អន្តរជាតិ
អាជ្ញាកណ្តាល​ស្រី​បង្ហាញ​សមត្ថភាព​យ៉ាង​អស្ចារ្យ នៅលើ​ទីលាន​បាល់ទាត់​បុរស​
19, Oct 2016 , 7:39 am        
រូបភាព
ដោយ: VOA
​ហ្សុ​ម​បា​៖ នៅ​ប្រទេស​ម៉ាឡាវី អាជ្ញាកណ្តាល​ស្រី​ម្នាក់ បាន​ចេញមុខ​បង្ហាញ​ការវិនិច្ឆ័យ​របស់ខ្លួន នៅក្នុង​ការប្រកួត​បាល់​ទាត់​អន្តរជាតិ​ធំៗ​។ ការងារ​របស់គាត់​រួមមាន​ការធ្វើ​អាជ្ញាកណ្តាល​នៅក្នុង​កីឡា​អូឡាំពិក​នា​រដូវក្ដៅ ឆ្នាំនេះ នៅ​ក្រុង Rio និង​ការប្រកួត​បាល់ទាត់​ពិភពលោក​ផ្នែក​ស្ត្រី របស់​សហព័ន្ធ​បាល់ទាត់ FIFA​។​



​ក្តី​ស្រឡាញ់​របស់​អ្នកស្រី Bernadette Kwimbira-Mzika នៅក្នុង​ការធ្វើជា​អាជ្ញាកណ្តាល បានចាប់ផ្តើម​នៅពេលដែល​អ្នកស្រី​បាន​ចូល​កងទ័ព​យោធា​ប្រទេស​ម៉ាឡាវី ធ្វើជា​ទាហាន​ម្នាក់ កាលពី​១៦​ឆ្នាំមុន​។​

​ក្នុងឋានៈ​ជា​ទាហាន​ម្នាក់ នាង​តែងតែ​ទៅ​ចូលរួម​នៅក្នុង​ការប្រកួត​បាត់​ទាត់​។​

«​នៅពេលនោះ រឿង​តែមួយគត់​ដែល​ខ្ញុំ​ដឹង​ពី​បាល់ទាត់ គឺ​រឿង​បាល់​«​អ៊​ក​ហ្សឺ​» នៅពេលដែល​ជំនួយការ​អាជ្ញាកណ្តាល​លើ​ទង់ជាតិ ហើយ​អាជ្ញាកណ្តាល​ម្នាក់ទៀត​បាន​ផ្លុំ​កញ្ចែរ ហើយ​លើកដៃ​ឡើង ចង្អុល​ទៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ទីលាន​។ ខ្ញុំ​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​របស់​អា​ជ្ញា​កណ្តាល​ទាំងនេះ​»​។​

​បច្ចុប្បន្ន ក្នុងឋានៈ​ជា​ម្តាយ​របស់​កូន​ពីរ​នាក់ អ្នកស្រី​កំពុង​បម្រើការ​ជា​លេខា​ម្នា​ក់នៅ​មហាវិទ្យាល័យ​ម៉ាឡាវី ហើយ​អ្នកស្រី​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​សម្រាប់​អ្នក​ទើប​ចាប់ផ្តើម និង​ទទួលបាន​សញ្ញាប័ត្រ​អាជ្ញាកណ្តាល​កម្រិត​ទី​បី​។

​ឥឡូវនេះ អ្នកស្រី​បានធ្វើ​ជា​អាជ្ញាកណ្តាល​បាល់ទាត់​អស់​រយៈពេល​១៤​ឆ្នាំ ហើយ​អ្នកស្រី​មានឈ្មោះ​បោះ​សំឡេង​ទាំង​នៅក្នុង​កម្រិត​ថ្នាក់ជាតិ និង​អន្តរជាតិ​។ នា​ឆ្នាំនេះ អ្នកស្រី Kwimbiri-Mzika បាន​ក្លាយជា​អាជ្ញាកណ្តាល​ស្រី​ជនជាតិ​ម៉ាឡាវី​ដំបូង​គេ​នៅក្នុង​ការធ្វើជា​អាជ្ញាកណ្តាល​នៅ​កីឡា​អូឡាំពិក​។ កាលពី​ឆ្នាំមុន អ្នកស្រី​បានក្លាយ​ជា​ជនជាតិ​ម៉ាឡាវី​ដំបូង​ក្នុង​ការធ្វើជា​អាជ្ញាកណ្តាល​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​ផ្នែក​ស្ត្រី​របស់​សហព័ន្ធ​បាល់ទាត់ FIFA ដែល​ធ្វើឡើង​នៅ​ប្រទេស​កាណាដា​។​

​នៅ​ឆ្នាំមុន​ដូចគ្នានេះដែរ លោកស្រី​ក៏ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ជំនួយការ​អាជ្ញាកណ្តាល​ស​ម្រា​ប់​សម្ព័ន្ធ​បាល់ទាត់​Super League ថ្នាក់​កំពូល​របស់​ប្រទេស​ម៉ាឡាវី​។​

​នៅក្នុង​ឆ្នាំ​២០១៣ អ្នកស្រី Kwimbiri-Mzika បានទទួល​ពានរង្វាន់​អាជ្ញាកណ្តាល​ល្អ​បំផុត​សម្រាប់​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​នៃ​សម្ព័ន្ធ​បាល់ទាត់​អាហ្វ្រិក Elite A សម្រាប់​ទាំង​បុរស និង​ស្ត្រី ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​។

