ជាតិ
អាជ្ញាធរ ពង្រាយ​បង្គន់​អនាម័យ​ជាង​៤០០ ពេល​បុណ្យអុំទូក
18, Oct 2016 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នឹងដាក់​ពង្រាយ​បង្គន់​អនាម័យ​ជាង​៤០០ នៅ​ទីតាំង​មួយចំនួន នាឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។ ទីតាំង​ទាំងនោះ​មានដូចជា តំបន់​ជុំវិញ​មាត់ទន្លេ សួនច្បារ និង​ទីតាំង​សាធារណៈ​មួយចំនួនទៀត​។ ជាមួយគ្នា​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ត្រៀម​រួចរាល់​ផងដែរ កម្លាំង​ប្រចាំការ​បោសសម្អាត និង​ប្រមូល​សំរាម ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​នេះ​។​



​បង្គន់​អនាម័យ​សរុប​ចំនួន​៤២២ នឹងត្រូវ​ដាក់ពង្រាយ​នៅតាម​ទីតាំង​សំខាន់ៗ​មួយចំនួន នៅក្នុងពេល​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ក​ម្ព​ជា​(AKP) ដែល​បញ្ជាក់​បន្តថា ការពង្រាយ​បង្គន់​អនាម័យ​នេះ គឺ​ដើម្បី​សម្រួល​ដល់​កីឡាករ​ចំណុះ​ទូក និង​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​មួយ​នេះ​។

AKP បាន​ស្រង់​សម្តី​របស់ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ថា ទីតាំង​សំខាន់ៗ​ដែល​ត្រូវ​ដាក់ពង្រាយ រួមមាន​តំបន់​ជុំវិញ​មាត់ទន្លេ​ទាំង​ត្រើយ​ខាងលិច និង​ខាងកើត សួនច្បារ​សាធារណៈ និង​ទីតាំង​សាធារណៈ​សំខាន់ៗ​មួយចំនួនទៀត​។

​លោក សាំ ពិសិដ្ឋ បន្ត​ប្រាប់ AKP ទៀតថា បង្គន់​អនាម័យ​ដែល​ត្រៀម​ដាក់ពង្រាយ​នោះ មាន​បង្គន់​ថ្ម​ដែលមាន​ស្រាប់ បង្គន់​ចល័ត និង​បង្គន់​ជីកដី​ដែល​ដាក់ពង្រាយ​នៅ​សួន​នានា និង​បង្គន់​ជីករណ្តៅ​សម្រាប់​កីឡាករ​អុំទូក​នៅ​ជ្រោយចង្វា​ត្រើយ​ខាងកើត​។ ជាមួយគ្នា​នោះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​នឹង​តុបតែង ភ្លើង​ចម្រុះ​ពណ៌​នៅតាម​ដើមឈើ និង​បង្គោល​ភ្លើង​ផងដែរ ដើម្បី​លើក​សោភ័ណភាព​ក្រុងភ្នំពេញ​។

​ទាក់ទង​នឹង​បញ្ហា​សំរាម​វិញ អាជ្ញាធរ​បាន​ត្រៀមកម្លាំង​ប្រចាំការ​បោសសម្អាត និង​ប្រមូល​សំរាម​តាម​សួនច្បារ​ចំនួន​២៩០​នាក់ ដែល​ចាប់ផ្តើម​បោសសម្អាត​ចាប់ពី​ម៉ោង​១១​យប់ ដល់​ម៉ោង​៨​ព្រឹក​។ នេះ​ជាការ​បញ្ជាក់​របស់លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​រាជធានី​ភ្នំពេញ​។ លោក​បន្តទៀតថា អង្គភាព​របស់លោក បាន​ត្រៀម​កម្មករ​សម្រាប់​បោសសម្អាត ចំនួន​១៧៧​នាក់ រថយន្ត​៧​គ្រឿង កម្មករ​សម្អាត​បង្គន់​៣០​នាក់ និង​សន្តិសុខ​សួន ចំនួន​២០​នាក់​ផងដែរ​។

​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ សម្រាប់​ឆ្នាំ​២០១៦​នេះ នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​១៣-១៥ ខែវិច្ឆិកា​៕

​ប្រភព​៖AKP


Tag:
 អុំទូក​
 ​ អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com