អន្តរជាតិ
ឥណ្ឌូណេស៊ី​បារម្ភខ្លាំង ព្រោះ​ប្រជាជន​ខ្លួន​ច្រើន​នាក់​ត្រឡប់​មកពី​ធ្វើសង្គ្រាម​ជី​ហាត​នៅ​ស៊ី​រី​
18, Oct 2016 , 5:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ជនជាតិ​ឥណ្ឌូណេស៊ី​ជាច្រើន​នាក់​បាន​ត្រឡប់​មកពី​ប្រទេស​ស៊ី​រី​វិញ​ក្រោយ​ចូលរួម​សកម្មភាព​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ដោយ​ពួកគេ​មានបទពិសោធន៍​និង​សមត្ថភាព​ប្រយុទ្ធ​ថែម​ទៀតផង​។ មន្ត្រីប៉ូលិស​ឥណ្ឌូណេស៊ី​បាន​អះអាងថា អាជ្ញាធរ​ឥណ្ឌូនេស៊ី​កំពុង​ព្យាយាម​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ព្រោះ​គេបារម្ភថា ​ប្រជាជនទាំងនេះ​នឹងសហការ​ជាមួយ​ក្រុម​ជ្រុលនិយម​ផ្សេងទៀត​ដើម្បី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​។



​នគរបាលជាតិ​ឥណ្ឌូណេស៊ី​    ​បាន​អះអាងថា ខ្លួន​បានកំណត់​មុខសញ្ញា​ជនជាតិ​ឥណ្ឌូណេស៊ី​ជាច្រើន​នាក់​ដែល​ទើប​ត្រឡប់​មកពី​ស៊ី​រី​វិញ​ក្រោយពេល​ពួកគេ​ចូលរួម​សកម្មភាព​ភេរវកម្ម​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្នងការ​ប៉ូលិស​ឥណ្ឌូនេស៊ី Tito Karnavian បាន​អះអាងថា មនុស្ស​ប្រហែលជា ៤០ នាក់​បាន​ត្រឡប់មក​ឥណ្ឌូនេស៊ី​វិញ ដោយ​ពួកគេ​សុទ្ធតែ​មានបទពិសោធន៍​និង​សមត្ថភាព​ប្រយុទ្ធ ក្រោយ​ពួកគេ​ចំណាយពេល​ច្បាំង​ក្នុង​សង្គ្រាម​ជី​ហាត​នៅ​ស៊ី​រី​។ បើតាម​មន្ត្រីនគរបាល​នេះ​ដដែល អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុក​ចំពោះ​ក្រុម​នេះ ដោយសារ​ឥណ្ឌូនេស៊ី​បារម្ភ​ខ្លាច​ថា ក្រុម​ទាំងអស់នេះ​នឹង​បង្កើត​ទំនាក់​ទំនងជា​មួយក្រុម​ប្រដាប់អាវុធ​ផ្សេងទៀត​ដើម្បី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ពេល​ណាមួយ​។​

​លោក​បាន​ថ្លែងថា​៖«​    ​យើង​កំពុង​តាមដាន​យ៉ាង​ជិតស្និទ្ធ​ចំពោះ​សកម្មភាព​របស់​ពួកគេ ប៉ុន្តែ ពួកគេ​ទាំងនោះ​ក៏​អាច​គេច​ចេញពី​ការតាមដាន​និង​ឃ្លាំមើល​របស់​យើង​ដែរ​។ យើង​ជឿជាក់ថា ពួកគេ​កំពុង​រៀបចំ​ទំនាក់​ទំនងជា​មួយក្រុម​ជ្រុលនិយម​ដទៃទៀត​ដោយ​សម្ងាត់​»​។​

​មន្ត្រីនគរបាល​រូបនេះ​បាន​បន្ត​ពន្យល់​ផងដែរ​ថា មកទល់ពេលនេះ​មនុស្ស​ប្រហែល ១០​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ចាប់ខ្លួន​និង​ស្ថិតក្រោម​ការឃុំ​ឃាំង​។ ចំណែក​អ្នក​ផ្សេងទៀត អាជ្ញាធ​មិនទាន់មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​អះអាងថា​ពួកគេ​ត្រៀម​បើក​ការវាយប្រហារ​បង្ក​គ្រោះថ្នាក់​ឡើយ​។​

