អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ដាក់​កូន​បីនាក់​ក្នុង​ក្រុមការងារ​អន្តរកាល ឯ​លោក Mike Pence ជា​ប្រធាន​
12, Nov 2016 , 3:36 pm        
រូបភាព
ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី ដូ​ណា​ល់ ត្រាំ បានដាក់​កូនប្រុស​ស្រី​បីនាក់ និង​កូនប្រសារ​ប្រុស​ម្នាក់ ទៅក្នុង​សមាសភាព​ថ្មី​នៃ​ក្រុមការងារ​អន្តរកាល​ទទួលបន្ទុក​ផ្ទេរអំណាច​។ ដោយឡែក​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត Mike Pence នឹង​ក្លាយជា​ប្រធាន​ក្រុមការងារ​នេះ ខណៈ​មនុស្ស​ស្មោះត្រង់​នឹង​លោក​ជាច្រើន​នាក់ ក៏ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុមការងារ​នេះដែរ ហើយ​គេ​រំពឹងថា អ្នក​ទាំងអស់នេះ ក៏​នឹងមាន​ឈ្មោះ​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​របស់លោក​ដែរ​។​

 
​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ឲ្យ​អនុ​ប្រធានាធិបតី Mike Pence ដឹកនាំ​ក្រុមការងារ​អន្តរកាល ដែល​ជួយ​លោក​ក្នុង​ការបង្កើត​គោលនយោបាយ ជំនួស​ប្រធាន​ចាស់​លោក Chris Christie ដែលជា​អភិបាលរដ្ឋ New Jersey ។ ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​រូបនេះ បាន​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ក្រុមការងារ​អន្តរកាល ក្រោយ​ប្រជាជន​អាមេរិក​រាប់សិប​ពាន់​នាក់ ធ្វើបាតុកម្ម​មិន​ទទួលស្គាល់​លោក ជា​ប្រធានាធិបតី​ឡើយ​។​
 
​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១១ ខែវិច្ឆិកា លោក ដូ​ណា​ល់ ត្រាំ ក៏បាន​តែងតាំង​មនុស្ស​សំខាន់​ជាច្រើន​នាក់ ជា​អនុប្រធាន​ក្រុមការងារ​នេះដែរ​។ លោក Christie អតីត​បេក្ខជន​ប្រធានាធិបតី​ជុំ​ដំបូង Ben Carson អតីត​ប្រធានរដ្ឋសភា Newt Gingrich លោក​ឧ​ត្ត​ម​សេនីយ៍ Michael Flynn អតីត​អភិបាលក្រុង​ញូវយ៉ក Rudy Giuliani, និង​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Alabama Jeff Sessions សុទ្ធសឹង​ជា​អនុប្រធាន​ក្រុមការងារ​នេះ​ទាំងអស់​។​
 
​លើសពីនេះ សេដ្ឋី​អចលនទ្រព្យ​រូបនេះ ក៏បាន​បញ្ចូល​កូនប្រុស​ស្រី​បីនាក់ និង​កូនប្រសារ​ប្រុស​ម្នាក់ទៀត ជា​សមាជិក​ក្រុមការងារ​នេះដែរ​។ កូនៗ​លោក​ទាំង​បួន សុទ្ធតែ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​នាពេល​កន្លងមក​។ ក្រៅពីនេះ ឥស្សរជន​តំណែង​ខ្ពស់ៗ​ក្នុង​ជួរ​បក្ស​សាធារណរដ្ឋ ក៏ដូចជា​មនុស្ស​ជំនិត​របស់លោក​ជាច្រើន​នាក់ ក៏មាន​ឈ្មោះ​ក្នុង​ក្រុមការងារ​នេះដែរ​។ នេះ​បើ​យោងតាម​កាសែត The New York Times​។​
 
​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ ក៏បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​Twitter ជុំវិញ​ការជ្រើសរើស​បេក្ខភាព​នានា​សម្រាប់​តំណែង​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​លោក ដោយ​លោក​នឹងធ្វើ​ការសម្រេចចិត្ត​យ៉ាង​ធំ​មួយ​។ អនាគត​ប្រធានាធិបតី​វ័យ​៧០​រូបនេះ នឹងត្រូវ​មានការ​ងារ​ច្រើន ជាពិសេស​ការ​សំឡឹងមើល​បេក្ខជន​រដ្ឋមន្ត្រី​ដែល​សក្តិសម និង​សមាជិក​ព្រឹទ្ធសភា​តែម្ដង​។​
 
​សមាជិក​ភាគច្រើន​នៃ​ក្រុមការងារ​ផ្ទេរអំណាច​ខាងលើ និង​មនុស្ស​ជំនិត​មានសង្ឃឹម​ខ្ពស់​ក្នុង​ការទទួល​តំណែង​រដ្ឋមន្ត្រី​។ មកទល់ពេលនេះ ក៏មាន​ការ​ផ្គូរ​ផ្គង​មួយចំនួន​លើ​តួនាទី​រដ្ឋាភិបាល​រួចហើយ​ដែរ បើទោះជា​ប្រធានាធិបតី ត្រាំ មិនទាន់​ប្រកាស​ផ្លូវការ​ក៏ដោយ​។ លោក Steven Mnuchin ប្រធាន​ហិរញ្ញវត្ថុ​របស់លោក ត្រាំ ទំនង​ក្លាយជា​រដ្ឋ​ហិរញ្ញវត្ថុ​ថ្មី ឯ​ប្រធាន​គណៈកម្មាធិការ​ការបរទេស​បក្ស​សាធារណរដ្ឋ Bob Corker មានលទ្ធភាព​ច្រើន​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី ប៉ុន្តែ​កូនៗ​របស់លោក ត្រាំ មិនទាន់​ការ​ផ្គូរ​ផ្គង​អ្វី​នៅឡើយ​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com