ជាតិ
អ្នកជំនាញ​កសិកម្ម​ប្រាប់​កសិករ​អំពី​របៀប​ខ្លះ​នៃ​ការដាំ​ដំណាំ​ពេល​មាន​ទឹកជំនន់​
27, Oct 2016 , 7:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្រប​ពេលដែល​ផលិតផល​កសិកម្ម​រួមមាន​ដំណាំ និង​បន្លែ​នៅតាម​ទីផ្សារ​មានតម្លៃ​កើនឡើង​ទ្វេដង ក្រុម​អ្នកជំនាញ​កសិកម្ម ក្រើនរំឭក​ឲ្យ​ប្រជាកសិករ​កម្ពុជា​គប្បី​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការដាំដុះ ចៀសវាង​ផលិតផល​កសិកម្ម​រប​ស់​ពួកគេ​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង​។​



​លោក គា​ម មករា​ឌី ប្រធាន​ផ្នែក​បរិស្ថាន និង​សុខភាព​នៃ​អង្គការ CEDAC បញ្ជាក់ប្រាប់ VOA ថា ការកើនឡើង​នៃ​តម្លៃ​បន្លែ​នា​រដូវវស្សា មិនមែនជា​រឿង​ថ្មី​នោះទេ ជាពិសេស​នៅពេលដែល​ដំណាំ និង​បន្លែ​កសិករ​កម្ពុជា ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ឬ​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​។​

​លោក​ថា ជាទូទៅ​ដំណាំ​បន្លែ​រដូវវស្សា មានតម្លៃ​ខ្ពស់ជាង​ដំណាំ​បន្លែ​រដូវប្រាំង​មួយ​ទ្វេ​ជា​២​ដោយសារ នៅក្នុង​រដូវវស្សា​ផលិតផល​កសិកម្ម​រប​ស់​កសិករ​កម្ពុជា​មិនសូវ​សម្បូរ ហើយ​ការ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង ក៏មាន​ការកើនឡើង​ថែម​ទៀតផង​។ ការណ៍​នេះ បានរួម​ចំណែក​ធ្វើ​ឲ្យ​បន្លែ​ក្នុង​ទីផ្សារ​មានតម្លៃ​ខ្ពស់​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។​

​លោក គា​ម មករា​ឌី ឲ្យ​ដឹងថា​អង្គការ CEDAC បាន​ណែនាំ​ឲ្យ​កសិករ​ពី​របៀប​បង្ការ​ផលិតផល​កសិកម្ម​ពី​ជំនន់​ទឹកភ្លៀង​យ៉ាង​ដូច្នេះ​៖ «​យើង​កំពុង​ជំរុញ​ឲ្យ​កសិករ គាត់​ខិតខំ​ធ្វើ​ការដាំដុះ​នា​រដូវវស្សា ឲ្យ​គាត់​លើក​ជា​ដី​ទួល សម្រាប់​ដាំ​ដំណាំ កុំ​ឲ្យ​មាន​លេច​ទឹក ហើយ​យើង​ឲ្យ​គាត់​ដាំ​ជាមាន​គម្រប​រង​កុំ​ឲ្យ​ភ្លៀង​ត្រូវ​។ ហើយ​បើ​កសិករ​មាន​ទុន​ច្រើន យើង​ក៏​ជំរុញ​ឲ្យ​គាត់​ដាំ​ក្នុង​រង​ប្លា​ស្ទិ​ក​»​។​

​លោក ឆុង សុផល មន្ត្រី​សម្របសម្រួល​សហគមន៍​កសិកម្ម​នៃ​បណ្ដាញ​កសិករ និង​ធម្មជាតិ (FNN) ឲ្យ​ដឹងថា​ជំនន់​ទឹកភ្លៀង​នៅ​ឆ្នាំ​២០១៦​នេះ បាន​ប៉ះពាល់​ដល់ទី​តាំង​សំខាន់ៗ​ដែល​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ក្នុងប្រទេស​។​

