អន្តរជាតិ
ចិន ព្យាយាម​លាក់លៀម​របៀបវារៈ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ហ្វីលីពីន ខណៈ​លោក Duterte បន្ត​បញ្ចេញ​ឲ្យ​គេ​ដឹង
18, Oct 2016 , 11:50 am        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua
លោកប្រធានាធិបតីហ្វីលីពីន ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua
ដោយ:
​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​រយៈពេល​៤​ថ្ងៃ​ទៅកាន់​ចិន​នៅថ្ងៃនេះ​ហើយ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ម៉ានីល រំពឹងថា នឹង​ត្រូវបាន​ចុះហត្ថលេខា​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ទៅកាន់​ចិន ដែលជា​ផ្នែក​មួយ​នៃ​របត់​នយោបាយ​ងាក​ចេញពី​សម្ព័ន្ធមិត្ត​អាមេរិក​។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏​នឹង​ក្លាយជា​របៀបវារៈ​មួយ​ផងដែរ​។



​បើតាម​សេចក្តីប្រកាស​ព្រមាន​របស់​ក្រសួង​ការ​បរ​ទស​ចិន លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​រយៈពេល​បួន​ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២១​ខែតុលា​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការឆ្លើយតប​នឹង​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ដែល​ប្រមុខរដ្ឋ​ទាំងពីរ ក៏​នឹង​ជួបពិភាក្សា​គ្នា​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ដើម្បី​ផ្តោះ​ប្តូរ​យោបល់​គ្នា​។

​ក្នុង​សន្និសីត​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​១៧ ខែតុលា​ម្សិលមិញ​នេះ លោកស្រី Hua Chunying បាន​ឲ្យ​ដឹងថា លោក ស៊ី ជិន​ពីង នឹង​ជជែក​ជាមួយនឹង​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដើម្បី​ផ្តោះ​ប្តូរ​យោបល់​ក្នុងទិសដៅ​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ និង​ជាពិសេស​នោះ​ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​កាន់តែ​ទុកចិត្ត​គ្នា​លើ​បញ្ហា​អន្តរជាតិ និង​តំបន់​ដែលជា​បញ្ហា​រួមគ្នា​នោះ​។​

​លោកស្រី​អ្នកនាំពាក្យ​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា លោក​ប្រធានាធិបតី​ហ្វីលីពីន នឹង​ជួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង និង​មន្ត្រីជាន់ខ្ពស់​ចិន​មួយចំនួន​ផ្សេងទៀត​ផងដែរ​។


អ្នកនាំពាក្យ​​​ក្រសួងការបរទេសចិន​​ លោកស្រី ​​ Hua Chunying

​ទស្សនកិច្ច​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​ដែរ ត្រូវបាន​មើលឃើញថា​ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​មួយ​ហើយ​របស់លោក ដ្បិត ហ្វីលីពីន នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​មាន​ភាព​ល្អក់កករ​ជាមួយនឹង​ច្រើន​ដោយសារតែ​បញ្ហា​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ តែ​លោក​ប្រធានាធិបតី បានជ្រើសរើស​យក​ចិន​ជា​ប្រទេស​ទីមួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​តំបន់​អាស៊ាន​នោះ​។ គិតពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ​មក លោក ទើបតែ​បាន​បំពេញ​ទស្សនកិច្ច​តែ​ក្នុងប្រទេស​តំបន់​អាស៊ាន​ប៉ុណ្ណោះ​។

​អ្វី​គួរកត់សម្គាល់​នោះ គិត​ចាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​ហ្វីលីពីន​ទៅកាន់​ចិន ត្រូវបាន​ផ្សព្វផ្សាយ​នោះ ក្រសួងការបរទេស​ចិន​ដែលជា​ម្ចាស់ផ្ទះ មិនដែល​បង្ហាញ​ពីរ​វាង​របៀបវារៈ​លម្អិត​អ្វី​ឡើយ ក្រៅពី​របៀបវារៈ​ទូទៅ​នោះ​។  ជាក់ស្តែង​នោះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ទើរតែ​រៀងរាល់ថ្ងៃ​របស់​ក្រសួង​ការ​បរ​ទស​ចិន អ្នកសារព័ត៌មាន តែងតែ​សួរ​សំណួរ​ដដែលៗ ដោយ​ចង់​ឲ្យ​ក្រសួង​បង្ហាញ​ពី​របៀបវារៈ​លម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​នោះ តែ​ក្រសួង មិនបាន​បង្ហើប​អ្វី​ច្រើន​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា ភាគី​ទាំងពីរ កំពុងតែបន្ត​ទាក់ទង និង​ធ្វើការ​ជាមួយនឹង​គ្នា​នោះ​។

