អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឧទ្ទាម​មី​យ៉ាន់​ម៉ា​ចងសម្ព័ន្ធ​គ្នា វាយប្រហារ​ជាថ្មី​លើ​កងកម្លាំង​រដ្ឋាភិបាល នៅ​ភាគ​ខាងជើង​
22, Nov 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រជាធិបតេយ្យ​ទៅមុខ តែ​សន្តិភាព និង​សន្តិសុខ​ផ្ទៃក្នុង​មី​យ៉ាន់​មា់ នៅតែ​ផុយស្រួយ​។ ក្រុម​ឧទ្ទាម​ទាហាន​ឯករាជ្យ​ជាច្រើន​ក្រុម និង​កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បាន​បើក​ការវាយប្រហារ​ប្រដាប់អាវុធ​ជាថ្មី នៅក្បែរ​តំបន់​ព្រំដែន​ជាប់​នឹង​ចិន ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​បាត់បង់​ជីវិត និង​ប្រជាជន​មួយចំនួន​ផ្សេងទៀត​ត្រូវ​ជ​ម្ហៀ​ស​ខ្លួន​។ នេះ គឺជា​ការប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ​លើកដំបូង​ហើយ ក្រោម​រដ្ឋបាល​ថ្មី​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី បើទោះបីជា​លោកស្រី ខិតខំ​ចរចា​សន្តិភាព​ក៏ដោយ​។

 
​ក្រុម​ឧទ្ទាម​ទាហាន​ឯករាជ្យ​ធំ​បួន គឺ​ទាហាន​រណសិរ្ស​រំដោះជាតិ​តា​អាង (TNLA) ទាហាន​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ (MNDAA) ទាហាន​អា​រ៉ា​កាន (AA) និង​ទាហាន​ឯករាជ្យ​កា​ឈិន (KIA) នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ម្សិលមិញ​នេះ បាន​ចងសម្ព័ន្ធ​គ្នា​បើក​ការវាយប្រហារ​ទៅលើ​ទាហាន និង​ប៉ុស្តិ៍​នរគ​បាល​មី​យ៉ាន់​ម៉ា​បី​កន្លែង​។ ការវាយប្រហារ​នេះ ត្រូវបាន​រដ្ឋបាល​រប​ស់​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី បញ្ជាក់ថា បានសម្លាប់​មនុស្ស​ប្រាំ​បីនាក់ ដែលជា​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ប្រជាជន​ស៊ីវិល​។ 
 
​ការបើក​ប្រតិបត្តិការ​វាយប្រហារ​រ​បស់​ក្រុម​ឧទ្ទាម​ឯករាជ្យ​ដោយ​ចង​ជា​សម្ព័ន្ធ បាន​កើតឡើង​នៅក្នុង​តំបន់​សេដ្ឋកិច្ច Muse ដែលមាន​ទីតាំងនៅ​ខេត្ត​សាន​ភាគ​ខាងជើង​នៃ​ប្រទេស ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ចិន​ផងដែរ​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Irrawaddy ដែល​បាន​អះអាង​ដែលថា ការបើក​ការវាយប្រហារ​នេះ មិន​ត្រឹមតែ​ទាមទារ​អាយុជីវិត​រប​ស់​ប្រជាជន​ប៉ុណ្ណោះ​នោះទេ តែ ផ្លូវ​ជាច្រើន ក៏ត្រូវ​បាន​បិទ ហើយ​ប្រជាជន​ក្នុងស្រុក ក៏បាន​និង​កំពុងតែ​ភៀសខ្លួន​តាម​ព្រំដែន​សំដៅទៅ​ក្នុង​ទឹកដី​ចិន​។ 
 
​មិនមាន​ការបញ្ជាក់​ហេតុផល​ណាមួយ​ជុំវិញ​ការវាយប្រហារ​ចុងក្រោយ​នេះឡើយ​។ តែបើ​តាម​កិច្ចសម្ភាសន៍​រវាង​ស្ថា​និក​ម្នាក់​របស់​ទាហាន​រណ​សិរ្ស​រំដោះជាតិ​តា​អាង​(TNLA) លោក Tar Bone Kyaw ជាមួយ​សារព័ត៌មាន Al Jazeera នៅ​ដើមឆ្នាំ​២០១៦ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖« យើង មិនមែន​កំពុងតែ​ទាមទារ​និង​សុំ​អំណាច​នោះទេ​។ ហើយ​យើង ក៏​មិនបាន​ទាមទារ​ឯករាជ្យ​អ្វីដែល​។ យើង គ្រាន់តែ​ចង់​កសាង​សហព័ន្ធ​នៅក្នុង​មី​យ៉ាន់​ម៉ា​ជាមួយនឹង​ជាតិ​សាសន៍​ដទៃទៀត​ប៉ុណ្ណោះ​»​។ 
 
​កិច្ចព្រមព្រៀង​សន្តិភាព​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា មិន​ងាយ​កសាង​ឡើយ 
​សូម​ជម្រាប​ផងដែរ​ថា គឺ​រយៈពេល​៦៨​ឆ្នាំ​ហើយ​ដែល​មី​យ៉ាន់​ម៉ា បានប្រកាស​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​អង់គ្លេស តែ​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​ស្វែងរក​សន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​បានឡើយ ដ្បិត មាន​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ជាច្រើន នៅតែ​ប្រយុទ្ធ​ទាមទារ​យក​ស្វ័យភាព​គ្រប់គ្រង​ដែនដី​។ រដ្ឋាភិបាល​ជាច្រើន​អាណត្តិ​ហើយ បាន​ព្យាយាម​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព តែ​នៅតែ​មិនអាច​ទាញយក​គ្រប់ភាគី​នៃ​ជម្លោះ​បាន​។​
 
