អន្តរជាតិ
ម៉ាឡេស៊ី ចង់ឃើញ​អាស៊ាន​រួមគ្នា​តែមួយ ដើម្បី​ទប់ទល់​ឥទ្ធិពល​ទាំង​ចិន និង​អាមេរិក​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង
19, Dec 2016 , 4:23 pm        
រូបភាព
លោករដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Hishammuddin Hussein  (ឈរនៅកណ្តាល)
លោករដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Hishammuddin Hussein (ឈរនៅកណ្តាល)
ដោយ:
​ប្រមុខ​ការពារ​ម៉ាឡេស៊ី លោក Hishammuddin Hussein បាន​ទទូច​ឲ្យ​បណ្តា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​រួបរួមគ្នា​ជា​ធ្លុង​មួយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ទប់ទល់​សកម្មភាព​រប​ស់​ប្រទេស​មហាអំណាច​ដែលមាន​ចេតនា​គ្រ់បគ្រង​តំបន់​នោះ​។ សេចក្តីថ្លែងការណ៍​រប​ស់​ម៉ាឡេស៊ី ដែលជា​រដ្ឋ​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ ធ្វើឡើង​ស្របពេល​មហាអំណាច​ពីរ​គឺ​អាមេរិក និង​ចិន កំពុងតែ​ប្រឈមមុខគ្នា​ជាថ្មី​នៅក្នុង​តំបន់​ប្រទាំង​ប្រទើស​ចាស់​នោះ​។



«​ម្នាក់ឯង យើង​មិនអាច​ប្រឈម​នឹង​ពួកគេ​បានឡើយ ប៉ុន្តែ​ជា​សម្ព័ន្ធ​តែមួយ​នៃ​ប្រទេស​ទាំង​ដប់ ខ្ញុំ ជឿជាក់ថា​សូម្បីតែ​ចិន ក៏​មិន​អាចធ្វើ​ឲ្យ​យើង​ប្រែប្រួល ហើយក៏​មិនអាច​ធ្វើ​មិនដឹងមិនលឺ​ពី​ជំហរ​របស់​យើង​បានឡើយ​។​» នេះ​គឺ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម៉ាឡេស៊ី លោក Hishammuddin Hussein ដែល​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​សិង្ហ​បុរី Today ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១៩ ធ្នូ​នេះ​។

​លោក​ប្រមុខ​ការពារជាតិ​រូបនេះ ក៏បាន​បញ្ជាក់ដែរថា ម៉ាឡេស៊ី នៅតែ​រក្សា​ជំហរ​របស់ខ្លួន​ដោយ​មិន​ប្រែប្រួល​ឡើយ​ក្នុងការ​ប្រឆាំងនឹង​ការពង្រាយ ឬ​បំពាក់​សម្ភារ​យោធា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បើទោះជា​ម៉ាឡេស៊ី​ដឹង​មុន​ហើយ​ថា ជំហរ​នេះ ក៏​មានន័យថា​ជាការ​ក្រោកឈរ​ប្រឈម​នឹង​អាមេរិក និង​ចិន​ក៏ដោយ​នោះ​។ ក្នុងន័យនេះ ម៉ាឡេស៊ី ទំនងជា​នឿយហត់​លើ​សកម្មភាព​របស់​មហា​អំណាច​ទាំងពីរ គឺ​ចិន និង​អាមេរិក ដែល​ហាក់ដូចជា​ធ្វើ​អ្វី​តាមតែ​ចិត្ត ដោយ​គ្រាន់តែ​ចាត់ទុក​អាស៊ាន គឺជា​គោលដៅ​ដើម្បី​ពង្រឹង និង​ពង្រីក​អំណាច​របស់ខ្លួន នោះ​។

​តាមពិតទៅ​ការលើកឡើង ក៏ដូចជា​ទទូច​ឲ្យ​អាស៊ាន ចេះ​រួបរួម និង​សាមគ្គី​គ្នា​លើ​ជំហរ​តែមួយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​សេចក្តីថ្លែងការណ៍​ថ្មី​អ្វី​ឡើយ​។ កន្លងមក ទាំង​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ ក៏ដូចជា​ភាគី​មិន​ពាក់ព័ន្ធ​ជម្លោះ ក៏​ធ្លាប់​លើកឡើង​បែបនេះ​ផងដែរ​។ ក៏ប៉ុន្តែ​អ្វី​គួរកត់សម្គាល់​នោះ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​លើកឡើង​ស្របពេល​ដែលមាន​រឿងចម្រូងចម្រាស់​ក្នុង​បរិបទ​ថ្មី​លើ​កន្លែង​ជម្លោះ​ចាស់​។

