អន្តរជាតិ
ការសិក្សា​មួយ​បាន​បង្ហាញថា​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ការយកពន្ធ​ស្ករ​
22, Nov 2016 , 7:39 am        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន​៖ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ គឺជា​ជំងឺមិនឆ្លង​តាម​ការប្រាស្រ័យ​ទាក់ទង​គ្នា​ដែល​កំពុង​រីកដុះដាល​យ៉ាងខ្លាំង​ក្នុង​ពិភពលោក​។ ជំងឺ​នេះ​បណ្តាល​ឲ្យ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ខុសពី​ធម្មតា ដែល​អាច​នាំទៅរក​ជំងឺ​បេះដូង ពិការ​អវយវៈ បាត់បង់​ចក្ខុវិញ្ញាណ ឈឺចាប់​សរសៃប្រសាទ និង​ជំងឺ​ជាច្រើន​ទៀត​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​នៃ​របៀប​រស់នៅ​របស់​ម​នុស្ស ដូចជា​ការធ្វើ​លំ​ហាត់ប្រាណ និង​ការទទួល​របប​អាហារ​ប្រសើរ​ជាង​មុន អាចធ្វើ​ឲ្យ​មាន​ផល​វិជ្ជមាន​យ៉ាងច្រើន​។​



​ប្រទេស​ម៉ិ​ក​ស៊ិ​ក កំពុង​ព្យាយាម​ធ្វើ​ឲ្យ​របប​អាហារ​សម្រាប់​ប្រជាជន​របស់ខ្លួន​កាន់តែ​ប្រសើរ ដោយបាន​យកពន្ធ​លើ​ភេសជ្ជៈ​ទាំងឡាយណា​ដែលមាន​ជាតិ​ស្ករ​។ ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ពន្ធ​លើ​ផលិតផល​មាន​ជាតិ​ស្ករ​ទាំងនោះ​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នេះ​បាន​យ៉ាងច្រើន ក៏ដូចជា​ការស្លាប់​ដោយ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ដាច់​សរសៃឈាម​បេះដូង​។​

​រដ្ឋាភិបាល​ម៉ិ​កសិក បានកំណត់​យកពន្ធ​១០​ភាគរយ​លើ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​ក្នុង​ឆ្នាំ​២០១៤​។ នេះ​ជាការ​ព្យាយាម​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ជ្រើស​យក​ជម្រើស​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​មាន​សុខ​ភាពល្អ ដោយសារតែ​ប្រទេស​នេះ​មានការ​កើតឡើង​ខ្លាំង​នៃ​ករណី​លើស​ទម្ងន់ រួមទាំង​ការ​រាតត្បាត​នៃ​ជំងឺ​ទឹកនោមផ្អែម​។​

​លោកស្រី Kirsten Bibbins-Domingo សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ California San Francisco បាន​ដឹកនាំ​ការសិក្សា​មួយ​ស្តីពី​ផលប្រយោជន៍​ចម្បង​ចំពោះ​សុខភាព​កើតចេញពី​ការ​ការបង់ពន្ធ​។ អ្នកស្រី​និយាយថា ការយកពន្ធ​នេះ​បានផ្តល់​ផល​ដ៏​ធំធេង​រួចមកហើយ​។​

«​ការ​ជាវ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​បាន​ធ្លាក់ចុះ ១២ ភាគរយ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​»​។​

​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ការកាត់បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​អាចធ្វើ​ឲ្យ​សុខភាព​មាន​ភាពប្រសើរឡើង ជាពិសេស​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​។ លោកស្រី​សាស្ត្រាចារ្យ Bibbins-Domingo និយាយថា លោកស្រី​រំពឹងថា​ការកាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ​នេះ​នឹង​កើត​មាននៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

