អន្តរជាតិ
បារាំង​កំពុង​ធ្វើជា តួឯក​ជួយ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​?
16, Jan 2017 , 8:39 pm        
រូបភាព
​ខណៈដែល​«​ដំណោះស្រាយ​រដ្ឋ​ពីរ​»​ស្ថិតក្រោម​ការគំរាមកំហែង​នៅពេលដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ប្តូរ​ទីតាំង​ស្ថានទូត​ទៅកាន់​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត បណ្តា​មេដឹកនាំ​ពិភពលោក​ស្កាត់​ជួបគ្នា​នៅ​ប៉ារីស​ដើម្បី​បង្ហាញ​ការគាំទ្រ​ដំណោះស្រាយ​មួយ​នេះ​។  បារាំង​និង​ប្រទេស​ដែល​ចូលរួម​កិច្ចពិភាក្សា​មិន​ចង់​ឲ្យ​អាមេរិក​បង្កើត​ឧបសគ្គ​ថ្មី​រារាំង​ការចរចា​សន្តិភាព និង​បំផ្លាញ​ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​ធានា​ការកកើតឡើង​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ទន្ទឹម​ជាមួយ​រដ្ឋ​អ៊ីស្រាអែល​អនុលោម​តាម​បន្ទាត់​ព្រំដែន​ឆ្នាំ ១៩៦៧​ឡើយ​។​



 តំណាង​ប្រទេស​ប្រហែល ៧០​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ក្រុងប៉ារីស​ដើម្បី​បង្ហាញ​ការគាំទ្រ​ចំពោះ​ការដោះស្រាយ​បញ្ហា​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​នៅ​ចុង​សប្តាហ៍​នេះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​គ្មាន​តំណាង​ប៉ា​ឡេ​ស្ទី​ន និង អ៊ីស្រាអែល​ចូលរួម​ក្នុង​វេទិកា​នេះឡើយ​។​

​ថ្លែង​បើក​កិច្ចប្រជុំ​នេះ ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (François Hollande) បាន​បញ្ជាក់ថា «​ដំណោះស្រាយ​រដ្ឋ​ពីរ​» នេះ​ស្ថិតក្រោម​ការគំរាមកំហែង​។ ហើយ​កិច្ចប្រជុំ​នេះ​មាន​គោលដៅ​ធំ​បំផុត​ការពារ​ការចរចា​សន្តិ​ភាព​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​កុំ​ឲ្យ​បាត់បង់​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​សហគមន៍​អន្តរជាតិ​បាន​ឯកភាពគ្នា​គាំទ្រ​អស់​រាប់​ឆ្នាំ​មកនេះ​ស្ថិតក្រោម​ការគំរាមកំហែង​។ វា​រង​ការគំរាមកំហែង​ខាងក្រៅ​ដោយសារ​ការសាងសង់​លំនៅដ្ឋាន ហើយ​វា​ក៏​រង​ការគំរាមកំហែង​ផ្នែក​នយោបាយ​ដោយសារ​ការជាប់គាំង​នៃ​ការចរចា​សន្តិភាព​។ ហើយ​វា​ក៏​រង​ការគំរាមកំហែង​ដោយសារ​ការបាត់​បង់កា​រ​ជឿជាក់​លើ​គ្នា​រវាង​ភាគី​ទាំងពីរ ខណៈដែល​ការចរចា​ស្ថិតក្រោម​ការកេងប្រវ័ញ្ច​ដោយ​ក្រុម​ជ្រុលនិយម​ផង​»​។​

​ក្នុង​កិច្ចពិភាក្សា​នេះ​បណ្តា​ប្រតិភូ​ប្រទេស​ដែល​ចូលរួមបាន​ព្រមាន​ចេតនា ភាគី​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​កុំ​ឲ្យ​ប្រើប្រាស់​សកម្មភាព​ឯកតោភាគី​ណា​ដែល​អាច​បំផ្លាញ​ដំណើរការ​នៃ​ការចរចា និង​រំលោភ​ព្រំដែន​ឆ្នាំ ១៩៦៧ នោះ​។