​លោក Tito Karnavian បារម្ភ​ខ្លាំង​ពី​ការបន្ត​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​ជ្រុលនិយម​នៅតាម​អន​ឡាញ ហើយ​ប្រជាជន​ឥណ្ឌូណេស៊ី​ជាច្រើន​ជាពិសេស​ក្មេងៗ​នឹងត្រូវ​ពង្វក់ស្មារតី​ដោយសារ​មនោគមន៍វិជ្ជា​នេះដែរ​។ វា​អាច​នឹងមាន​ចលនា​វាយប្រហារ​ផ្សេងទៀត បើសិនជា​គ្មាន​ចំណាត់ការ​ត្រឹមត្រូវ​និង​ទាន់ពេលវេលា​ទេ​។​

​ជារួម ឥណ្ឌូណេស៊ី​ជា​ប្រទេស​មូស្លីម​ធំជាងគេ​លើ​ពិភពលោក ដោយមាន​ប្រជាជន​សរុប ជាង ២៥០​លាន​នាក់​ឯណោះ​។ ប្រជាជន​ស្ទើរតែ​ទាំងស្រុង​អនុវត្ត​និង​គោរព​ប្រតិបត្តិ​សាសនា​ឥស្លាម តែមាន​ប្រជាជន​មួយចំនួន​ជា​ជន​ជ្រុលនិយម​ផងដែរ​។  បើ​យោងតាម​អាជ្ញាធរ ក្រុម​ជ្រុលនិយម​ដែល​គាំទ្រ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ មាន​ចំនួន​រហូតដល់ ១២០០​នាក់​ឯណោះ ហើយ​អ្នក​ដែល​ឆ្លងដែន​ទៅ​ច្បាំង​នៅ​ស៊ី​រី​មាន​រហូតដល់​ជិត ៤០០​នាក់​ថែម​ទៀតផង​។​

​សូម​រំលឹក​ផងដែរ​ថា ជាច្រើន​ឆ្នាំ​មកហើយ​ឥណ្ឌូនេស៊ី រងគ្រោះ​ដោយសារ​ការវាយប្រហារ​ភេរវកម្ម ហើយ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​កើតឡើង​ចុងក្រោយ​បំផុត​នៅ​ខែមករា​កន្លងទៅ​។ ការវាយប្រហារ​ភេរវកម្ម​នេះ​បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ទាំងអស់ ៨​នាក់​ក្នុងនោះ​មាន​ក្រុមគាំទ្រ​រដ្ឋ​ឥស្លាម​ចំនួន ៤​នាក់​ផង​។ កាលពី​ខែសីហា ក្មេងប្រុស​ម្នាក់​វ័យ ១៦ ឆ្នាំ បាន​ព្យាយាម​បំផ្ទុះ​គ្រាប់បែក​ច្នៃ​ខ្លួនឯង នៅ​ក្នុ​វិហារ​គ្រិស្ត​មួយ​នៅ​ក្រុង Medan ប៉ុន្តែ​គ្រាប់​វា​មិន​ផ្ទុះ​។ ហើយ​ក្មេង​នេះ​បាន​កាប់​ចាក់​លើ​បុព្វ​ជិត​សាសនា​គ្រិស្ត​ម្នាក់​ផង បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ប៉ូលិស​រកឃើញថា ក្មេង​នេះ​ជា​អ្នក​ស្មោះស្ម័គ្រ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ហើយ​យុវជន​ម្នាក់នេះ​ព្យាយាម​ស្វែងយល់​ពី​មនោគមន៍វិជ្ជា​ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​៕


Tag:
 Tito Karnavian
  ​ក្រុម​រដ្ឋ​ឥស្លាម​
  ឥណ្ឌូនេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com