អន្តរជាតិ
កម្ពុជា​ក្លាយជា​ប្រទេស​គំរូ​ដែល​ជំរុញ​ប្រជាជន​សហគមន៍​ចូលរួម​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​
21, Nov 2016 , 9:39 pm        
រូបភាព
មន្ត្រី​ជំនាញ​បរិស្ថាន​និង​សត្វព្រៃ​អះអាងថា កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេសមួយ​ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​លើកស្ទួយ​ការចូលរួម​របស់​សហ​គម​ន៍​មូលដ្ឋាន​ក្នុងការ​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។  ប្រទេស​ក្នុង​តំបន់​គួរ​ដើរ​តាម​កម្ពុជា​ដើម្បី​ចូលរួម​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ទាំងអស់គ្នា​។



​ការជំរុញ​ការចូលរួម​របស់​សហ​គម​ន៍​នៅតាម​មូលដ្ឋាន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​នៅក្នុង​តំបន់ បន្ថែម​ពីលើ​ការអនុវត្ត​ច្បាប់ ជា​អ្វីដែល​ពិភពលោក​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​។ កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេសមួយ​ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​លើកស្ទួយ​ការចូលរួម​របស់​សហ​គម​ន៍​ក្នុងការ​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ​។

​យោងតាម​សារព័ត៌មាន Vietnam News លោក Thomas Neill Edward Gray ប្រធាន​អង្គការ​សម្ព័ន្ធ​វិទ្យាសាស្ត្រ​សត្វព្រៃ (Science Wildlife Alliance) បានលើកឡើង​ក្នុង​សន្និសីទ​ក្រុង​ហាណូយ​ស្តីពី​«​អា​ជី​កម្ម​សត្វព្រៃ​ខុសច្បាប់​»​ថ្ងៃ ១៦​វិច្ឆិកា​ថា គោលនយោបាយ​ជំរុញ​សហគមន៍​នៅតាម​មូលដ្ឋាន​ឲ្យ​ចូលរួម​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា ហើយ​លោក​ក៏​ជំរុញ​វៀតណាម​យក​គម្រូ​តាម​កម្ពុជា​ចំពោះ​ការអនុវត្ត​ផែនការ​នេះ​។

​វៀតណាម បាន​ក្លាយជា​ទីផ្សារ​ធំជាងគេ​មួយ​នៃ​អាជីវកម្ម​សត្វព្រៃ​ខុសច្បាប់ ហើយ​ប្រទេស​នេះ​កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​និង​ប្រទេស​ជា​ដៃគូ​ក្នុង​តំបន់​ដើម្បី​ជំរុញ​ការប្រយុទ្ធប្រឆាំង​អាជីវកម្ម​សត្វព្រៃ​នេះ​។ កន្លងមក​ប្រទេស​នេះ​ផ្តោត​សំខាន់​តែ​លើ​ការអនុវត្ត​ច្បាប់​តែមួយ​មុខ​ប៉ុណ្ណោះ​។ 

​តាមពិតទៅ ប្រជាជន​តាម​សហគមន៍​រស់នៅ​ជិតស្និទ្ធ​ជាមួយ​បរិស្ថាន សត្វព្រៃ​និង​ព្រៃឈើ​។ ដូច្នេះហើយ​វា​ជា​រឿង​ចាំបាច់​ណាស់​សម្រាប់​ដែល​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ឲ្យ​ពួកគាត់​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​ការជួញដូរ​សត្វព្រៃ​។ ជារួម គោលនយោបាយ​ជំរុញ​ការចូលរួម​របស់​សហ​គម​ន៍​មូលដ្ឋាន​នេះ គឺ​ផ្តោតលើ​ការ ណែនាំ​ឲ្យ​ប្រជាជន​ដឹង​ពី​ប្រយោជន៍​នៃ​សត្វព្រៃ ដោយ​បង្កើតជា​តំបន់​អេកូ​ទេសចរណ៍​ដែល​អាចជួយ​ទ្រទ្រង់​ជីវភាព​ពួកគេ​បានយូរ​អង្វែង​។ ហើយ​វា​ក៏​ជំរុញ​ឲ្យ​ពួកគាត់​ចូលរួម​គាំទ្រ​ការអនុវត្ត​ច្បាប់​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​នេះដែរ​។

​ទាក់ទិន​បញ្ហា​នេះដែរ ឧបការី​ក្រសួងយុត្តិធម៌​អាមេរិក​ទទួលបន្ទុក​ប​រិ​ស្ថាន​និង​ធនធានធម្មជាតិ​លោក John Cruden ក៏​យល់ស្រប​ថា សហគមន៍​មូលដ្ឋាន​មាន​តួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ជួញដូរ​សត្វព្រៃ​នេះ​។ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​គួរ​ដើរ​តាម​អ្វីដែល កម្ពុជា​បាន​អនុវត្ត​ដើម្បី​ប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​នេះដែរ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​ពី​ក្រុង​ហាណូយនៅថ្ងៃសុក្រទី១៨ វិច្ឆិកា លោក John Cruden បាន​បញ្ជាក់ថា​៖« ខ្ញុំ​យល់ស្រប​ថា សហគមន៍​មូលដ្ឋាន​មាន​តួនាទី​សំខាន់​មែន​។ អនុវត្ត​ច្បាប់​តែ​ម្យ៉ាង​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ប៉ុន្មាន​ទេ​»។

បន្ថែមពីនេះមន្ត្រី​ជាន់ខ្ពស់ខាងលើ ក៏សង្ឃឹមថាវា​នឹងមានការ​បង្កើតជា​វេទិកា​ជជែក​ពិភាក្សា​ក្នុង​តំបន់​ផ្សេងទៀត​ដើម្បី​ជំរុញ​ឲ្យ​មានការ​ចែករំលែក​បទ​ពិសោធន៍​និង​ដំណោះស្រាយ​ដែល​កម្ពុជា​បាន​អនុវត្តជាមួយប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។

 បច្ចុប្បន្ននេះ​សហរដ្ឋអាមេរិក​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​រួមចំណែក​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​ចូលរួម​របស់​សហគម​ន៍​មូលដ្ឋាន ដូចជា​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​កសាង​សមត្ថភាព ផ្តល់​ការហ្វឹកហ្វឺន​ដល់​អ្នកពាក់ព័ន្ធ​ទាំង​ប្រជាជន និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​អាស៊ី​និង​អាហ្វ្រិក​៕


Tag:
 John Cruden
  Thomas Neill Edward Gray
  Science Wildlife Alliance
© រក្សាសិទ្ធិដោយ thmeythmey.com