អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ថា អត្ថាធិប្បាយ​ចុងក្រោយ​របស់​ហ្វីលីពីន​បង្ក​ឲ្យ​មាន​ភាព​ស្រឡាំងកាំង​ទាំង​អាមេរិក និង​ប្រទេស​ក្នុង​តំបន់
25, Oct 2016 , 2:57 pm        
រូបភាព
លោក Daniel Russel (រូបភាព៖ RT)
លោក Daniel Russel (រូបភាព៖ RT)
ដោយ:
 
​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​អាមេរិក​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ជួបពិភាក្សា​ជាមួយនឹង​ប្រមុខ​ការទូត​ហ្វីលីពីន​ដើម្បី​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ពី​សុន្ទរកថា​ចុងក្រោយ​របស់​ប្រធានាធិបតី​ហ្វីលីពីន​ដែល​លើកឡើងថា «​ហ្វីលីពីន ចែកផ្លូវ​ពី​អាមេរិក​»​នោះ​។ ក្នុងជំនួប​ទ្វេភាគី​នោះ បេសកជន​ជាន់ខ្ពស់​អាមេរិក​រូបនោះ បានបញ្ជាក់​ជាថ្មី​ពី​ការមិន​ប្រែប្រួល​នៃ​ជំហរ​ការបរទេស​អាមេរិក​ចំពោះ​ហ្វីលីពីន តែ អាមេរិក នៅតែមាន​ក្តីបារម្ភ​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​ដែលជា​ចំណុច​ប្រទាំង​ប្រទើស​រវាង​ប្រទេស​ទាំងពីរ​។

 
​លោក Daniel Russel ឧបការី​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី​២៤ ខែតុលា បានបញ្ជាក់​ជំហរ​ជាថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងជំនួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក Perfecto Yasay ថា «​អាមេរិក នៅ​ជា​ដៃគូ​ដែល​មិន​ប្រែប្រួល និង​ទុកចិត្តបាន និង​ជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​ហ្វីលីពីន​ដដែល​»​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ហ្វីលីពីន​ដែល​ស្ថិតនៅក្នុង​ទិសដៅ​នៃ​ដំណើរ​ទស្សនកិច្ច​បី​ប្រទេស​រួមមាន​ហ្វីលីពីន ថៃ និង​កម្ពុជា​។ នេះ​បើ​យោងតាម​សុន្ទរកថា​ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ​ក្រសួងការបរទេស​អាមេរិក​។ 
 
​នា​ជំនួប​នោះដែរ លោក​ឧបការី ក៏បាន​ប្រាប់​ភាគី​ហ្វីលីពីន​ឲ្យ​ដឹង​ដែរ​ថា អាមេរិក តែងតែ​គោរព​អធិបតេយ្យ និង​ឯករាជ្យ​របស់​ហ្វីលីពីន​។ លោក ក៏បាន​លើក​ពី​វគ្គ​បណ្តុះបណ្តាល ការកសាង​សមត្ថភាព សម្ភារ​ផ្សេងៗ​របស់​អាមេរិក​កន្លង​មក គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួម​ការពា​រ​ស្វ័យភាព និង​លើកកម្ពស់​សមត្ថភាព​ការពារ​ខ្លួន​ដោយ​ខ្លួនឯង​របស់​ហ្វីលីពីន​នោះឯង​។ 
 
​ដោយ​មិនមាន​ការលាក់លៀម ក្នុងជំនួប​នោះដែរ លោក Russel បាន​ប្រា​ប់លោក Yasay ត្រង់ៗ​យ៉ាង​ដូច្នេះ​ថា «​ការធ្វើ​អត្ថាធិប្បាយ​ដ៏​ចម្រូងចម្រាស​អំពី​ចេតនា​របស់​ហ្វីលីពីន បានបង្កើត​ឲ្យ​មាន​ភាព​ស្រឡាំងកាំង​នៅក្នុង​ប្រទេស​ជាច្រើន​, ដោយ​មិនមែន​តែ​នៅក្នុង​ប្រទេស​របស់ខ្ញុំ និង​ក្នុងចំណោម​រដ្ឋាភិបាល​នោះទេ​»​។ លោក​បន្ថែមថា មានការ​សម្តែង​ការព្រួយបារម្ភ​ជាច្រើន​នៅក្នុង​ចំណោម​សហគមន៍ ដូចជា​សហគមន៍​ហ្វីលីពីន និង​សហគមន៍​សាជីវកម្ម​ជាដើម​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ការធ្វើ​អត្ថាធិប្បាយ​តាមតែ​អារម្មណ៍ និង​ដោយ​គ្មាន​ការបកស្រាយ​ច្បាស់លាស់​នាពេល​ចុងក្រោយ​នេះ​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ លើ​ទំនាក់ទំនង​ជាមួយនឹង​សម្ព័ន្ធមិត្ត​រាប់សិប​ឆ្នាំ «​អាមេរិក​» បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ខ្លាំង​។ ការធ្វើ​អត្ថាធិប្បាយ​នោះ​គឺ​ការប្រកាស​របស់លោក ឌើ​ទើ​តេ ដោយ​លោក លើកឡើងថា លោក សូម​ប្រកាស​ចែកផ្លូវ​ជាមួយនឹង​អាមេរិក​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា ក្នុងពេល​លោក បាន​កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន​នា​សប្តាហ៍​មុន​។ 
 
​ការអត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន រូបនោះ បាន​រាលដាល​ឡើង ក៏​ព្រោះតែ​លោក មិន​សប្បាយ​ចំពោះ​ការរិះគន់​របស់​សហរ​ដ្ឋ​អាមេរិក​លើ​ចំណាត់ការ​បង្ក្រាប​គ្រឿងញៀន​របស់លោក ដោយ​លោក​ប្រធានាធិបតី អះអាងថា អាមេរិក ដឹង​តែ​ពី​រិះគន់ ខណៈ មិនបាន​ជួយ​ខ្លួន​ក្នុងការ​បង្ក្រាប​នោះ​។ 
 
​យ៉ាងណាក៏ដោយ ជុំវិញ​រឿង​បង្ក្រាប​គ្រឿងញៀន​នេះដែរ លោក​ឧបការី Russel ក៏បាន​បកស្រាយ​ឲ្យ​លោក​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​ដឹង​ដែរ​ថា​អាមេរិក តែងតែ​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​ហ្វីលីពីន​ក្នុងការ​ប្រឆាំងនឹង​បទល្មើស​គ្រឿងញៀន តែ​អាមេរិក ក៏​តែងតែ​ឲ្យ​តម្លៃ​លើ​ការគោរព​ច្បាប់ និង​ការគោរព​សិទ្ធិ​របស់​ប្រជាជន​ផងដែរ​៕ 
 
 

Tag:
 អាមេរិក​
  ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com