ជាតិ
លោកស៊ា​ង ចែត ចេញពី​ពន្ធនាគារ​ហើយ​
08, Dec 2016 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ស៊ា​ង ចែត បាន​ចេញពី​ពន្ធនាគារ​ហើយ ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​នេះ​។ លោក ស៊ា​ង ចែត ត្រូវបាន ព្រះមហាក្សត្រ​លើកលែងទោស តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។



​លោក ស៊ា​ង ចែត មេឃុំ​គណបក្ស​សម រង្ស៊ី ត្រូវបាន​អាជ្ញាធរ​ដោះលែង​ឲ្យ​មាន​សេរីភាព នៅ​ព្រឹក​ថ្ងៃទី ៨ ខែធ្នូ​នេះ មួយថ្ងៃ​ក្រោយ​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។ 
​លោក ស៊ា​ង ចែត ជា​មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​ចោទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចន្ទ​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ រឿងនេះ​បាន​ផ្ទុះឡើង បន្ទាប់ពី​ស្រីមុំ​សរសេរ​លិខិត​ចំហ​មួយច្បាប់ ហើយ​លាតត្រដាង​ជា​សាធារណៈ ក្នុងអំឡុង​ខែមេសា ឆ្នាំ​២០១៦ ដោយ​ចោទ​លោក ស៊ា​ង ចែត ថា​បាន​យកប្រាក់​ចំនួន ៥០០ ដុល្លារ ទៅ​សូក​ម្តាយ​របស់​នាង​។  ស្រីមុំ បានបញ្ជាក់​ក្នុង​លិខិត​នោះ​ថា លោក ស៊ា​ង ចែត មេឃុំ​គណបក្ស​សម រង្ស៊ី​រូបនេះ បាន​ប្រើប្រាស់​ទឹកប្រាក់​ទាំងនោះ ដើម្បី​បញ្ចុះបញ្ចូល​ម្តាយ ឲ្យ​លួងលោម​រូបនាង កុំ​ឲ្យ​និយាយ​ការពិត ពី​រឿងអាស្រូវ​របស់​នាង ជាមួយនឹង​ឯកឧត្តម កឹម សុខា​។ ដោយសារតែ​លិខិត​នេះ ទើប​លោក ស៊ា​ង ចែត ត្រូវបាន​ឃាត់ខ្លួន កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៦ ។ 

​ក្រៅពី​លោក ស៊ា​ង ចែត នៅមាន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​បួនរូប និង​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយរូប កំពុង​ជាប់ពន្ធនាគារ​ផងដែរ ដោយសារតែ​រឿងរ៉ាវ​របស់​ស្រីមុំ​។

​ការលើកលែងទោស​មេឃុំ ស៊ា​ង ចែត ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​រវាង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគ​នៅក្នុង​រដ្ឋសភា​កាលពី រសៀល​ថ្ងៃទី​៧ ខែធ្នូ​។ សម្តេច ស ខេង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា ភាគី​ទាំង​ពីរបាន​ជជែក​គ្នា ពី​ការស្នើ​ឲ្យ​ដោះលែង​មេឃុំ​គណបក្ស​សម រង្ស៊ី លោក ស៊ា​ង ចែត និង​បញ្ហា​មន្ត្រី គ​.​ជ​.​ប ព្រមទាំង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​កំពុង​ជាប់ពន្ធនាគារ​។ ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន​រូបនេះ បន្តថា បញ្ហា​ទាំងនោះ អាច​នឹងត្រូវ​ដោះស្រាយ​នៅក្នុង​ចុងខែ​នេះ ប៉ុន្តែ​មិន​បញ្ជាក់ថា ត្រូវ​ដោះស្រាយ​ដោយ​ការលើកលែងទោស ឬ​បែបណា​ទេ​៕


Tag:
 ​ព្រះមហាក្សត្រ​
 ​ ស៊ា​ង ចែត
© រក្សាសិទ្ធិដោយ thmeythmey.com