អន្តរជាតិ
ចិន​៖ រឿង​ដែលថា​ចិន​ប្រើ​លុយ​ពីក្រោយ​ការផ្តាច់​ចំណង​ការទូត​ប្រទេស​នៅ​អាហ្វ្រិក និង​តៃវ៉ាន់ «​គឺជា​រឿងប្រឌិត​»
22, Dec 2016 , 7:39 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​អះអាងថា មិនមាន​ការសន្យា​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ពីក្រោយ​នៃ​ការ​ផ្តាច់ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ​អា​ហ្រិ្វ​ក Sao Tome and Principe និង​កោះ​តៃវ៉ាន់​ឡើយ​។ ក្រុង​ប៉េកាំង អះអាងថា «​គោលនយោបាយ​ចិន​តែមួយ​» ត្រូវបាន​ទទួលស្គាល់​ជាស​កល​ពី​សហគមន៍​អន្តរជាតិ​ទៅហើយ​។



​ឆ្លើយតប​នឹង​សំណួរ​«​ថា​តើ​រដ្ឋាភិបាល​ចិន មានបាន​សន្យា​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ទៅកាន់​រដ្ឋាភិបាល Sao Tome and Principe ដើម្បី​ផ្តាច់ចំណង​ការទូត​ជាមួយនឹង​តៃវ៉ាន់​ឬ​អត់​?» អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ឆ្លើយ​យ៉ាងខ្លី​វិញ​ថា​«​នោះ​គឺជា​ប្រឌិត​នោះទេ​»​។ ការលើកឡើង​បែបនេះ ត្រូវបាន​ធ្វើឡើង​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២១ ធ្នូ​។

​ឱកាស​ដដែល​នោះដែរ លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying ក៏បាន​សង្កត់ធ្ងន់​ទៀតថា​៖«​ចិន មាន​តែមួយ​នោះទេ​នៅលើ​ពិភពលោក ហើយ​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​របស់​ចិន​ដែល​មិនអាច​ផ្ទេរ​ទៅណា​បានឡើយ​»​។ លោកស្រី បន្ថែមទៀតថា គោលនយោបាយ​ចិន​តែមួយ ដែល​បានទទួល​ស្គាល់​តាមរយៈ​សេចក្តីសម្រេច​លេខ ២៧៥៨ របស់​អង្គការសហប្រជាជាតិ បាន​ក្លាយជា​ឯកច្ឆន្ទ​មួយ​ទូទៅ​របស់​សហគមន៍​អន្តរជាតិ​ទៅហើយ​។ 

​សូម​រម្លឹក​ផងដែរ​ថា ប្រទេស​កោះ​អាហ្វ្រិក Sao Tome and Principe នៅ​ថ្ងៃទី​២០ ធ្នូ បានប្រកាស​ជា​ផ្លូវការ​ក្នុងការ​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយនឹង​តៃវ៉ាន់ ហើយ​ទទួលស្គាល់​អធិបតេយ្យរ​បស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។ Sao Tome and Principe គឺជា​ប្រទេស​ទីមួយ​ហើយ ដែល​បានប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយនឹង​កោះ​តែ​វ៉ាន់ ក្រោយ​លោកស្រី​ប្រធានាធិបតី Tsai Ing-wen ឡើងកាន់​អំណាច​នោះ​។

​អ្វី​គួរកត់សម្គាល់​នោះ នៅក្នុង​ថ្ងៃ​ដដែល​នៃ​ការប្រកាស​នោះ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ David Lee បាន​ថ្លែង​រិះគន់​ក្រុង​ប៉េកាំង ដែល​ចូលចិត្ត​ប្រើ​ទឹក​លុយ​របស់ខ្លួន ហើយ​តៃវ៉ាន់​នឹងមិន​ប្រឡូក​នយោបាយ​ប្រាក់​ដុល្លារ​របស់​ចិន​ទេ​។ ក្នុង​សន្និសីទកាសែត​មួយ ប្រមុខ​ការទូត​តៃវ៉ាន់​រូបនេះ​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិនគួរ​យក​ឆក់​ឱកាស​នៃ​ការខ្វះខាត​ហិរញ្ញវត្ថុ​របស់ Sao Tome and Principe ដើម្បី​អនុវត្ត​នយោបាយ​ចិន​តែមួយ​ឡើយ​។

​គិត​ចាប់ពី​កោះ​តៃវ៉ាន់ បាន​ផ្តាច់​ពី​ចិន​នៅ​ឆ្នាំ​១៩៤៩ តៃវ៉ាន់ មាន​ទំនាក់ទំនង​ការទូត​ជាមួយនឹង​ប្រទេស​ប្រមាណ​២១​ប៉ុណ្ណោះ ហើយ​ភាគច្រើន​នៃ​ប្រទេស​ទាំង​២១ ដែល​បន្ត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ គឺ​មកពី​តំបន់​អាមេរិក​ឡាទីន ខណៈ​នៅ​ទ្វីបអាហ្វ្រិក​មានតែ​ប្រទេស​ប៉ុណ្ណោះ គឺ​ស្វា​ស៊ី​ឡង់ និង​បួ​គី​ណា​ហ្វា​សូ​។

​ជុំវិញ​ចំណង​ការទូត​ដែល​តៃវ៉ាន់​សេសសល់​នេះដែរ លោក David Lee បាន​អះអាងថា តៃវ៉ាន់ សល់​សម្ព័ន្ធមិត្ត​តែ​២១​ប្រទេស ដូច្នេះ​យើង​ត្រូវ​រក្សា​ឲ្យ​បាន​។ កោះ​តៃវ៉ាន់ និង​ក្រុង​ប៉េកាំង បាន​ព្យាយាម​ទាក់ទាញ​សម្ព័ន្ធមិត្ត​របស់​គ្នា​ទៅវិញទៅមក តាមរយៈ​ការសន្យា​ផ្ដល់ជំនួយ​អភិវឌ្ឍ​សម្រាប់​ប្រទេស​កំពុង​ក្រីក្រ ប៉ុន្តែ​តៃវ៉ាន់ មិនអាច​ប្រជែង​ជាមួយ​អំណាច​ទឹកប្រាក់​សន្ធឹកសន្ធាប់​រប​ស់​ចិន​ឡើយ​។ ថ្មីៗ​នេះ ចិន ទើបតែ​បាន​ស្ដារ​ទំនាក់ទំនង​ការទូត​ជាមួយ​ហ្កំ​ប៊ី ក្នុង​ខែមីនា​។ រដ្ឋ​អាហ្វ្រិក​ហ្កំ​ប៊ី បាន​ផ្ដាច់ចំណង​ការទូត​ជាមួយ​តៃវ៉ាន់​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​៕ 


Tag:
 ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com