើស​ស្ថិតក្រោម​យុត្តាធិការ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​ទទួលខុសត្រូវ​ដើម្បី​កាត់ទោស​នៅ​ចំពោះមុខ​ច្បាប់​»​។ យ៉ាងណាក៏ដោយ តុលាការ​មិនបាន​បញ្ជាក់​ច្បាស់លាស់ ថា​តើ បុគ្គល​ណាខ្លះ​ជា​គោលដៅ តុលាការ អាច​បើក​ការស៊ើបអង្កេត​នោះទេ​។

​លោក Duterte នឹង​បញ្ឈប់​ប្រតិបត្តិ ក្រោយ​តុលា​ការចេញ​សារ​ព្រមាន​?
​បើទោះបីជា​តុលាការ បង្ហាញ​ពីសារ​ព្រមាន​ក៏ដោយ លោក Duterte ដែលជា​ប្រមុខរដ្ឋ​ហ្វីលីពីន និង​អ្នក​ផ្តួចផ្តើម​គោលនយោបាយ​បោសសម្អាត​នោះ នៅតែ​មិន​រួញរា​ក្នុង​ការសម្រេច​ក្តី​សុ​ប​ន្តិ​របស់លោក «​ធ្វើ​ឲ្យ​សង្គម​ហ្វីលីពីន​គ្មាន​គ្រឿងញៀន​»​នោះទេ​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន Aljazeera ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែតុលា លោក Duterte បាន​អះអាងថា មាន​អ្នកញៀន​ថ្នាំ​នៅ​ហ្វីលីពីន​មាន​រហូតដល់​បី​លាន​នាក់ ហើយ​ចំនួន​នោះ ក៏​បន្ត​កើនឡើង​ទៀតផង​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ យើង មិន​បញ្ឈប់​បញ្ហា​នោះទេ នោះ​អ្នកជំនាន់ក្រោយ នឹង​កាន់​តែមាន​បញ្ហា​ធ្ងន់ធ្ងរ​ហើយ​... អ្នក​បំផ្លាញ​ប្រទេស​របស់ខ្ញុំ ខ្ញុំ នឹង​សម្លាប់​អ្នក​។ ហើយ នេះ គឺជា​សកម្មភាព​ស្របច្បាប់​នោះទេ​។​... វា មិនមាន​អ្វី​ខុស​នោះ ប្រសិន យើង​ព្យាយាម​រក្សា​ផលប្រយោជន៍​របស់​ក្មេងជំនាន់ក្រោយ​»​។

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដែលជា​ថ្ងៃ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​មកដល់ពេលនេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ៧០​ម៉ឺន​នាក់ បានប្រកាស​ចូលខ្លួន​សារភាព និង​ជាង​បី​ពាន់​នាក់​ផ្សេងទៀត ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​ប៉ូលិស និង​ការសហការ​ក្រៅ​ប្រព័ន្ធតុលាការ​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន Aljazeera ដដែល​នោះ លោក​ប្រធានាធិបតី Duterte ក៏បាន​ទទួលស្គាល់​ដែរ​ថា មាន​ក្មេង និង​ប្រជាជន​ស្លូតត្រង់​មួយចំនួន ក៏ត្រូវ​បានសម្លាប់​នៅក្នុង​ប្រតិបត្តិការ​សង្គ្រាម​គ្រឿងញៀន​នោះដែរ ហើយ លោក ក៏បាន​សន្យា​ដែរ​ថា លោក នឹង​បើក​ការស៊ើបអង្កេត​លើ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​នោះ​។ តាមពិតទៅ លោក​ប្រធានាធិបតី ក៏​ធ្លាប់​បានបញ្ជាក់​ដែរ ប្រតិបត្តិការ​របស់លោក គឺជា​ការ​បោសសម្អាត​ជនល្មើស ឬ​ឧក្រិដ្ឋជន​នោះទេ ដោយ​លោក ថែមទាំង​ប្រៀបធៀប​ថា របប​ដឹកនាំ​របស់លោក មិន​ដូច​ការប្រព្រឹត្ត​របស់​ម​ហា​អំណាច​មួយចំនួន​ដែល​បានសម្លាប់​ជន​ស៊ីវិល​ជាច្រើន​ពាន់​នាក់ តែ​គ្មាន​អង្គការ​ណា និយាយ​សោះ​នោះ​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
  តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com