ជាតិ
ទេសចរ​ពី​៣​ទៅ​៤​ពាន់​នាក់​ឡើង​មើល​ថ្ងៃ​លិច​នៅលើ​ភ្នំ​បាខែង​
08, Dec 2016 , 7:39 am        
រូបភាព
 ​សៀមរាប​៖ ភ្នំ​បាខែង គឺជា​គោលដៅ​មួយ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ ដែល​ចូលចិត្ត​មើល​ថ្ងៃ​លិច​។ រាល់ពេល​រសៀល ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ តែង​សម្រុក​ឡើងលើ​កំពូលភ្នំ​បាខែង ក្នុង​បំណង​មើល​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​ក្នុង​រមណីយដ្ឋាន​អង្គរ​មួយ​នេះ​។ បើតាម​ភ្នាក់ងារទេសចរណ៍ ដែល​មើល​ការខុសត្រូវ​នៅលើ​ភ្នំ​នេះ ក្នុង​មួយថ្ងៃ​មាន​ទេសចរ​ពី​៣​ទៅ​៤​ពាន់ ដែល​បាន​ឡើង​ចុះ​មើល​ថ្ងៃ​លិច​នៅលើ​កំពូល​ប្រាសាទភ្នំបាខែង​។​

 
​ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ដោយ​ថ្មើរជើង​ក៏បាន និង​ដោយ​មធ្យោបាយ​ជិះ​ដំរី​ក៏បាន ដើម្បី​ទៅដល់​កំពូលភ្នំ​បាខែង​។ នៅលើ​កំពូលភ្នំ​នេះ​មាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ជាច្រើន​កន្លែង​ទៀត ក្រៅពី​ចំណុច​មើល​ថ្ងៃ​លិច​តែមួយ​មុខ​នោះ​។​
 
​លោក លី និមល អនុប្រធាន​ក្រុម​ភ្នាក់ងារទេសចរណ៍​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ប្រចាំ​នៅលើ​ភ្នំ​បាខែង បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវទេសចរ​សរុប​ពី​៣​ទៅ​៤​ពាន់​នាក់ ដែល​បាន​តម្រង់​ជួរ​ចាំ​ឡើងលើ​ភ្នំ​បាខែង​។ ហេតុផល​ដោយសារ​គោលការណ៍​នៃ​ការឡើង​ចុះ​លើ​ភ្នំ​ប្រវត្តិសាស្ត្រ​មួយ​នេះ គឺ​តម្រូវ​ឲ្យ​មាន​ចំនួន​ត្រឹម​៣០០​នាក់​ប៉ុណ្ណោះ ដោយ​ភ្ញៀវទេសចរ​ទាំងអស់ ត្រូវ​ផ្លាស់ប្តូរ​បណ្ណ​គ្នា​។ លោក​ពន្យល់ថា​៖« បើ​ចំនួន​ភ្ញៀវ​គ្រប់​៣០០​នាក់​ហើយ យើង​តម្រូវ​ឲ្យ​ភ្ញៀវ​ឯទៀត​តម្រង់​ជួរ​ចាំ បើ​មាន​អ្នក​ចុះ ទើប​យើង​អនុញ្ញាត​ឲ្យ​អ្នកផ្សេង​ឡើង​...»​។​
 
​ដោយ​មិនមាន​កំណត់ពេល​វេលា​ដ​ល់​ភ្ញៀវ​នោះ ធ្វើ​ឲ្យ​ការកំណត់​ចំនួន​ភ្ញៀវ​នេះ​មានប្រតិកម្ម​ពី​ភ្ញៀវ​ឯទៀត ដែល​មិនបាន​ឡើង​ទស្សនា​ថ្ងៃ​លិច​។ ក្រុម​ភ្នាក់ងារទេសចរណ៍​នៅ​ទី​នោះបាន​បញ្ជាក់ថា ជារឿយៗ​ពួកគេ​តែងតែ​ទទួលបាន​ការខឹង​សម្បា​រ​ពី​សំណាក់​ភ្ញៀវ ហើយ​ពួកគេ​រិះគន់​ច្រើន​លើ​ចំណុច​មួយ​នេះ​។ លោក និមល បាន​ពន្យល់​បន្ថែមថា​៖« អ្នកខ្លះ ខំ​ឡើងមក​ដល់​ហើយ តែ​មិនបាន​ឡើង គាត់​ខឹង​នឹង​ពួកយើង ដែល​មិនបាន​អនុញ្ញាត​ឲ្យ​ពួកគាត់​ឡើង​»​។​
 
​ការកំណត់​ចំនួន​បរិមាណ​ភ្ញៀវ​ឡើងលើ​ភ្នំ​បាខែង បានចាប់ផ្តើម​អនុវត្ត​មុន​នឹងមាន​ការដ្ឋាន​ជួសជុល​នៅ​ទីនោះ​។ បើតាម​អ្នកជំនាញ ការកំណត់​គោលការណ៍​នេះ គឺ​ដោយសារ​បរិវេណ​នៅ​ទីនោះ​មិន​ទំនេរ ដោយ​ភាគច្រើន​ត្រូវ​ហ៊ុំព័ទ្ធ​ដោយ​រនាំង​ការដ្ឋាន​។ លោក ហ៊ុន ប៊ុន​វឌ្ឍន៍ ស្ថាបត្យករ​របស់ WMF ដែល​កំពុងដំណើរការ​ជួសជុល​នៅលើ​ប្រាសាទភ្នំបាខែង បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​អាច​ឡើង​លើ​ប្រាសាទ​នេះ​ជាធម្មតា ដោយ​មិនមាន​គិតពី​ទម្ងន់​ឡើយ​ឲ្យ​តែមាន​កន្លែង​ឈរ​។ 
 
​នៅលើ​ភ្នំ​បាខែង ក្រៅពី​គយគន់​ថ្ងៃ​លិច​ហើយ​នោះ ភ្ញៀវទេសចរ​ក៏​អាច​មើលឃើញ​ពី​ទិដ្ឋភាព​ផ្សេងៗ​ទៀត រួមមាន​ក្រុង​សៀមរាប បាយ​រាយ​ណ៍​ទឹកថ្លា ប្រាសាទអង្គរវត្ត ប្រាសាទបក្សីចាំក្រុង និង​ព្រលានយន្តហោះ​ខេត្តសៀមរាប​ជាដើម​។​ល​៕

Tag:
 ​ទេសចរណ៍​
  ​ភ្នំ​បាខែង
© រក្សាសិទ្ធិដោយ thmeythmey.com