​រឿងចម្រូងចម្រាស់​ក្នុង​បរិបទ​ថ្មី​នោះ​គឺ មាន​របាយការណ៍​ថ្មី​មួយ​ចុងក្រោយ​របស់​ស្ថាប័ន​វិភាគ​អាមេរិក «​គំនិត​ផ្តួចផ្តើម​តម្លាភាព​ដែនសមុទ្រ​អាស៊ី (AMTI) បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ពី​ការវិវត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​អះអាងថា ចិន បាន​ដំឡើង​សព្វាវុធ​ដែលជា​ប្រព័ន្ធ​ការពារ ដែលជា​ប្រភេទ​កាំភ្លើង​ធំ​ប្រឆាំងនឹង​យន្តហោះ​នៅក្នុង​មូលដ្ឋាន​មួយចំនួន​ក្នុង​កោះ​ស្ព្រា​ត​លី​។ ផ្អែក​តាម​រូបភាព​ដែល​ចាប់​ដោយ​ផ្កាយរណប AMTI បាន​ពន្យល់ថា សំណង់​ដែលជា​ប្រភេទ​ការដ្ឋាន​យោធា បាន​សាងសង់​រួចទៅហើយ​នៅ​តំបន់​កោះ ដែល​ក្រុម​អ្នកជំនាញ​ចាត់ទុកថា​ជាការ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

​ខណៈដែល​កំពុងតែ​មិន​ការប្រទាំងប្រទើស​លើ​បញ្ហា​នេះ​ស្រាប់​នោះ ក៏មាន​ឧប្បទ្ទវហេតុ​មួយ​បាន​កើតឡើង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ នោះ​គឺ ចិន បាន​រឹបអូស​ឧបករណ៍​ស្រាវជ្រាវ​ក្រោម​ទឹក​របស់​អាមេរិក ដែល​បាន​រុករក និង​ប្រតិបត្តិការ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​អាមេរិក អះអាងថា​ស្ថិតនៅក្នុង​ដែនទឹក​សមុទ្រ​អន្តរជាតិ​នោះ​។ ហើយ​ចុង​ក្រោយនេះ ក្រុង​ប៉េកាំង ក៏បាន​ព្រម​ប្រគល់​ឧបករណ៍​នោះ​ទៅ​ក្រុង​វ៉ាស៊ីនតោន​វិញ​ដែរ ដោយបាន​ពន្យល់ថា ការឃាត់ទុក​នោះ ដើម្បី​ទប់ទល់​ការ​គំរាម​ផ្សេងៗ​ដែល​អាច​កើតចេញពី​ឧបករណ៍​នោះ​។

​ជុំវិញ​របាយការណ៍​យោ​ធូប​នីយកម្ម​របស់​អ្នកស្រាវជ្រាវ​អាមេរិក​នេះដែរ ម៉ាឡេស៊ី ក៏​មិនទាន់​ប្រតិកម្ម​អ្វី​ខ្លាំងក្លា​ប៉ុន្មាន​ដែរ​។ នៅ​ថ្ងៃទី​១៥ ធ្នូ​កន្លងទៅ ប្រមុខ​ការពារជាតិ​ម៉ាឡេស៊ី​រូបនេះ បាន​អះអាងថា លោក នឹង​សរសេរ​លិខិត​ទៅកាន់​សម​ភាគី​អាមេរិក និង​ចិន​ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​រូបភាព​ដែល​បង្ហាញ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក​ពី​សកម្មភាព​យោធា​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​។

​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​សមាជិក​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ កន្លងមក​ម៉ាឡេស៊ី មិនសូវ​ជា​ចេញមុខ​ទាំង​ផ្នែក​ការទូត និង​ទាំង​ផ្នែក​យោធា​ប្រឆាំង​ចិន​ខ្លាំងក្លា ដូចជា​វៀតណាម និង​ហ្វីលីពីន​បានធ្វើ​ឡើយ​។