«​ពិតណាស់ ខ្ញុំ​ចង់​ធ្វើដំណើរ​វែងឆ្ងាយ​ទៅមុខ​ជាមួយនឹង​ការធ្វើជា​អាជ្ញាកណ្តាល​បាល់ទាត់​។ ប៉ុន្តែ​និយាយ​ឲ្យ​ត្រង់​ទៅ មិនមាន​ថ្ងៃ​ណាមួយ ដែល​ខ្ញុំ​បាន​ស្រមៃ​ថា​ខ្លួន​ខ្ញុំ​អាច​ឡើង​មកជា​អាជ្ញាកណ្តាល​នៅក្នុង​ការប្រកួត​បាល់ទាត់​ធំៗ ដូចជា​ការប្រកួត​បាល់​ទាត់​ពិភពលោក និង​កីឡា​អូឡាំពិក​ឡើយ​»​។​ជោគជ័យ​របស់​អ្នកស្រី គឺ​មកពី​ការប្រកាន់​ខ្ជាប់​ក្បួនច្បាប់​នៃ​កីឡាបាល់ទាត់​។​

«​នៅក្នុងនាម​ជា​អាជ្ញាកណ្តាល​ល្អ​ម្នាក់ អ្នក​មិនចាំបាច់​ធ្វើជា​មិនដឹង ដូច​មិន​បានឃើញ​អ្វី​ទាំងអស់​នោះទេ នៅពេលដែល​អ្នក​បានឃើញ​ហេតុការណ៍​មួយ​បាន​កើតឡើង​យ៉ាងច្បាស់ ហើយ​មិនត្រូវ​បង្កើត​ក្បួនច្បាប់​របស់​អ្នក​ឡើយ​។ នៅពេលដែល​ហេតុការណ៍​តម្រូវ​ឲ្យ​មានការ​ប្រើ​កាត​លឿង អ្នក​ត្រូវ​ផ្តល់​កាត​ដើម្បី​ព្រមាន​ទៅដល់​កីឡាករ​រូបនោះ​។ ប្រសិនបើ​ហេតុការណ៍​តម្រូវ​ឲ្យ​មានការ​ប្រើ​កាត​ក្រហម អ្នក​ត្រូវ​ឲ្យ​កាត​ក្រហម​ទៅ​ឲ្យ​កីឡាករ​នោះ​»​។​

​អ្នកស្រី​ថ្លែងថា ការធ្វើជា​អាជ្ញាកណ្តាល​ស្រី​នៅក្នុង​ប្រទេសមួយ ដែល​ការវិនិច្ឆ័យ​ក្នុង​វិស័យ​បាល់ទាត់​ត្រូវបាន​គ្របដណ្តប់​ដោយ​បុរស អ្នកស្រី​បាន​រង​នូវ​ការប្រមាថ​ពី​អ្នកគាំទ្រ​កីឡាបាល់ទាត់​រាល់ពេល​ដែល​អ្នកស្រី​ចូល​បំពេញ​តួនាទី​នៅលើ​ទីលាន​។ អ្នកស្រី​បាន​បន្តថា មនុស្ស​មួយចំនួន​បាន​ប្រាប់​អ្នកស្រី​ឲ្យ​ទៅធ្វើជា​អាជ្ញាកណ្តាល​កីឡា​បាល់​គប់​វិញ ដែលជា​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​មួយ​សម្រាប់​ស្រី​នៅ​ប្រទេស​ម៉ាឡាវី​។​

​អ្នកស្រី​គិតថា​នឹងមាន​ការប្រមាថ​ដូចនេះ ប៉ុន្តែ អ្នកស្រី​បាន​និយាយថា «​ខ្ញុំ​មិន​ខ្វល់​សោះឡើយ​ពី​រឿង​នោះ​»​។​

​លោក Madalitso Phiri គឺជា និពន្ធ​នាយក​ផ្នែក​កីឡា​នៅក្នុង​វិទ្យុ Capital ដែលជា​វិទ្យុ​ឯកជន​មួយ​។ លោក​បាន​និយាយថា លោក​បាន​តាមដាន​របៀប​ជា​អាជ្ញាកណ្តាល​របស់​អ្នកស្រី Kwimbira-Mzika ជា​យូរណាស់​មកហើយ​។​

«​ខ្ញុំ​មិនដែល​បានឃើញ​ការប្រកួត​បាល់ទាត់​ណាមួយ ដែល​ត្រូវ​បានបញ្ចប់​ដោយ​ភាពចម្រូងចម្រាស ឬ​អំពើហិង្សា ឬ​ក្រុមបាល់ទាត់​មិន​ភាព​ពេញ​ចិត្តនឹង​សេចក្តីសម្រេច​របស់​អ្នកស្រី​នោះទេ​។ ដូច្នេះ​ការណ៍​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា ស្ត្រី​ម្នាក់នេះ​ដឹង​ពីអ្វី​ដែល​ខ្លួន​ធ្វើ​»​។​

​អ្នកស្រី Kwimbira-Mzika អាយុ ៣៥​ឆ្នាំ និយាយថា វា​ជា​ក្តី​ប្រាថ្នា​របស់​អ្នកស្រី នៅក្នុង​ការរក្សា​កេរ្តិ៍ឈ្មោះ​ជា​អាជ្ញាកណ្តាល​ដ៏​ល្អ​មួយរូប រហូត​ដល់ពេល​អ្នកស្រី​ចូលនិវត្តន៍ ដែល​ប្រហែលជា​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com