«​ទឹកជំនន់​មានន័យថា​យើង​ដាំ​បន្លែ​អត់​បាន​។ វា​ភ្លៀង​ខ្លាំង​ផង ទឹកជំនន់​ផង ដែល​អាច​ប៉ះពាល់​ដល់​បន្លែ ដោយសារ​យើង​ដាំ​ជា​លក្ខណៈ​ធម្មតា​។ អញ្ចឹង​បើសិនជា​ដំណាំ​ខូច ចង់​ឬ​មិន​ចង់វា​ប៉ះពាល់​ដល់​ការដាំដុះ និង​តម្លៃ​»​។​

​លោក​បន្តថា រដ្ឋាភិបាល​កម្ពុជា​គប្បី​មាន​គោលនយោបាយ​ជាក់លាក់ ដើម្បី​ជួយ​ដល់​កសិករ ដូចជា​ការសាងសង់​ប្រព័ន្ធ​បន្លាយ​ទឹកជា​ដើម​។​

«​អញ្ចឹង វា​ទាមទារ​ឲ្យ​រដ្ឋាភិបាល មាន​គោលនយោបាយ​គាំទ្រ​ដល់​កសិករ មាន​ប្រព័ន្ធ​ដាំ​ដុះ​អី​ឲ្យ​ជាក់លាក់ មាន​ប្រព័ន្ធ​បន្លាយ​សម្រាប់​បង្ហូរទឹក​។ អញ្ចឹង​ពេល​មាន​ទឹកភ្លៀង មក​ច្រើន​គាត់​អាច​បង្ហូរ​ទម្លាក់ ទឹកបាន ទើប​ការដាំដុះ​របស់គាត់​អត់​មានអី​ប៉ះពាល់​»​។​

​ប្រជាកសិករ​កម្ពុជា​ដែល​រស់​នៅតាម​បណ្តា​ខេត្ត បានបង្ហាញ​ក្តីបារម្ភ​ប្រាប់ VOA ចំពោះ​ការធ្លាក់​ភ្លៀង​ខ្លាំង​នាពេល​ចុងក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម​របស់​ពួកគេ​។​

​អ្នកស្រី លឹម នូ វ័យ​៣២​ឆ្នាំ ជា​កសិករ​មួយរូប​ក្នុង​ខេត្តកំពង់ស្ពឺ​ថ្លែង​យ៉ាង​ដូច្នេះ​៖ «​ទឹក​លិច​អញ្ចឹង ដល់ពេល​កសិករ គាត់​ដាំ​អត់​បាន ខាត​ច្រើន​ធ្វើ​ឲ្យ​បន្លែ ឡើងថ្លៃ​ខ្លាំង​»​។​

​អ្នកស្រី ហ៊ុយ ថា​រិ​ន វ័យ​៥៩​ឆ្នាំ ជា​កសិករ​មួយរូប​ទៀត​ក្នុង​ខេត្ត​កំពង់​ស្ពី ឲ្យ​ដឹងថា​ភូមិ​របស់​អ្នកស្រី​មិន​ធ្លាប់​ប្រទះ​នឹង​ជំនន់​ទឹកភ្លៀង​ធំ​ដូច​ឆ្នាំនេះ​ទេ ហើយ​នេះ​ជា​មូល​ហេតុដែល​កសិករ​មិនបាន​ត្រៀមខ្លួន​នោះ​។​

«​បន្លែ​នៅ​ស្រុក​ខ្ញុំ​នេះ រលួយ​អស់ហើយ​ក្មួយ​។ ត្រឡាច ធ្លាប់​មួយ​៥០០​រៀល ឥឡូវ​ឡើង​១៥០០​រៀល​។ ប៉ះ​ខ្លាំង លិច​យូរពេក​។ ឥឡូវ​ហ្នឹង ដូចជា​ខ្នុរ​ល្មមៗ​ដុះ​កម្ពស់​យើង​ហ្នឹង ក៏​ងាប់  ទាប​ក៏​ងាប់ ល្ហុង ត្រឡាច​អី ងាប់​អស់ ហើយ​ស្រូវ រលួយ​ទាំង​ឬ​ស »​។​

