អន្តរជាតិ
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ព្រមាន​កាត់ទោស​ប្រទេស​អាហ្វ្រិក​មួយ​បន្ថែមទៀត
18, Oct 2016 , 10:39 pm        
រូបភាព
លោកស្រីរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda
លោកស្រីរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda
ដោយ:
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ហៅថា ICC នៅ​ថ្ងៃទី​១៧ ខែតុលា​ម្សិលមិញ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ជុំវិញ​ហិង្សា​ដែល​បាន​កើតឡើង​នៅ​រដ្ឋធានី​គិ​ន​ស្ហា​សា ថា អាច​នឹង​ធ្លាក់ចូល​សមត្ថកិច្ច​រប​ស់​តុលាការ​ដើម្បី​បើក​ការស៊ើបអង្កេត​។ នេះ គឺជា​សារ​ព្រមាន​ថ្មី​មួយ​ទៀតហើយ​សម្រាប់​ប្រទេស​តំបន់​អាហ្វ្រិក ដែល​កំពុងតែ​ស្ថិតក្រោម​ការតាមដាន​ពី​តុលាការ​ព្រហ្មទណ្ឌ​ស្រាប់​នោះ​។



​លោកស្រី Fatou Bensouda រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោកស្រី ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​ដ៏​ចម្រូងចម្រាស និង​ឧប្បទ្ទវហេតុ​ហិង្សា​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ជាពិសេស​នោះ ព្រឹ​ត្ត​ការណ៍​ដែល​កើតឡើង​នៅក្នុង​រដ្ឋធានី​គីន​ស្ហា​សា នៅ​ខែកញ្ញា​កន្លងទៅ ដោយ​លោកស្រី បញ្ជាក់ថា ហេតុការណ៍​នោះ​អាច​ចាត់ទុក​ក្នុង​ដែន​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។

​លោកស្រី​រដ្ឋអាជ្ញា ក៏បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដែរ​ថា ក្រុមការងារ​របស់លោក​ស្រី កំពុងតែ​តាន​ដាន​ស្ថាន​ភាពជា​មូលដ្ឋាន​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​នោះ ដែលជា​ប្រទេស​ដែល​លោកស្រី អះអាង​ដែរ​ថា តុលាការ បាន​បើក​ការស៊ើបអង្កេត​តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ​។

​លោកស្រី​រដ្ឋអាជ្ញា​រូបនោះ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​រាល់​បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្ត បញ្ជា ញុះញង់ លើកទឹកចិត្ត ឬ ចូលរួម ក្នុង​ឥរិយាបថ​ណាមួយ​ក៏ដោយ គណៈកម្មាធិការ​បទល្មើស​ដែល​ក្រោម​យុត្តាធិការ​តុលាការ នឹង​ទទួលខុសត្រូវ​ដើម្បី​កាត់ទោស​។ ខ្ញុំ នឹងមិន​ស្ទាក់ស្ទើរ​នោះទេ ក្នុងការ​ចាត់វិធានកា​រ​គ្រប់បែបយ៉ាង​ដើម្បី​កាត់ទោស​រាល់​អ្នកទទួល​ខុសត្រូវ​ទាំងអស់​ដោយយោង​តាម​គោលការណ៍​»​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ខែកញ្ញា​កន្លងទៅ មាន​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​រាប់ពាន់នាក់ បាន​ផ្ទុះ​បាតុកម្ម​ប្រឆាំងនឹង​ការពន្យារពេល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​នៅក្នុង​រដ្ឋធានី គីន​ស្ហា​សា ដោយ​ពួកគេ បាន​ចោទ​ប្រកាន់បក្ស​កាន់អំណាច​ថា មាន​ចេតនា​ដើម្បី​រក្សា​តំណែង​ប្រធានាធិបតី​នៃ​ប្រទេស​នោះ​។ បាតុកម្ម​នោះ បានប្រែក្លាយ​ទៅជា​ហិង្សា ក្រោយ​មានការ​បង្ក្រាប​ពី​រដ្ឋាភិបាល​នោះ​។

​តែ​អ្វី​គួរកត់សម្គាល់​នោះ សេចក្តីថ្លែងការណ៍​រប​ស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើ​បញ្ហា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ត្រូវបានធ្វើ​បន្ទាប់ពី តុលាការ ក៏បាន​ព្រមាន​លើ​ប្រទេស​តំបន់​អាហ្វ្រិក​ប៊ូ​រុន​ឌី​ផងដែរ​។ នៅ​ខែមេសា​កន្លងទៅ លោកស្រី​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Fatou Bensouda ក៏បាន​អះអាងថា លោកស្រី​កំពុងតែ​វាយតម្លៃ​ជាបឋម​លើ​ស្ថានភាព​ប៊ូ​រុន​ឌី ដើម្បី​ឈានទៅដល់​ការស៊ើបអង្កេត​ពេញលេញ និង​អាចឈាន​ទៅដល់​ការកាត់ទោស​ជន​ពាក់ព័ន្ធ​នឹង​បទល្មើស​ថែមទៀត​ផង​។​

​តាមពិតទៅ មិនមែន​មានតែ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​ប៊ូ​រុន​ឌី​នោះទេ ដែល​កំពុងតែ​ស្ថិតក្រោម​ការ​តាន​ដាន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ​។ បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​តុលាការ តុលាការ បាននិងកំពុង​តែ​ស៊ើបអង្កេត​លើ​ប្រទេស​អាហ្វ្រិក​ជាច្រើន​រួមមាន អ៊ូ​ហ្គ​ង់​ដា សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កេ​ន​យ៉ា ម៉ាលី កូត​ឌី​វ័រ និង​បណ្តា​ប្រទេស​មួយចំនួន​ផ្សេងទៀត​ផងដែរ​៕


Tag:
 ​អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com