អន្តរជាតិ
វិមាន​ប្រធានាធិបតី​៖​ករណី​បាញ់សម្លាប់​អ្នក​គ្រឿងញៀន​របស់លោក Duterte ពេល​ធ្វើជា​អភិបាលក្រុង គឺជា​សកម្មភាព​ស្របច្បាប់​
22, Dec 2016 , 4:06 pm        
រូបភាព
ដោយ:
​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាងថា ការសម្លាប់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ដោយផ្ទាល់​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅពេល​លោក​ធ្វើជា​អភិបាលក្រុង​នោះ គឺជា​«​សកម្មភាព​ស្របច្បាប់​នោះទេ​»​។ អ្នកនាំពាក្យ ថែមទាំង​ចាត់ទុក​ការអំពាវនាវ​របស់​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ឲ្យ​តុលាការ​ហ្វីលីពីន​ចាត់​វិធាន​លើ​សំណុំរឿង​លោក Duteter ថា​គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់ និង​ត្រឹមតែ​ជា​ទស្សនៈ​សុទ្ធសាធ​។



​ប្រធាន​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក Zeid Ra'ad Al Hussein នៅ​ថ្ងៃទី​២០ ធ្នូ បាន​ទទូច​ឲ្យ​តុលាការ​ហ្វីលីពីន​បើក និង​ដំណើរការ​ការស៊ើបអង្កេត​មួយ​លើ​ករណី​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​បាន​សារភាពថា លោក​ធ្លាប់​សម្លាប់​ជនសង្ស័យ​ដោយ​ខ្លួនឯង​ផ្ទាល់​នោះ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​ផ្លូវការ​ខ្លួន ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោក Zeid Ra'ad Al Hussein បានចាត់ទុក​សកម្មភាព​របស់លោក​ប្រធានាធិបតី Duterte ថា បាន​បំពាន​នឹង​ច្បាប់​អន្តរជាតិ​ហើយ​។ ប្រមុខ​សិទ្ធិមនុស្ស​រូបនេះ ថែមទាំង​សង្កត់ធ្ងន់ថា​៖«​តុលាការ​ហ្វីលីពីន ត្រូវតែ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដើម្បី​ជាការ​អនុវត្ត​នីតិរដ្ឋ និង​ឯករាជ្យភាព​របស់ខ្លួន​ពី​អង្គការនីតិបញ្ញត្តិ​តាមរយៈ​ការបើក​ការស៊ើបអង្កេត​វែកមុខ​ឃាតករ​»​។​

​លោក​បន្តទៀតថា​៖«​ការសម្លាប់​ដែល​ប្រព្រឹត្ត​ដោយ​លោក Duteter ដោយ​ត្រូវបាន​សារភាព​ដោយ​ខ្លួន​លោក​ផ្ទាល់ ក្នុងពេលដែល​លោក ធ្វើជា​អភិបាលក្រុង បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា​លោក អាច​ចាត់ទុកថា​ជា​ឃាតករ​»​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ នៅ​ថ្ងៃទី​២១ ធ្នូ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Ernesto Abella បាន​បញ្ជាក់ថា ការសម្លាប់​របស់លោក Duterte គឺជា​ផ្នែក​មួយ​នៃ​ចំណាត់ការ​ស្របច្បាប់​របស់​ប៉ូលិស​នោះទេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន inquirer.net ដែល​បាន​បន្តទៀតថា អ្នកនាំពាក្យ​ដដែល​នោះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​៖«​ការលើកឡើង​ពី​ការសម្លាប់​របស់លោក​ប្រធានាធិបតី​ស្របច្បាប់ ហើយ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស មាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​ទស្សនកិច្ច​លើ​បញ្ហា​នេះ​»​។ លោក ថា ការលើកឡើង​របស់​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ គ្មាន​ឥទ្ធិពល​អ្វី​ឡើយ ពោលគឺ គ្រាន់តែ​ទស្សន​មួយ​ប៉ុណ្ណោះ​។

​បន្ថែម​ពី​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ប្រធានាធិបតី លោក​រដ្ឋមន្ត្រី​ទំនាក់ទំនង​ហ្វីលីពីន Martin Andanar ក៏បាន​អះអាង​ក្នុង​កម្មវិធី​វិទ្យុ​ហ្វីលីពីន ដោយ​លោក ថ្លែងថា ករណី​លោក Duterte ត្រូវបាន​គេ​ស៊ើបអង្កេត​តាំងពី​លោក កាន់អំណាច​ជា​អភិបាលក្រុង​មកម្ល៉េះ ក៏ប៉ុន្តែ មិនមាន​ភស្តុតាង​ណាមួយ​បង្ហាញថា​លោក ពាក់ព័ន្ធ​នឹង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ឡើយ​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១៤ ធ្នូ​កន្លងទៅ ថ្លែង​នៅ​ចំ​មុខ​ក្រុម​អ្នកជំនួញ​ក្នុង​វិមាន​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) បាន​និយាយថា លោក បានសម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ដោយផ្ទាល់ នៅពេលដែល​លោក ធ្វើជា​អភិបាលក្រុង​ដា​វ៉ា​វ​នោះ​។ លោក បាន​សង្កត់ធ្ងន់ថា​៖« ខ្ញុំ បានធ្វើ​ជុំវិញ​ក្រុង​ដា​វ៉ា​វ​តាមរយៈ​ម៉ូតូ ហើយ ខ្ញុំ ក៏​ឆ្លៀត​ល្បាត​តាម​ដងផ្លូវ និង​ព្យាយាម​ស្វែងរក​កន្លែង​ដែលមាន​បញ្ហា​។ ពេលនោះ ខ្ញុំ  ចង់​ស្វែងរក​អ្នក​ចង់​តដៃ​ដើម្បី​សម្លាប់​ណាស់​។​» លោក​និយាយ​បែប​ដើម្បី​លើកទឹកចិត្ត​ប៉ូលិស​កុំ​ឲ្យ​មានការ​ភ័យខ្លាច​ក្នុងការ​អនុវត្ត​ការបញ្ជា​របស់​លោ​ក្នុងការ​បោសសម្អាត​ជនល្មើស​គ្រឿងញៀន​។ លោក​ថែមទាំង​បញ្ជាក់​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន BBC ថា លោក បានសម្លាប់​មនុស្ស​ប្រហែលជា​«​បីនាក់​»​ក្នុងពេល​ជា​អភិបាលក្រុង​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com