​បើទោះបីជា​ភាគី​ចិន​ហាក់ដូចជា​ព្យាយាម​លាក់បាំង​ពី​របៀបវារៈ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ហ្វីលីពីន​ទៅកាន់​ចិន​ក៏ដោយ គេ​នៅតែ​អាច​ដឹងថា​។ ហើយ​នោះ ក៏​ព្រោះ ហ្វីលីពីន បាន​បន្ត​បង្ហើប​ជា​បន្តបន្ទាប់​តាមរយៈ​ទាំង​កិច្ចសម្ភាសន៍ និង​សេចក្តីថ្លែងការណ៍​ផ្លូវការ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​តែម្តង​។

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​រដ្ឋ​ចិន Xinhua ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ ខែតុលា លោក​ប្រធានាធិបតី Rodrigo Duterte បាន​សរសើរ​ពី​ចិន ដោយ លោក ក៏​រំពឹង​ខ្ពស់​ដែលថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ ជាពិសេស​នោះ លើ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​តែម្តង​។ លោក​ប្រធានាធិបតី ថែមទាំង​ហ៊ាន​និយាយថា លោក នឹងសិក្សា​ពី​ភាពជោគជ័យ​របស់​ចិន​នៅក្នុង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាពិសេស​នោះ ក្នុងពេលដែល​ពិភពលោក​ជួយ​វិបត្តិ​សេដ្ឋកិច្ច​តែម្តង​។

​ក្រៅពី​ផលប្រយោជន៍​សេដ្ឋកិច្ច ប្រធានាធិបតី​ហ្វីលីពីន ក៏​មិន​លាក់លៀម​ក្នុងការ​និយាយ​ពី​បញ្ហា​រសើប​រវាង​ប្រទេស​ទាំងពីរ ដូច​ភាគី​ចិន​ឡើយ​។ លោក បាន​បង្ហើប​តាមរយៈ​កិច្ចសម្ភាសន៍​នោះ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​លោក អះអាងថា លោក មិន​ចង់​មានការ​ប្រឈមមុខ​ជាមួយ​នឹង​ចិន​ឡើយ ពោលគឺ លោក នឹង​ចរចា​ជាមួយនឹង​ចិន​។ លោក សង្កត់ធ្ងន់ថា «​វា មិនមាន​ប្រយោជន៍​អ្វី​ឡើយ ដែល​ត្រូវធ្វើ​សង្គ្រាម​ដើម្បី​យក​ដែនទឹក​នោះ​។ វា គឺជា​រឿង​ដែល​ល្អប្រសើរ ក្នុង​ការចរចា​ជាជាង​បង្កើត​សង្គ្រាម​នោះ​»​។

​តាមពិតទៅ មុនពេល​នៃ​ការផ្តល់​កិច្ចសម្ភាសន៍​នេះ លោក​ប្រធានាធិបតី​ហ្វីលីពីន ដែលមាន​រហ័ស​នាម​ថា ជា​«​អ្នក​ដាក់ទណ្ឌកម្ម​» ក៏​ធ្លាប់​ឲ្យ​ដឹង​ពី​របៀបវារៈ​របស់លោក​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ​។ លោក Duterte បាន​បញ្ជាក់ដែរថា លោក នឹង​ស្នើ​ឲ្យ​ចិន​អនុញ្ញាត​ឲ្យ​អ្នកនេសាទ​ហ្វីលីពីន​អាច​បន្តសកម្មភាព​នេសាទ​តាមបែប​ប្រពៃណី​របស់​ពួកគេ​ឡើងវិញ​នៅក្នុង​នៅក្នុង​តំបន់​កោះ Scarborough​។

​អ្នកនេសាទ​ហ្វីលីពីន មិនត្រូវ​អនុញ្ញាត​ឲ្យ​ចូលទៅ​នេសាទ​នៅ​តំបន់ Scarborough ឡើយ ដ្បិត​ចិន បាន​ហាមឃាត់ ក្រោយពី​តុលាការ បានប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ ថា ចិន បាន​បំពាន​នៅក្នុង​តំបន់​នោះ ខណៈ អះអាងថា ហ្វីលីពីន​មាន​សិទ្ធិ​នៅ​ទីនោះ​។ ហ្វីលីពីន និង​ចិន នៅ​ឆ្នាំ​២០១២ ក៏​ធា្ល​ប់​មាន​ភាព​តានតឹង​ផ្នែក​ការទូត​ខ្លាំង​ជាមួយគ្នា​ដោយសារ​ការទាមទារ​លើ​តំបន់ Scarborough ដែល​ចិន បាននិងកំពុង​តែ​គ្រប់គ្រង​ហើយ​។ ពេលនោះ​ដែរ ចិន រហូតដល់​ប្រកា​សបិទ​ទីផ្សារ​មិន​ឲ្យ​ហ្វីលីពីន នាំចេញ​ផលិតផល​កសិកម្ម​ទី​កាន់​ទីផ្សារ​របស់ខ្លួន​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com