«​យើង​រំពឹងថា ករណី​ជំងឺ​ទឹកនោមផ្អែម​ប្រហែល​២០០.០០០​ករណី​នឹង​លែង​កើតមាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ ប្រសិនបើ​ការបន្ថយ​ការទទួល​ទាន​ជាតិ​ផ្អែម​នៅតែ​បន្ត ដែលជា​ការរួមចំណែក​ដោយសារតែ​ការតំឡើង​ពន្ធ​នេះ​។ ហើយ​នេះ​ក៏​ជា​ប្រយោជន៍​ដ៏​ធំ​មួយ​ចំពោះ​សុខភាព ថែមទាំង​អាច​សន្សំ​ថវិកា​បាន​ច្រើន​ទៀតផង​។ ថិ​វ​កា​ប្រហែល ១​ពាន់​លាន​ដុល្លារ ទំនងជា​ត្រូវបាន​សន្សំ ដោយសារតែ​ការកាត់បន្ថយ​ការចំណាយ​សម្រាប់​ថែទាំ​ង​សុខភាព​»​។​

​ប៉ុន្តែ​ការដាក់​ពន្ធ​លើ​ទំនិញ មិន​ថា​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ឬ​នៅ​សហរដ្ឋអាមេរិក​ទេ គឺ​មិនសូវ​ជាមាន​ប្រជាប្រិយភាព​ឡើយ​»​។​

​លោកស្រី​សាស្ត្រាចារ្យ​បាន​ពន្យល់ថា​៖ «​ដូច្នេះ ការតវ៉ា​ប្រឆាំងនឹង​ការបង់ពន្ធ​នេះ ពិតជា​កើតមាន​ជាមិនខាន​។ ប្រជាជន​មិន​ចូលចិត្ត​បង់ពន្ធ​នោះទេ ហើយ​ច្បាស់​ណាស់ សមាគម​ភេសជ្ជៈ​អាមេរិក បាន​តវ៉ា​ប្រឆាំងនឹង​ពន្ធអាករ​នានា​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​យើង​គួរតែ​ដឹង​ដែរ​ថា អង្គការ​សុខភាព​ពិភពលោក​ក៏បាន​បញ្ចេញ​របាយការណ៍​មួយ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ដែល​បង្ហាញ​ពី​ទីកន្លែង​ដែល​បាន​អនុវត្ត​ការយកពន្ធ​ទាំងនេះ​។ របាយការណ៍​នោះ​បង្ហាញថា ការយកពន្ធ​បែបនេះ​ជា​ឧបករណ៍​សំខាន់​ដើម្បី​ជួយ​ពួកយើង​ទប់ទល់​ការកើនឡើង​នៃ​ជំងឺ​ទឹកនោមផ្អែម​ទូទាំង​ពិភពលោក​»​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អនុម័ត​ពន្ធ​លើ​ភេសជ្ជៈ​សូ​ដា ទទួលបាន​លទ្ធផល​ផ្សេងៗ​គ្នា​នៅតាម​ទីក្រុង​នានា​ក្នុង​សហរដ្ឋអាមេរិក​។ ក្រុម​អ្នក​រិះគន់ ជាពិសេស​ឧស្សាហកម្ម​ភេសជ្ជៈ​និយាយថា វា​អាច​ផ្តល់​ផល​អាក្រក់​ចំពោះ​សេដ្ឋកិច្ច​ក្នុងស្រុក​។​

​លោកស្រី​សាស្ត្រាចារ្យ Bibbins-Domingo បាន​ព្រមាន​ថា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មិនមែន​ត្រឹមតែ​ជា​បញ្ហា​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ​។​

«​ជំងឺ​ទឹកនោមផ្អែម គឺជា​បញ្ហា​សម្រាប់​ពិភពលោក​ទាំងមូល​។ អត្រា​នៃ​ជំងឺ​នេះ​បាន​កើន​ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​លើ​សាកលលោក​។ ប្រទេស​ម៉ិ​ក​ស៊ិ​ក ក៏​កំពុងមាន​បញ្ហា​ខ្លាំង​ជាមួយនឹង​ជំងឺ​ទឹកនោមផ្អែម​នេះ​។ ប្រទេស​នេះ​មាន​អត្រា​ជំងឺ​ទឹកនោមផ្អែម​ខ្ពស់បំផុត​នៅ​ទ្វីបអាមេរិក ហើយ​ប្រទេស​នេះ​ក៏មាន​អាត្រា​ខ្ពស់បំផុត​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផងដែរ​»​។​

