ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯ.ឧ សម រង្ស៊ី និង ឯ.ឧ កឹម សុខា សុទ្ធតែ​អះអាងថា «តំណែង​មិន​សំខាន់​ទេ»
07, Dec 2016 , 10:45 pm        
រូបភាព
ភ្នំពេញ៖ «តំណែង​មិន​សំខាន់​ទេ» ។ នេះ​គឺជា​ការអះអាង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី នៅ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ឯកឧត្តម កឹម សុខា បានលើកឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​ក្នុង​រដ្ឋសភា។



តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដែល​ឯកឧត្តម សម រង្ស៊ី បានបង្ហាញ​ជំហរ​ខ្លួន ក្រោយពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ត្រូវបាន​រដ្ឋសភា​ទទួល​ស្គាល់​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ផង និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​រដ្ឋសភា​ផង​នោះ​ថា ៖«អ្វីដែល​សំខាន់​គឺ​ភាព​ទៀងត្រង់ និង​ភាពថ្លៃថ្នូរ​របស់​យើងម្នាក់ៗ»។ ត្រង់ចំណុច​នេះ​ប្រធាន​គណបក្សប្រឆាំង​ដែល​ត្រូវបាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា៖«តែ​ខ្ញុំ​សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយ​ភាពស្មោះត្រង់​របស់ខ្ញុំ​ចំពោះ​ប្រជារាស្ត្រ​ខ្មែរ នៅតែ​ស្មោះត្រង់​ជានិច្ច រហូតដល់​ដង្ហើមចុងក្រោយ​របស់ខ្ញុំ។ ខ្ញុំ​យល់ព្រម​ធ្វើអ្វីៗទាំងអស់ ឲ្យ​តែ​ប្រទេសជាតិ​យើង​បាន​នៅ​គង់វង្ស និង​ឆ្ពោះទៅរក​ភាពរុងរឿង»។

ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី អម​ជាមួយ​រូបថត​មួយ​សន្លឹក​រវាង​រូបលោក និង​ឯកឧត្តម កឹម សុខា ដែល​អង្គុយ​ជាមួយគ្នា​នៅក្នុង​ព្រះបរមរាជវាំង កាលពី​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចូល​ស្បថ​កាន់​តួនាទី​នោះ ហាក់ដូចជា​មិន​ឃ្លាតឆ្ងាយ​ពី​ការអះអាង​របស់​ឯកឧត្តម កឹម សុខា នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​នៅ​ថ្ងៃទី៧ ធ្នូ​នេះឡើយ។ ឯកឧត្តម កឹម សុខា ដែល​ទើប​ទទួលបាន​តំណែង​ពីរ​ថ្មី​នៅក្នុង​រដ្ឋសភា បាន​ក្រោកឈរ​អត្ថាធិប្បាយ​អំពី​ភាពចម្រូងចម្រាស​នៃ​តំណែង​នេះ​ដូច្នេះ​ថា៖« ចំពោះ​តំណែង ឬ​តួនាទី វា​គ្រាន់តែ​ជា​មធ្យោបាយ​សម្រាប់​យើង​ធ្វើដំណើរ​ទៅរក​គោលដៅ​ប៉ុណ្ណោះ។ តែ​ទោះបី​តួនាទី ធំ ប៉ុណ្ណា​ក៏ដោយ តែបើ​យើង​ដើរ​ខុស​គោលដៅ ក៏​យើង​មិនអាច​ជោគជ័យ​ដែរ»។ 

ឯកឧត្តម សុខា បន្ថែម​បែបនេះ​ថា៖«យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​ខ្មែរ​នឹង​ខ្មែរ។ ថ្ងៃនេះ​ជា​ថ្ងៃ​ចាប់ផ្តើម យើង​ត្រូវ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​មានការ​រំខាន​ណាមួយ ដែល​ធ្វើ​ឲ្យ​ដំណើរការ​របស់​យើង​មិន​ឲ្យ​ដល់​គោលដៅ។ គោលដៅ គឺ​ឯកភាព​ជាតិ សន្តិភាព និង​អភិវឌ្ឍ​សម្រាប់​ជាតិ ប្រជាពលរដ្ឋ​យើង»៕


Tag:
 សម រង្ស៊ី
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com