អន្តរជាតិ
ថៃ​៖ ការបោះឆ្នោត​នឹងត្រូវ​ធ្វើតាម​ការគ្រោងទុក ទោះ​ព្រះមហាក្សត្រ​សោយ​ទិវង្គត​ក្តី​
17, Oct 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សារព័ត៌មាន​ថៃ Bangkok Post អះអាង ការបោះឆ្នោត​នៅ​ថៃ​នឹង​នៅតែ​ត្រូវ​រៀបចំឡើង​ជាធម្មតា​នៅ​ឆ្នាំ ២០១៧ តាម​ការគ្រោងទុក ទោះបីជា​ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត សោយ​ទិ​ង្គ​ត ក៏ដោយចុះ​។ ដូច្នេះ​វា​មានន័យថា​ក្រុម​យោធា​ថៃ​មិន​ស្វះ​ស្វែងរក​ការពន្យារពេល​ការបោះឆ្នោត​នេះ​ទៀត​ទេ​។​



​ការ​សោយ​ទិ​ង្គ​តរបស់​មហាក្សត្រ​ថៃ​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ធ្វើ​ឲ្យ​គេ​ខ្វាយខ្វល់​និង​មាន​មន្ទិល​សង្ស័យថា ក្រុម​យោធា​អាច​នឹង​ពន្យារពេល​ការរៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​ទៀត​។  ប៉ុន្តែ​សារព័ត៌មាន​ថៃ​បាន​អះអាងថា ការបោះឆ្នោត​សភា នឹងត្រូវ​រៀបចំ​នៅ​ឆ្នាំក្រោយ ដោយ​ការ​សោយ​ទិវង្គត​របស់​មហាក្សត្រ ភូមិ​ពល​អា​ឌុល យ៉ា​ដេ​ត មិនមាន​ផលប៉ះពាល់​ដល់​ការបោះឆ្នោត​នេះឡើយ​។​ដូច្នេះ​មានន័យថា វា​គ្មាន​ការពន្យារពេល​សម្រាប់​ការបោះឆ្នោត​សភា​នោះទេ ហើយ​របប​សឹក​ថៃ​ក៏​មិន​ស្វះ​ស្វែងរក​ការពន្យារពេល​ការបោះឆ្នោត​ដែរ​។​

​សារព័ត៌មាន​ថៃ Bangkok Post   ការបោះឆ្នោត​ដើម្បី​ត្រួសត្រាយ​ផ្លួ​វ​សម្រាប់​ការផ្ទេរអំណាច​ទៅ​របប​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​កើតចេញពី​ការបោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​នឹង​កើតឡើង​នៅ​ឆ្នាំក្រោយ​។ សារព័ត៌មាន​នេះ​បាន​បញ្ជាក់ថា​៖​​« រដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​ការសម្រេចចិត្ត​រៀបចំ​ការបោះឆ្នោត​ជា​សកល​មួយ​នៅ​ចុងឆ្នាំ​ក្រោយនេះ​»​។​

​ថ្វីបើ​ខាង​សារព័ត៌មាន Bangkok Post បាន​អះអាង​ដូច្នេះ​ក្តី ខាង​អ្នកនាំពាក្យ​យោធា Weerachon Sukondhapatipak បាន​បដិសេធ​ផ្តល់យោបល់​លម្អិត​ចំពោះ​គម្រោង​រៀបចំ​ការបោះឆ្នោត​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០១៧ នេះ ។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters វិញ អ្នកនាំពាក្យ​របប​សឹក​ខាងលើ​បាន​អះអាងថា វា​មិនមែនជា​ពេលវេលា​សមរម្យ​ទេ​ដែល​ត្រូវ​ជជែក​ពី​រឿង​នយោបាយ​នោះ​។​

​ការ​កាន់ទុក្ខ​នឹងមាន​រយៈពេល​ពេញ​មួយឆ្នាំ ហើយ​បច្ចុប្បន្ននេះ មនុស្ស​រាប់ពាន់នាក់​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​ចៅ ភូមិបុល អា​ឌុល រាល់ថ្ងៃ​។ គេ​រំពឹងថា​ក្នុង​រយៈ​រយៈពេល​កាន់ទុក្ខ​នេះ​ប្រជាជន​ថៃ​រាប់សែន​នាក់​ចេញពី​តាម​ខេត្ត​ដើម្បី​មកកាន់​រាជធានី​បាងកក​។ ខាង​អាជ្ញាធរ​បានស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ផ្តល់​ទីកន្លែង​ស្នាក់នៅ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ថៃ​ដែល​អញ្ជើញ​មកកាន់​ក្រុង​បាងកក​នោះ​។​

​បន្ថែម​ពីនេះ ក្រោយ​ការ​សោយ​ទិវង្គត​របស់​ក្សត្រ​ថៃ រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណរដ្ឋ ហើយ​លោក​ក៏​សំណូមពរ​ឲ្យ​អ្នកជំនួញ​និង​ក្រុមហ៊ុន​បន្តសកម្មភាព​ពា​ណិ​ជ្ជ​កម្ម​និង​វិនិយោគ​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា សកម្មភាព​ស្ថាប័ន​នយោបាយ​និង​ស្ថាប័ន​រដ្ឋាភិបាល​នឹង​បន្តទៅ​មុខជា​ប្រក្រតី ទោះ​មានការ​កាន់ទុក្ខ​ក្តី​។​

​សូមបញ្ជាក់ថា ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិ​ង្គ​ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ តុលា នៅ​ព្រះ​ជន្មាយុ ៨៩ ព្រះវស្សា​។ ព្រះអង្គម្ចាស់ Maha Vajiralongkorn ដែលជា​រជ្ជទាយាទ​នឹង​ក្លាយ​មហាក្សត្រ​ស្នង​តំណែង​របស់​បិតា ប៉ុន្តែ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​គ្រងរាជ្យ​នេះ​មិនទាន់​ត្រឹម​បាន​គេ​កំណត់​ឬ​បង្ហើប​ឲ្យ​ដឹង​ឡើយ​។​


Tag:
 ថៃ​
  ភូមិបុល អាឌុលយ៉ាដេត​
  Weerachon Sukondhapatipak
© រក្សាសិទ្ធិដោយ thmeythmey.com