​តាមពិតទៅ​បើ​ក្រឡេក​ទៅ​មើល​ភាគី​នៃ​ជម្លោះ គឺមាន​តែ​ចិន និង​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​នោះទេ​។ តែ​ជាក់ស្តែង​នោះ​អាមេរិក បាន​លូកដៃ​ចូល​យ៉ាងជ្រៅ​។ បើទោះបីជា​អាមេរិក មិនមាន​ទឹកដី​ជាប់​ជាមួយនឹង​តំបន់​វិវាទ​នោះ​ក៏ដោយ អាមេរិក បាន​ប្រលូក​ខ្លួន​យ៉ាងជ្រៅ​លើ​បញ្ហា​នេះ ទាំង​ផ្នែក​ការទូត និង​ទាំង​ផ្នែក​យោធា ដ្បិត​បើ​បណ្តោយ​ចិន ឲ្យ​ធ្វើ​សកម្មភាព​បែប​នោះ សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ច្រក​ពាណិជ្ជកម្ម​មមាញឹក​លំដាប់​ទី​ពីរ​របស់​ពិភពលោក​នេះ នឹងត្រូវ​គ្រប់គ្រង​ដោយ​ចិន​ហើយ​។ ផ្នែក​ការទូត​នោះ​គឺ អាមេរិក តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​រិះគន់​ចិន ក៏ដូចជា​លើក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​កិច្ចប្រជុំ​ក្នុង​តំបន់ ដែលមាន​វត្តមាន​ចិន​នៅ​ទីនោះ​ផងដែរ​នោះ​។​

​សម្រាប់​ផ្នែក​យោធា អាមេរិក កន្លងមក បានធ្វើ​សកម្មភាព​ទាំង​តាម​មធ្យោបាយ​នាវា​ល្បាត និង​យន្តហោះ​ស៊ើបការណ៍​មកកាន់​ជម្លោះ​ដែល​ស្ថិត​ក្បែរ​តំបន់​ដែល​ចិន បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ ក្រោម​ហេតុផល​ថា ដើម្បី​អនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​សេរីភាព​នៃ​ការហោះហើរ​ដែល​ផ្តល់​ដោយ​ច្បាប់​អន្តរជាតិ​នោះ​។ ជាងនេះទៅទៀត​នោះ អាមេរិក ក៏បាន​សហការ​ណ៍​ជាមួយនឹង​បណ្តា​ភាគី​ជម្លោះ​ដែល​រួមមាន​ទាំង​ហ្វីលីពីន និង​វៀតណាម​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារ​ដែនសមុទ្រ​ដើម្បី​ទប់ទល់​ជាមួយនឹង​ចិន​ផងដែរ​។

​ដោយឡែក​សម្រាប់​អាស៊ាន​វិញ បើទោះជា​មាន​សមាជិករ​បស់​ខ្លួន​រហូតដល់​បួន​ប្រទេស មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក៏ដោយ អាស៊ាន មិនសូវ​ជាស​កម្ម​ក្នុង​ការចេញ​ថ្លែងការណ៍​ប្រតិកម្ម ឬ​ថ្កោលទោស​សកម្មភាព​ផ្សេងទៀត​នៅក្នុង​តំបន់​ជម្លោះ​នោះទេ​។ អ្វីដែល​អាស៊ាន អាចធ្វើ​បាន​នោះ គឺ​លើក​យកទៅ​ជជែក និង​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​របស់ខ្លួន​ប៉ុណ្ណោះ​។ ពេលខ្លះ និយាយ​ត្រូវ​គ្នា​អាស៊ាន ក៏​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទៅ ហើយ​ពេលខ្លះ និយាយ​ស៊ីជម្រៅ​ពេក ធ្វើ​ឲ្យ​មេដឹកនាំ​អាស៊ាន មើលមុខ​គ្នា​មិន​ចំ ឬ​អាចឈាន​ទៅដល់​ការរាំងស្ទះ​ចេញ​សេចក្តីថ្លែងការណ៍​រួម​នោះ​៕


Tag:
 ​ម៉ាឡេស៊ី​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com