អន្តរជាតិ
ម៉ាឡេស៊ី ចង់​ឲ្យ​ទាំង​ចិន និង​អាមេរិក បំភ្លឺ​ពី​របាយការណ៍​យោ​ធូប​នីយកម្ម​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង
17, Dec 2016 , 9:00 pm        
រូបភាព
ដោយ:
​ជំនួស​ដោយ​ការមិន​ប្រតិកម្ម​ខ្លាំង​ភ្លាមៗ​នោះ រដ្ឋ​សមាជិក​អាស៊ាន និង​ជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ម៉ាឡេស៊ី កំពុងតែ​ស្វែងរក​ការពន្យល់​ទាំងពី​ភាគី​ចិន ដែលជា​ត្រូវបាន​គេ​ចោទថា​បាន​បំពាក់​សព្វាវុធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ទាំងពី​ភាគី​អាមេរិក​ដែលជា​អ្នក​បង្ហាញ​របាយការណ៍​ដែលថា​ចិន បានធ្វើ​សកម្មភាព​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ​នោះ​។



​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី Hishammuddin Tun Hussein នៅ​ថ្ងៃទី​១៦ ធ្នូ បាន​អះអាងថា លោក នឹង​សរសេរ​លិខិត​មួយ​ទៅកាន់​សម​ភាគី​ចិន គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Chang Wanquan ដើម្បី​សុំ​ការពន្យល់​ពី​ព្រឹត្តិការណ៍​ជាក់ស្តែង​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​ប្រជុំ​ស្ព្រា​ត​លី​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​ដែល​លោក​ចូលរួម​ក្នុង​ការផ្ទេរ​ភារកិច្ច​កងកម្លាំង​ម៉ាឡេស៊ី នៅ​ថ្ងៃ​ម្សិលមិញ ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន Channel News Asia​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រមុខ​ការពារជាតិ​ម៉ាឡេស៊ី​រូបនេះ ក៏បាន​បញ្ជាក់ទៀតថា មិន​ត្រឹមតែ​ចិន​នោះទេ លោក ក៏​នឹង​សរសេរ​លិខិត​ទៅកាន់​សម​ភាគី​អាមេរិក​លោក​ឧ​ត្ត​ម​សេនីយ៍ Ashton Carter ពាក់ព័ន្ធ​រូបភាព​ដែល​បង្ហាញ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក​ពី​សកម្មភាព​យោធា​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​។ សម្រាប់​ប្រមុខ​ការពារជាតិ​ម៉ាឡេស៊ី យល់ឃើញថា ប្រសិនបើ​របាយការណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក ពិតជា​ត្រឹមត្រូវ​មែន នោះ​វា​នឹង​បង្ក​ជាការ​ព្រួយបារម្ភ​ទៅកាន់​សាធារណៈ និង​គំរាមកំហែង​ដល់​ស្ថិរភាព និង​សន្តិសុខ​តំបន់​នោះ​ទៀតផង​។

​សូម​រម្លឹក​ផងដែរ​ថា ស្ថាប័ន​វិភាគ​អាមេរិក «​គំនិត​ផ្តួចផ្តើម​តម្លាភាព​ដែនសមុទ្រ​អាស៊ី (AMTI) នៅ​ថ្ងៃទី​១៣ ធ្នូ​កន្លងទៅ បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ពី​ការវិវត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​អះអាងថា ចិន បាន​ដំឡើង​សព្វាវុធ​ដែលជា​ប្រព័ន្ធ​ការពារ ដែលជា​ប្រភេទ​កាំភ្លើង​ធំ​ប្រឆាំងនឹង​យន្តហោះ​នៅក្នុង​មូលដ្ឋាន​មួយចំនួន​ក្នុង​កោះ​ស្ព្រា​ត​លី​។ ផ្អែក​តាម​រូបភាព​ដែល​ចាប់​ដោយ​ផ្កាយរណប AMTI បាន​ពន្យល់ថា សំណង់​ដែលជា​ប្រភេទ​ការដ្ឋាន​យោធា បាន​សាងសង់​រួចទៅហើយ​នៅ​តំបន់​កោះ ដែល​ក្រុម​អ្នកជំនាញ​ចាត់ទុកថា​ជាការ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang នៅ​ថ្ងៃទី​១៥ ធ្នូ បាន​អះអាងថា ក្រសួង​បានដឹង​លឺ​ពី​របាយការណ៍​នោះ តែ ក្រសួង យល់ឃើញថា របាយការណ៍​នោះ មិនដឹង​ជា​និយាយ​ពី​ស្ថានភាព​អ្វី​ជាក់លាក់​។ តែ​យ៉ាងណាក៏ដោយ តាមរយៈ​អ្នកនាំពាក្យ​ដដែល​នោះ ក្រុង​ប៉េកាំង ក៏បាន​បញ្ជាក់​ជាថ្មី​ថា កោះ​ដែល​របាយការណ៍ AMTI និយាយ​គឺ​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ហើយ​បើ​ចិន ចង់​ធ្វើ​អ្វី​នៅក្នុង​តំបន់​នោះ ក៏​ជា​សិទ្ធិ​របស់​ចិន​ដែរ​។​

​នៅ​ថ្ងៃ​ដដែល​នោះ ក្រសួងការពារជាតិ​ចិន ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បកស្រាយ​ថា ចិន មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែល​ចាំបាច់​នៅក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី​។ ឆ្លើយតប​នឹង​របាយការណ៍​របស់​អ្នកជំនាញ​អាមេរិក ក្រសួងការពារជាតិ ក៏បាន​បញ្ជាក់​ជាថ្មី​ថា សកម្មភាព​ពាក់ព័ន្ធរ​បស់​ខ្លួន​នៅក្នុង​ប្រជុំ​កោះ​ស្ព្រា​ត​លី ធ្វើឡើង​ក្នុងទិសដៅ​ស៊ីវិល​នោះទេ​។​

​ក្រសួង​ដដែល​នោះ ក៏បាន​សង្កត់ធ្ងន់​ទៀតថា ការពង្រាយ​សព្វាវុធ​យោធា ដែល​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលដៅ​ការពារជាតិ និង​ស្វ័យ​ការពារជាតិ គឺ​ស្របច្បាប់​។ ដោយ​មិន​និយាយ​ពី​សកម្មភាព​ល្បាត​របស់​យោធា​អាមេរិក​នៅក្នុង​តំបន់​ជម្លោះ​នោះ​ចំៗ​នោះ ក្រសួង ក៏បាន​លើក​ជា​ឧទាហរណ៍​ថា​៖«​ប្រសិន បើ​មាន​អ្នកណាម្នាក់ សម្ញែង សាច់ដុំ​នៅ​ពីមុខ​ផ្ទះ​អ្នក តើ​អ្នក​គួរ ឱនក្បាល​គោរព ឬ​ត្រៀម​អ្វី​ការពារ​»?

​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​រវាង​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ តំបន់​ដែល​ចំណុច​វិវាទ​ខ្លាំង​នៃ​សមុទ្រ​ចិន​ខាងត្បូង គឺ​នៅ​ប្រជុំ​កោះ​ស្ព្រា​ត​លី និង​ប្រជុំ​កោះ​ប៉ា​រ៉ា​ស្សែ​ល ដែល​ចិន បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ទាំងនោះ​ដោយយោង​តាម កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​ទាមទារ​ដោយយោង​តាមច្បាប់​អន្តរជាតិ​នោះ​៕


Tag:
 ម៉ាឡេស៊ី​
  ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com