អន្តរជាតិ
ក្រុម​យុទ្ធជន Kurds រាយការណ៍​ពី​ជោគជ័យ​ដំបូងៗ​ក្នុងការ​ប្រយុទ្ធ​យក​ក្រុង Mosul មកវិញ​
19, Oct 2016 , 12:39 pm        
រូបភាព
ដោយ: VOA
​ពួក​មេដឹកនាំ Kurds បាន​រាយការណ៍​អំពី​ជោគជ័យ​ដំបូងៗ​ខ្លះ នៅពេលដែល​កងកម្លាំង​អ៊ីរ៉ាក់ បាន​បើក​ការវាយលុក​នៅលើ​ដី​ដែល​គេ​រង់ចាំ​យូរ​មកហើយ​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​វាយយក​មកវិញ​នូវ​ក្រុង Mosul ពី​ពួក​ជន​សកម្មប្រយុទ្ធរ​ដ្ឋ​ឥស្លាម​។​



​បើតាម​ប្រធានាធិបតី Kurds លោក Masoud Barzani ដែល​បាន​និយាយ​នៅក្នុង​សន្និសីទ កាសែត​មួយ​តាម​ទូរទស្សន៍​ថា​ចាប់តាំងពី​ម៉ោង​៦​ព្រឹក​តាម​ពេលវេលា​ក្នុង​មូលដ្ឋាន «​ផ្ទៃដី​ចំនួន​២០០​គ​.​ម​.​ក្រឡា​បាន​ត្រូវ​រំដោះ​»​ពី​ពួក​រដ្ឋ​ឥស្លាម​។​

​លោក Barzani បាន​មានប្រសាសន៍ថា ក្រុង Mosul នឹងត្រូវ​រំដោះ​ដោយ​លោក​បាន​និយាយ​បន្ថែមថា ពួក​យុទ្ធជន​របស់លោក​កំពុង​ប្រយុទ្ធ​ខ្លាំងក្លា​បំផុត​ដើម្បី​ធ្វើ​កុំឱ្យ​ក្រុង Mosul ក្លាយ​ទី​ជា​ក្រុង Aleppo មួយទៀត ដែលជា​ការនិយាយ​យោង​ដល់​ក្រុង​នេះ​ក្នុងប្រទេស​ស៊ី​រី​ដែលមាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​។​

​កិច្ចប្រតិបត្តិការ​យោធា​នេះ​ជា​កិច្ចប្រតិបត្តិការ​យោធា​ធំ​បំផុត​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ចាប់តាំងពី​កងកម្លាំង​ប្រយុទ្ធ​របស់​ស​.​រ​.​អា​.​បាន​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ាក់ កាលពី​ប្រាំ​ឆ្នាំ​មុននេះ ហើយ​ក៏មាន​កំណើន​កង្វល់​ដែរ​អំពី​សុវត្ថិភាព​នៃ​ជន​ស៊ីវិល​រាប់សែន​នាក់​ដែល​ឋិត​នៅក្នុង​តំបន់​នោះដែរ​។​

​កិច្ចប្រតិបត្តិការ​យោធា​នេះ​មាន​ទាក់ទិន​នឹង​ក្រុម​យុទ្ធជន Kurds ពួក​ប៉ូលិស​សហព័ន្ធ ពួក​យុទ្ធជន​កុលសម្ព័ន្ធ Sunni និង​កងកម្លាំង​ជីវពល Shi'ite ព្រមទាំង​ការវាយប្រហារ​តាម​អាកាស​និង​ការគាំទ្រ​ឯទៀតៗ​ពី​ក្រុមចម្រុះ​ដឹកនាំ​ដោ​យស​.​រ​.​អា​.​ដែល​បាន​យក​ពួក​រដ្ឋ​ឥស្លាម ជាទី​ដៅ​នៃ​ការវាយប្រហារ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ី​រី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​។​ពួក​មន្ត្រី​ស​.​រ​.​អា​.​បាន​ពណ៌នា​បេសកកម្ម​នេះ​ថា​ជា ពេលវេលា​ផ្តាច់​ព្រាត់​មួយ​នៅក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​ពួក​រដ្ឋ​ឥស្លាម​ដែល​បានទទួល​បរាជ័យ​មួយចំនួន​ហើយ​បាន​ប្រមូល​ផ្តុំគ្នា​ដោយ​ភាគច្រើន​នៅក្នុង​តំបន់ Mosul នៃ​ប្រទេស​អ៊ីរ៉ាក់​។ ក៏ប៉ុន្តែ​ពួក​មន្ត្រី​អាមេរិកាំង​ទាំងនេះ​បាន​គូសបញ្ជាក់ថា កិច្ច ប្រតិបត្តិការ​នេះ​អាចមាន​រយៈពេល​ច្រើន​អាទិត្យ​ឬ​យូរ​ជាងនេះទៅទៀត​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com