អន្តរជាតិ
Kissinger៖ កុំ​សង្ឃឹមថា ដូ​ណា​ល់ ត្រាំ ធ្វើ​គ្រប់យ៉ាង​តាម​ការសន្យា​ក្នុងពេល​ឃោសនា​
21, Nov 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Henry Kissinger បាន​លើកឡើងថា គ្រប់គ្នា​មិនគួរ​សង្ឃឹម​ខ្លាំង​ថា លោក ដូ​ណា​ល់ ត្រាំ អនុវត្តតាម​អ្វីដែល​លោក​បានលើកឡើង​ក្នុងពេល​ឃោសនា​ឡើយ​។ តែ​អ្នកការទូត​ជើងចាស់​រូបនេះ​យល់ថា រដ្ឋបាល​ថ្មី​ត្រូវ​ប្រឹងប្រែង​អភិវឌ្ឍ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ដែល​អាចឆ្លើយតប​តម្រូវ​ការ​ប្រជាជន​និង​ស្របតាម​គោលនយោបាយ​ការបរទេស​អាមេរិក​ផង​។​



«​គេ​មិនគួរ​រំពឹង​ខ្លាំង​ទេ​ថា លោក ដូ​ណា​ល់ ត្រាំ នឹងធ្វើ​តាម​អ្វី​គ្រប់យ៉ាង​ដែល​លោក​បាន​សន្យា​ក្នុងពេល​ឃោសនា​»​។ នេះ​ជាការ​លើកឡើង​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Henry Kissinger ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន CNN ក្រោយពេល​លោក ជួប​ជាមួយ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ដូ​ណា​ល់ ត្រាំ សប្តាហ៍​មុន​។

​លោក Kissinger បាន​លើកឡើងថា​៖« គេ​មិនគួរ​រំពឹងថា ដូ​ណា​ល់ ត្រាំ​នឹង​រក្សា​ជំហរ​គ្រប់យ៉ាង​ដែល​លោក​លើកឡើង​ក្នុងពេល​ឃោសនាបោះឆ្នោត​ឡើយ​»​។

​លោក​អះអាងថា វា​ជា​រឿង​ខុសឆ្គង និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផង ដែល​គ្រប់គ្នា​ទាមទារ​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ធ្វើ​រឿង​គ្រប់យ៉ាង​ដែល​គេ​បានលើកឡើង​ក្នុងពេល​ឃោសនា ស្រប​ពេលដែល​បរិបទ​ពិភពលោក​មានការ​ប្រែប្រួល​ខ្លាំង​នោះ​។

​ហើយ​មន្ត្រីការទូត​ដ៏​ល្បីល្បាញ​វ័យ ៩៣​ឆ្នាំ រូបនេះ​ក៏​ផ្តល់​អនុ​សាស្ត្រ​ចំពោះ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​នឹង​ចាប់ផ្តើម​កាន់អំណាច​នៅ​ដើមឆ្នាំ​ក្រោយ​ដែរ​។ លោក​ថា អ្វីដែល​លោក ដូ​ណា​ល់ ត្រាំ ធ្វើ​គឺ​បន្ត​អភិវឌ្ឍ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​របស់ខ្លួន​ដែលមាន​និរន្តរភាព និង​អាចបំពេញ​តាម​តម្រូវការ​របស់​ប្រជាជន និង​អាច​ស្របតាម​គោលការណ៍​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​អាមេរិក​នោះ​។​

​កាលពី​សប្តាហ៍​មុន លោក Henry Kissinger បាន​ជួបពិភាក្សា​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ រួចរាល់​ហើយ ដោយ​អ្នក​ទាំងពីរ​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​គោលនយោបាយ​ការបរទេស​អាមេរិក​។ ក្រោយ​ជំនួប​នេះ លោក Kissinger បាន​អះអាងថា លោក ដូ​ណា​ល់ ត្រាំ ជា​អ្នកនយោបាយ​មួយរូប​ដែល​ប្លែក​ពី​គេ ហើយ​ប្លែក​ជាង​អ្នកណា​ទាំងអស់​ដែល​លោក​ធ្លាប់​ជួប​ដែរ​។ លោក ដូ​ណា​ល់ ត្រាំ ពិសេស​ជាងគេ​ដោយសារ​លោក​លោក​មិន​ជាប់​កាតព្វកិច្ច​ចំពោះ​ក្រុម​ណាមួយ ហើយ​លោក​ឈ្នះ​តំណែង​ប្រធានាធិបតី​ដោយសារ​ខ្លួនឯង និង​ដោយសារ​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​នោះ​។ 

​លោក Henry Kissinger មាន​វ័យ ៩៣​ឆ្នាំ​។​លោក​ធ្លាប់​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រីការបរទេស​និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ក្រោម​អាណត្តិ​ប្រ​ធានា​ធិ​ប​តិ Richard Nixon និង Gerald Ford  ហើយ​លោក​ឈ្នះ​ពានរ​ង្វ​ល់​ណូបែល​សន្តិភាព​នៅក្នុង​ឆ្នាំ ១៩៧៣ ដោយសារ​ការប្រឹងប្រែង​របស់លោក​ដើម្បី​បញ្ចប់សង្គ្រាម​វៀតណាម​។ រាល់​អ្នកនយោបាយ​អាមេរិក​ដែល​ឡើងកាន់​អំណាច​សុទ្ធតែ​សុំ​ប្រឹក្សា​យោបល់​ជាមួយ​លោក​លើ​បញ្ហា​យុទ្ធសាស្ត្រ​អន្តរជាតិ​និង​នយោបាយ​ការបរទេស​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com