អន្តរជាតិ
ទោះ​នឿយហត់​ពី​ការធ្វើដំណើរ​ក្រៅប្រទេស​បន្តិច លោក Duterte នៅតែ​ចង់ទៅ​រុស្ស៊ី
17, Dec 2016 , 10:59 pm        
រូបភាព
ដោយ:
​ជា​ប្រធានាធិបតី​ទើប​កាន់អំណាច​ថ្មីថ្មោង​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ត្រូវបំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​ច្រើន​។ ហើយ​ក្រោយ​ធ្វើដំណើរ​ក្រៅប្រទេស​ជាប់ៗ​គ្នា​រយៈពេល​ចុងក្រោយ​នេះ លោក​ប្រធានាធិបតី​រូបនេះ ចាប់ផ្តើម​ត្អូញត្អែរ និង​នឿយហត់ ដ្បិត​លោក ក៏​មិន​ចូលចិត្ត​ធ្វើដំណើរ​ក្រៅប្រទេស​នោះដែរ​។ ក៏ប៉ុន្តែ ដោយ​ការស្រលាញ់ និង​ចូលចិត្ត លោក ឌើ​ទើ​តេ បានកំណត់​យក​«​រុស្ស៊ី​»​ជា​ទិសដៅ​ទស្សនកិច្ច​បន្ទាប់ បើទោះបី​លោក មិនទាន់បាន​ទៅដល់​គ្រប់​ប្រទេស​មិត្ត​អាស៊ាន​ក៏ដោយ​។



​ក្នុង​សន្និសីទ​ទាំង​ពាក់​កណ្តាលយប់​ឆ្លង​ចូល​ថ្ងៃទី​១៧ ធ្នូ លោក​ប្រ​ធា​ធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) បាន​ត្អូញត្អែរ​ពី​ការនឿយហត់​ដោយសារ​ការធ្វើដំណើរ​ក្រៅប្រទេស​ជាប់ៗ​គ្នា​ច្រើនពេក​។ លោក​ប្រធានាធិបតី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« និយាយ​ឲ្យ​ត្រង់ ខ្ញុំ​គឺជា​បុគ្គល​ម្នាក់​ដែល​មិន​ចូលចិត្ត​ធ្វើដំណើរ​ឡើយ​។ ខ្ញុំ​ស្អប់​ការធ្វើដំណើរ​...​វា​ហត់​។ ខ្ញុំ​តែងតែ​ចៀស តែ​ចៀស​មិនបាន​ដ្បិត​នេះ​គឺជា​ការ​កាតព្វកិច្ច​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន ABS-CBN​។​

​នា​សន្និសីទ​ដែល​ធ្វើឡើង​ក្រោយ​បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​ពី​កម្ពុជា និង​សិង្ហ​បុរី​នោះដែរ លោក​ប្រធានាធិបតី ក៏បាន​បន្ថែមទៀតថា ទោះ​លោក មិន​ចូលចិត្ត​ទស្សនកិច្ច​ក្រៅប្រទេស​មែន លោក នៅតែមាន​ការតាំង​ចិត្ត​ខ្ពស់​សម្រាប់​ដំណើរ​ក្រៅប្រទេស​បន្ទាប់​។ លោក សង្កត់ធ្ងន់ថា​៖«​ខ្ញុំ អាច​ទុក​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មិត្ត​អាស៊ាន​បាន​។ ហើយ​ប្រសិនបើ​ខ្ញុំ ធ្វើដំណើរ​ម្តងទៀត ទិសដៅ​នោះ​គឺ រុស្ស៊ី​»​។

​សម្រាប់​ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ រុស្ស៊ី ជាពិសេស​នោះ គឺ​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្លា​ឌឺ​មែរ ពូ​ទីន​តែម្តង គឺជា​គំរូ​នៃ​ការដឹកនាំ​។ តាំងពី​ឡើងកាន់​អំណាច​មក លោក​តែងតែ​សរសើរ​ពី​ភាព​ដឹកនាំ​របស់​ប្រធានាធិបតី​រុស្ស៊ី ហើយ ថ្មីៗ​នេះ លោក ក៏​ទទួលបាន​ការអញ្ជើញ​ពី​ប្រធានាធិបតី​រុស្ស៊ី​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ​ផងដែរ​។

​សូម​ជម្រាប​ផងដែរ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​នៅ​ថ្ងៃទី​៣០ ខែមិថុនា ។ គិត​ចាប់ពី​ការឡើង​អំណាច​មក លោក​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​មិត្ត​អាស៊ាន​ដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​វៀតណាម​៕


Tag:
 ហ្វីលីពីន​
  រុស្ស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com