​រដ្ឋមន្ត្រីការបរទេស​បារាំង  Jean-Marc Ayrault ដែល​ធ្វើជា​ប្រធាន​កិច្ចពិភាក្សា​នេះ​បាន​សង្កត់ធ្ងន់ថា បន្ត​សាងសង់​សំណង់​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​របស់​អ៊ីស្រាអែល​ក៏​ក្លាយជា​ឧបសគ្គ​ធំ​រារាំង​ការ​ឈានទៅ​បញ្ចប់​បញ្ហា​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ក៏ដូចជា​បង្កើត​សន្តិភាព​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។ ហើយ​លោក​សង្កត់ធ្ងន់ថា ការដោះស្រាយ​បញ្ហា​ប្រទេស​ទាំងពីរ​ត្រូវតែ​ធ្វើឡើង​ស្របតាម​បន្ទាត់​ព្រំដែន​ឆ្នាំ ១៩៦៧​។​

​ក្រោយ​ចប់​កិច្ចប្រជុំ មេដឹកនាំ​ទាំងអស់​បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​មានន័យថា រដ្ឋ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​កើតឡើង​ទន្ទឹមគ្នា​ស្ថិតក្រោម​ព្រំដែន​ឆ្នាំ ១៩៦៧​។ 

​ការរៀបចំ​កិច្ចពិភាក្សា​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខ្នះខ្នែង​របស់​មហាអំណាច​បារាំ​ង​ក្នុង​ការជួយ​ដោះស្រាយ​វិបត្តិ​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​ជំនួស​មហាអំណាច​ផ្សេងទៀត​។  បារាំង​ធ្លាប់​រៀបចំ​កិច្ចពិភាក្សា​នេះ​ម្តង​ដែរ​នៅ​ខែមិថុនា​ឆ្នាំ ២០១៦ ក្រោយ​ពេលដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេងទៀត​បោះបង់​គោលបំណង​ជួយ​ដោះស្រាយ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​នេះ​ដោយសារ​ការចរចា​ជាប់គាំង​។

១.​អ៊ីស្រាអែល​៖ «​ការចរចា​ផ្ទាល់​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដង្ហើមចុងក្រោយ​នៃ​អតីត​»

​ក្នុង​កិច្ចពិភាក្សា​ដែល​បារាំង​ផ្តួចផ្តើម​នេះ មិនមាន​វត្តមាន​តំណាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ចូលរួម​នោះឡើយ​។ ដែល​នេះ​មានន័យថា វា​មានតែ​អ្នក​ក្រៅ​ប៉ុណ្ណោះ​ដែល​ឈឺឆ្អាល​រឿង​រក​ដោះស្រាយ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​។

​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ផ្ញើ​លិខិតអញ្ជើញ​ទៅកាន់​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas  និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) ស្នើ​ឲ្យ​អ្នក​ទាំងពីរ​មកជួប​ទ​ល់​មុខ​ដើម្បី​ពិភាក្សាគ្នា​ពី​លទ្ធផល​នៃ​ការ​កិច្ចពិភាក្សា​នៅ​បារាំង​នេះ​។ តែ​គួរ​ឲ្យ​សោកស្តាយ​បំផុត​នោះ​គឺ មានតែ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas   ប៉ុណ្ណោះ​ដែល​ព្រម​ទទួល​ការអញ្ជើញ​នេះ ខណៈដែល​អ៊ីស្រាអែល​ទាត់ចោល​។

