ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​CNRP សង្ឃឹមថា នឹងមាន​ជំនួប​ឯ​.​ឧ កឹម សុខា និង​សម្តេច ស ខេង នៅ​ថ្ងៃ​ពុធ តែម​ន្ត្រី​CPP មិនទាន់​ច្បាស់​
06, Dec 2016 , 5:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​លើក​ទី​៧ នីតិកាល​៥  នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ​។ តាម​គម្រោង រដ្ឋសភា​នឹង​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៥  និង​ការដាក់​បេក្ខភាព​ជំនួស​លោក ប៉ែន សុវណ្ណ ដែល​ទទួលមរណភាព​កាលពី​ខែតុលា​កន្លងទៅ​។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិនដឹង​ច្បាស់​ថា កិច្ចប្រជុំសភា នៅ​ថ្ងៃ​ពុធ នឹងមាន​ជំនួប​រវាង​សម្តេច ស ខេង និង​ឯកឧត្តម កឹម សុខា នោះទេ​។​



​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ពុំ​ដឹង​នោះទេ​ថា កិច្ចប្រជុំសភា​នៅ​ថ្ងៃ​ពុធ​ទី ៧ ខែធ្នូ នឹងមាន​ជំនួប​ពិភាក្សា​រវាង​ក្រុម​តំណាង​មតិ​ភាគតិច និង​មតិ​ភាគច្រើន ក្នុង​រដ្ឋសភា​ឡើយ​។ លោក ប៉េងឡុង ដឹង​តែ​របៀបវារៈ​ចំនួន ២ តែប៉ុណ្ណោះ នៅក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃ​ពុធ ពោល គឺ​ការពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៥  និង​ការដាក់​បេក្ខភាព លោក សួន រី​ដា ជំនួស​លោក ប៉ែន សុវណ្ណ ដែល​ទទួលមរណភាព​កាលពី​ខែតុលា​កន្លងទៅ​។ «​ជំនួប​សម្តេច ស ខេង និង ឯកឧត្តម កឹម សុខា ជា​រឿង​នយោបាយ ពុំមាន​កំណត់​ក្នុង​របៀបវារៈ​ទេ​។​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​អ្នកនាំពាក្យ​ខាងលើ​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នៅ​មិនទាន់​ដឹង​ច្បាស់​ដែរ​ថា នៅ​ថ្ងៃ​ពុធ នឹងមាន​ជំនួប​រវាង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន និង​ភាគតិច​នៅក្នុង​រដ្ឋសភា​នោះឡើយ​។ « ខ្ញុំ​គិតថា បើ​ជួបគ្នា ក៏​មិនដឹង​ពិភាក្សាគ្នា​រឿង​អ្វី​ដែរ ព្រោះ​រឿង​អ្នកមាន​ក្តីក្តាំ​នៅ​តុលាការ និង​អ្នក​ជាប់ពន្ធនាគារ តុលាការ​កំពុងតែ​ដំណើរការ​។ បើ​យើង​ជជែក​គ្នា វា​ប៉ះពាល់​ដល់​ឯករាជ្យភាព និង​ការសម្រេចចិត្ត​របស់​តុលាការ​»​។ នេះ​ជាការ​បន្ថែម​របស់លោក សុខ ឥសាន​។

​សារព័ត៌មាន​ថ្មីៗ ពុំ​អាច​សុំ​ការបញ្ជាក់​ពី​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​សភា​មកពី​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច​ក្នុង​សភា​ឡើយ ដោយសារ​លោក​កំពុង​ប្រជុំ​ផ្ទៃក្នុង​គណបក្ស នៅ​រសៀល​នេះ​។ យ៉ាងណា លោក បុញ្ញឫទ្ធិ ធ្លាប់​ប្រាប់​ពី​ក្តីសង្ឃឹម​ដល់​អ្នកកាសែត​ថា ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ទាំងពីរ​ក្រុម នឹង​ជួបពិភាក្សា​រក​ដំណោះស្រាយ និង​រក​កា​ផ្សះផ្សារ​ជាតិ​បន្ថែមទៀត នៅ​ថ្ងៃ​ពុធ ក្រោយពី​ឯកឧត្តម កឹម សុខា ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស កាលពី​ថ្ងៃ ទី​២ ធ្នូ កន្លងទៅ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃទី ៥ ខែធ្នូ នៅ​វិមាន​រដ្ឋសភា​ថា ឯកឧត្តម កឹម សុខា  នឹងចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ពុធ​ផងដែរ​។​

​កាលពី​ថ្ងៃទី ៤ ខែធ្នូ  នៅពេលដែល​ជួប​ជា​មួ​យុវជន ឯកឧត្តម កឹម សុខា ធ្លាប់​អះអាងថា លោក​នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំសភា​។ អ្នកនយោបាយ​ដែល​ធ្លាប់​ឃុំខ្លួន​ក្នុង​ស្នាក់ការ​បក្ស​អស់ ៦ ខែ លើកឡើង​បែបនេះហើយ និយាយ​ដូច្នេះ​ថា​៖« បើ​មាន​ប្រជុំ​រដ្ឋសភា ខ្ញុំ​នឹង​ទៅ​ចូលប្រជុំ ហើយនឹង​មានការ​ជជែក​គ្នា រវាង​ក្រុម​មតិ​ភាគច្រើន និង​ក្រុម​មតិ​ភាគតិច​»៕


Tag:
 កឹម សុខា​
  សភា
© រក្សាសិទ្ធិដោយ thmeythmey.com