​កាលពីមុន នៅ​សហរដ្ឋអាមេរិក ក្នុងចំណោម​យុវជន​១១​នាក់ មាន​ម្នាក់​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ដែល​ឈានទៅរក​ការកើត​ជំងឺ​ទឹកនោមផ្អែម​។ បច្ចុប្បន្ននេះ ចំនួន​កុមារ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​បាន​កើន​ដល់​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់​។​

​លោកស្រី​សាស្ត្រាចារ្យ Bibbins-Domingo បាន​ពន្យល់ថា​៖ «​នេះ​គឺ​ដោយសារតែ​ឥរិយាបថ​របស់​បុគ្គល​ម្នាក់ៗ ហើយក៏​ដោយសារតែ​បរិស្ថាន​ជុំវិញ​ដែរ ដូចជា​បរិស្ថាន​ចំណីអាហារ​ដែល​ពួកយើង​រស់នៅ ដែលជា​បរិស្ថាន​សម្បូរ​ទៅដោយ​អាហារ​កំប៉ុង​មាន​ជាតិ​ស្ករ​ខ្ពស់​។ វា​ជា​ទំនួល​ខុសត្រូវ​របស់​សង្គម​យើងទាំងអស់គ្នា​។ នេះ​ជា​ស្ថានភាព​ដែល​យើង​ពិតជា​អាច​ការពារ​បាន​»​។​

​ប្រទេស​កាន់តែច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​យកតម្រាប់​តាម​របប​អាហារ​បែប​បស្ចិមប្រទេស ដែលជា​រឿយៗ​សម្បូរ​ទៅដោយ​ជាតិ​ស្ករ សារធាតុ​ធ្វើ​ឲ្យ​ធាត់​និង​អំបិល​។ អង្គការ​សុខភាព​ពិភពលោក​និយាយថា ទម្លាប់​របប​អាហារ​ទាំងនោះ​បាន​នាំ​ឲ្យ​មាន​ជំងឺមិនឆ្លង បូករួម​និង​កង្វះ​លំ​ហាត់ប្រាណ ការប្រើប្រាស់​ថ្នាំជក់​និង​ការសេព​គ្រឿង​ស្រវឹង​លើស​កម្រិត​។ ជំងឺ​ទាំងនោះ​រួមមាន ជំងឺ​ទឹកនោមផ្អែម មហារីក ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ផ្លូវដង្ហើម​។ ជំងឺ​ទាំងនេះ​បានសម្លាប់​មនុស្ស ៣៨​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។​

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​វ័យក្មេង កើតមាន​នៅពេល​លំពែង​អាច​ផលិត​ជាត់​អាំង​ស៊ុយ​លីន​បាន​តិចតួច ឬ​មិនអាច​ផលិត​បានតែ​ម្តង សម្រាប់​ត្រួតពិនិត្យ​ជាតិ​ឃ្លុយកូស ដែលជា​ជាតិ​ស្ករ​ចម្បង​សម្រាប់​ផលិត​ថាមពល​។ មូលហេតុ​ពិតប្រាកដ​មិនត្រូវ​បាន​គេ​ដឹង​នោះទេ​។ ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​នេះ​រួម​មានការ​ទទួលទាន​ថ្នាំ​ដែលមាន​សារធាតុ​អាំង​ស៊ុយ​លីន​ជា​រៀងរាល់ថ្ងៃ​។​

​នៅ​សហរដ្ឋអាមេរិក ខែវិច្ឆិកា គឺជា​ខែ​ដែល​គេ​ប្រារព្ធ​កម្មវិធី​យល់ដឹង​អំពី​ជំងឺ​ទឹកនោមផ្អែម​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com