កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ ខេត្តពោធិ៍សាត់​ឈ្នះ​មេដាយមាស​១,​ប្រាក់​១​ពី​ការប្រកួត​បើកឆាក​កីឡា​ចំបាប់​
01, Nov 2016 , 10:35 am        
រូបភាព
ដោយ:
​ខេត្តពោធិ៍សាត់​បានឈ្នះ​មេដាយមាស​១ និង​ប្រាក់​១​ពី​ការប្រកួត​បើកឆាក​កីឡា​ចំបាប់​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១(National Games) កាលពី​ថ្ងៃទី​៣១ ខែតុលា នៅ​អគារ​ដំបូង​ទូក​ស្លាប​ខាងស្តាំ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ មេដាយមាស​១ និង​ប្រាក់​១​នេះ​បានធ្វើ​ឲ្យ​ខេត្តពោធិ៍សាត់​ឈរ​លំដាប់​លេខ​១​លើ​ខេត្ត​ចំនួន​៤​ផ្សេងទៀត​ក្នុង​តារាង​មេដាយ​។

 


​កីឡាករ​មកពី​ខេត្តពោធិ៍សាត់ ធន ធី និង ម៉ុ​ល រស្មី បានឈ្នះ​មេដាយមាស និង​ប្រាក់​ម្នាក់​មួយ​ពី​ការប្រកួត​បើកឆាក​កីឡា​ចំបាប់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ កាលពី​ថ្ងៃទី​៣១ ខែតុលា នៅ​អគា​ដំបូលទូក​ស្លាប​ខាងស្តាំ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ មេដាយមាស​១​របស់​កីឡាករ ធន ធី ដណ្តើមបាន​លើ​វិញ្ញាសា​ចំបាប់​បុរាណ​ទម្ងន់​៥៥​គីឡូក្រាម ឬ​ឯ​មេដាយប្រាក់​១​របស់ ម៉ុ​ល រស្មី ដណ្តើមបាន​លើ​វិញ្ញាសា​ចំបាប់​សម័យ​ទម្ងន់​៥៥​គីឡូក្រាម​ដូចគ្នា​។​

​ការដណ្តើម​បាន​មេដាយ​ម្នាក់​១​របស់​កីឡាករ​ទាំងពីរ​នេះ​បានធ្វើ​ឲ្យ​ខេត្តពោធិ៍សាត់​ឈរ​លំដាប់​កំពូល​ជា​បណ្តោះអាសន្ន​ក្នុង​តារាង​មេដាយ ខណៈ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ឈរ​លេខ​រៀង​ទី​២​ស្ទួន បន្ទាប់ពី​ដណ្តើមបាន​មេដាយមាស​១ និង​សំរឹទ្ធ​២​ដូចគ្នា​។​

​ជាមួយគ្នានេះ មេដាយមាស​របស់​រាជ​ធានី​ភ្នំពេញ​រកបាន​ដោយ​កីឡាករ អេង ផានិត លើ​វិញ្ញាសា​ចំបាប់​សម័យ​ទម្ងន់​៦០​គីឡូក្រាម ឬ​ឯ​មេដាយ​សំរឹទ្ធ​ទាំងពីរ​រកបាន​លើ​វិញ្ញាសា​ចំបាប់​បុរាណ និង​សម័យ​ទម្ងន់​៥៥​គីឡូក្រាម​ដោយ​កីឡាករ សឿន សុភា​ស់ និង ច្រាយ ប្រុស​។​

​ចំណែក​មេដាយមាស​រប​ស់​ខេត្តកណ្តាល​រកបាន​លើ​វិញ្ញាសា​ចំបាប់​សម័យ​ទម្ងន់​៥៥​គីឡូក្រាម​ដោយ​កីឡាករ យន់ ប៊ុណ្ណា ឬ​ឯ​មេដាយ​សំរឹទ្ធ​ទាំងពីរ​ដណ្តើមបាន​ដោយ​កីឡាករ ភឹប ភា​រ៉ូ​ត និង​កីឡាករ យ៉ិ​ន យឿន លើ​វិញ្ញាសា​ចំបាប់​បុរាណ​ទម្ងន់​៥៥​គីឡូក្រាម និង​ចំបាប់​សម​ថ័យ​ទម្ងន់​៦០​គីឡូក្រាម​។

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​លើ​ប្រភេទ​កីឡា​ចំបាប់​មាន​កីឡាករ​កីឡាការិនី​ចូលរួម​ចំនួន​៥៧​នាក់​(​ស្រី​១២​នាក់​) មកពី​ខេត្ត​-​រាជធានី​ចំនួន​៥ ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ​, ខេត្តកណ្តាល​, ពោធិ៍សាត់​, ព្រៃវែង និង​ខេត្តកំពង់ឆ្នាំង​៕


Tag:
 កីឡា​ជាតិ​លើក​ទី​១
  ចំបាប់​
  ខេត្តពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com