​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ថេ​ន សេន ដែល​បាន​ឡើងកាន់​អំណាច​តាំងពី​ឆ្នាំ​២០១១ បាន​ព្យាយាម​ចរចា​ជាមួយនឹង​ក្រុម​ឧទ្ទាម​ស្ទើរតែ​ពេញ​មួយ​អាណត្តិ​ប្រធានាធិបតី​របស់លោក​។ ជា​លទ្ធផល នៅ​ខែតុលា ឆ្នាំ ២០១៥ រដ្ឋាភិបាល​លោក ថេ​ន សេន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ស្តី​ពីបទ​បាញ់​ជាមួយនឹង​ក្រុម​ជនជាតិភាគតិច​ចំនួន​៨​ក្រុម​។ តែ​កិច្ចព្រមព្រៀង​នេះ គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ ដ្បិត​វា មិន​គ្របដណ្តប់​ទៅលើ​ក្រុម​ឧទ្ទាម​ធំៗ​ទាំងនោះ​។ ហើយ​នោះ ក៏​ព្រោះតែ រដ្ឋបាល​លោក ថេ​ន សេន មិនបាន​អញ្ជើញ​ក្រុម​ទាំងនោះ ឲ្យ​ចូលរួម​ចរចា​ឡើយ ក្រោម​ហេតុផល​ថា រដ្ឋាភិបាល មិន​ចង់​ចរចា​ជាមួយនឹង​ក្រុម​ដែល​តែងតែ​វាយប្រហារ​ទៅលើ​ខ្លួន​នោះ​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ អ្នក​បន្តវេន​លោក​ថេ​ន សេន គឺ​រដ្ឋបាល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ក៏បាន​ចាត់ទុក​ការកសាង​សន្តិ​ភាពជា​កិច្ចការ​អាទិភាព​ផងដែរ​។ លោកស្រី ក៏​ធា្ល​ប់​លើកឡើង​ដែរ​ថា « បើ​ប្រទេស​គ្មាន​សន្តិភាព​នោះទេ រដ្ឋាភិបាល ក៏​មិន​អាចធ្វើ​អ្វី​បានដែរ​» ។ ដោយ​មិន​ត្រឹមតែ​និយាយ​តែ​មាត់​នោះទេ គិត​ចាប់ពី​កាន់អំណាច​នៅ​ខែមេសា​កន្លងមក លោកស្រី ក៏បាន​បន្ត​ជួបចរចា​ជាមួយនឹង​ក្រុម​ឧទ្ទាម​ជាច្រើន​ផងដែរ ដើម្បី​ធានា​ឲ្យ​បាន​កិច្ចព្រមព្រៀង​សន្តិភាព​បទ​ឈប់​បាញ់​មួយ​នោះ​។ ជាក់ស្តែង​នោះ នៅ​ខែសីហា​កន្លងទៅ លោកស្រី ក៏បាន​បើក​សន្និសីទ​សន្តិភាព​ធំ​មួយ​ជាមួយនឹង​ក្រុម​ឧទ្ទាម​មួយចំនួន​ផងដែរ តែ នៅតែ​អវត្តមាន​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ធំ​ដដែល​។ 
 
​ចិន ប្រុង​ជើងការ ខ្លាច​ភាព​តានតឹង​មី​យ៉ាន់​ម៉ា ធា្ល​យ​ដល់​ចិន 
​ងាក​មកកាន់​ចិន ដែលមាន​ព្រំដែន​ជាប់​នឹង​តំបន់​ជម្លោះ និង​ជា​រៀងរាល់ឆ្នាំ ក៏​តែងតែ​ទទួល​ជនភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​បន្តិច​! តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​ចិន យោធា​ចិន កំពុងតែ​តាមដាន​ស្ថានភាព​យ៉ាង​យកចិត្តទុកដាក់​ខ្លាំង​ណាស់ដែរ​។ ក្រុង​ប៉េកាំង ក៏​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​ជម្លោះ រក្សា​ភាព​ស្ងៀមស្ងាត់ និង​អត់ធ្មត់ ដើម្បី​បញ្ជៀ​ស​ការរីក​រាលដាល​នៃ​ស្ថានភាព និង​ហេតុការណ៍​ផ្សេងៗ ដែល​អាច​នឹង​គំរាមកំហែង​ដល់​អធិបតេយ្យ និង​សន្តិសុខ​ជាតិចិន​។ 
 
​បើតាម​សារព័ត៌មាន​ចិន Global Times  នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅ មាន​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ប្រហែល​ប្រាំមួយ​ម៉ឺន​នាក់ ភៀសខ្លួន​តាម​ព្រំដែន និង​ជាង​មួយ​ម៉ឺន​នាក់ ក៏បាន​តាំង​លំនៅ​បណ្តោះអាសន្ន នៅក្នុង​ខេត្ត Yunna នៃ​ប្រទេស​ចិន​ផងដែរ​៕ 

Tag:
 ​មី​យ៉ាន់​ម៉ា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com