​លោកស្រី ឲ្យ​ដឹងថា ក្រុមការងារ​របស់​អា​ជ្ញា​ធរ​គ្រោះមហន្តរាយ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះមក​ប្រមូល​ទិន្នន័យ និង​កំពុង​ធ្វើ​របាយការណ៍​ទាក់ទង​នឹង​ការខូចខាត​ផលដំណាំ​នេះ​។​

​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារ​នេះ​ថា នៅពេលដែល​មានទឹក​ជ​ន់​លិច​នៅតាម​តំបន់​ផលិតកម្ម នោះ វា​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​មាន​តិចជាង​តម្រូវការ​ខ្លាំងពេក​។ ហេតុនេះ​ទើប​មានការ​ឡើងថ្លៃ​ចំពោះ​ផលិតផល​កសិកម្ម​នោះ​។​

​លោក ហ៊ាន វណ្ណ​ហ៊​ន ប្រធាន​នាយកដ្ឋាន​ច្រកចេញ​តែមួយ​នៃ​ក្រសួងកសិកម្ម​បាន​ប្រាប់​VOA ថា នា​ថ្ងៃ​អង្គារ​នេះ​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​បាន​ទៅ​ចុះ​ពិនិត្យ និង​វាយតម្លៃ​អំពី​ការខូចខាត ដើម្បី​កំណត់​ជម្រើស​នៃ​អន្តរាគមន៍​។ ក៏ប៉ុន្តែ លោក​ថា ការឆ្លើយតប​ជាក់លាក់​យ៉ាងណា​នោះ ត្រូវ​រង់ចាំ​របាយកាណ៍​ពី​ការវាយតម្លៃ​សិន​។​

«​អញ្ចឹង ក្នុងចំណោម​ដី​ប៉ះពាល់​ទាំងអស់​ហ្នឹង យើង​នឹង​បែង​ចែកជា​៣​។ ទី​១ វា​លូតលាស់​ឡើងវិញ ដោយ​ល្អ​ជាង​មុន​។ ទី​២​លូតលាស់​ឡើងវិញ ដោយ​ផល​ទាប​ជាង​សក្តានុពល​។ ទី​៣ ខូច​ទាំងស្រុង​។ អញ្ចឹង​យើង​នឹង​សម្លឹង​មើលថា យើង​នឹង​គួរ​ជួយ​អី​។ ការវាយតម្លៃ​នេះ មិនអាច​ចុះទៅ​កាលពី​អាទិត្យ​មុនៗ​នោះទេ ព្រោះ​ទឹក​មិនទាន់​ស្រក លទ្ធផល​មិនទាន់​ចេញ​»​។​

​លោក​កែវ វី នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​VOA ថា រដូវវស្សា​ឆ្នាំ​២០១៦​នេះ កម្ពុជា​មិនមាន​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់​ទន្លេមេគង្គ​នោះទេ​។​ក៏ប៉ុន្តែ​ខេត្ត​មួយចំនួន​នៃ​កម្ពុជា​បាន​នឹង​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ជាពិសេស​នា​រយៈពេល​ចុង​ក្រោយនេះ​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ​ជា​បន្តបន្ទាប់​នោះ​។ ខេត្ត​ចំនួន​៨ ដែល​រង​ការប៉ះពាល់​ធ្ងន់ធ្ងរ និង​បាន​បំផ្លាញ​ផលិតផល​កសិកម្ម​រប​ស់​ប្រជាកសិករ​កម្ពុជា រួមមាន ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ត្បូងឃ្មុំ បាត់ដំបង ស្វាយរៀង និង​រាជធានី​ភ្នំពេញ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com