​តាំងពីរ​ដើម​មក​លោក ណេ​តាន់​យ៉ា​ហ៊ូ បានទាមទារ​ឲ្យ​មាន​ការចរចា​ទ្វេភាគី​ដោយផ្ទាល់​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ដោយ​អះអាងថា​វា​នឹង​បង្កើត​សន្តិភាព​។ ដែល​នេះ​មានន័យថា វា​មិនត្រូវ​មានការ​លូកលាន់​ពី​ខាងក្រៅ​ឡើយ ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុង​ការចរចា​គ្នា​។ ប៉ុន្តែ​មកដល់ពេលនេះ ណេ​តាន់​យ៉ា​ហ៊ូ បានប្រកាសថា ការចរចា​ក្លាយជា​«​ដង្ហើមចុងក្រោយ​នៃ​អតីតកាល​»​រួចទៅហើយ​។ 

​ថ្វីបើ​មានការ​លើកឡើង​ពីរ​ការចរចា​ផ្ទាល់​ក៏ដោយ បច្ចុប្បន្ននេះ​អ៊ីស្រាអែល​នៅតែ​បន្តសកម្មភាព​រំលោភបំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដោយ​បន្ត​ការសាងសង់​សំណង់​លំនៅដ្ឋាន​លើ​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត​។ ការបង្កើន​ល្បឿន​ការសាងសង់​នេះ​ធ្វើឡើង​ដើម្បី​ផ្គើន​សហគមន៍​អន្តរជាតិ ជាពិសេស​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​អនុម័ត​កាលពី​ខែ​មុន​នោះ​។ 

២.​ដូ ណា​ល់​ត្រាំ ធ្វើ​ឲ្យ​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន កាន់តែ​ស្មុគស្មាញ​

​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​កាន់តែ​ចម្រូងចម្រាស​និង​ស្មុគស្មាញ​ខ្លាំង​ក្រោយ​ការជាប់ឆ្នោត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ ចំណែក​ដំណោះស្រាយ​រដ្ឋ​ពីរ​ដ៏​សំខាន់​ដែល​សហគមន៍​អន្តរជាតិ​គាំទ្រ​នោះ​ស្ថិតក្នុង​គ្រោះថ្នាក់​ដោយសារ​ការប្រកាស​ផ្លាស់ប្តូរ​ស្ថានទូត​ពី Tel Aviv ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត​។

​ពាក់ព័ន្ធ​ការ​សម្តី ដូ​ណា​ល់ ត្រាំ  ក្នុង​បទសម្ភាសន៍​ជាមួយ France 3  TV រដ្ឋមន្ត្រីការបរទេស​បារាំង  Ayrault បាន​ទិតៀន​រដ្ឋបាល​អាមេរិក​ថ្មី រួចទៅហើយ​ចំពោះ​ការសន្យា​ប្តូរ​ទីតាំង​ស្ថានទូត​នេះ​។ ប្រមុខ​ការទូត​បារាំង​នេះ​បានបញ្ជាក់​ច្បាស់​ថា​ការសម្រេច​របស់លោក ដូ​ណា​ល់ ត្រាំ ជាការ​បង្ករឿង​និង​បំផ្លាញ​ផ្លូវ​រក​សន្តិភាព​។​

«​នៅពេល​អ្នកជា​ប្រធានាធិបតី​អាមេរិក អ្នក​មិនអាច​ធ្វើ​សកម្មភាព​ទទឹងទិស និង​ឯកតោភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​បែបនេះ​ទេ​។ អ្នក​ត្រូវ​ព្យាយាម​បង្កើត​ស្ថានភាព​និង​លក្ខខណ្ឌ​ណាមួយ​ដែល​អាច​រក្សា​សន្តិភាព​បាន​»​។ 

​ចំណែក​ប្រធាន​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន បាន​ព្រមាន​រួចហើយ​ថា ការប្តូរ​ទីតាំង​ស្ថានទូត​នេះ​នឹង​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​។ ហើយ​ការធ្វើ​ដូច ដូ​ណា​ល់ ត្រាំ បានលើកឡើង​នោះ​មិន​ខុសពី​បំផ្លាញ​រាល់​ផ្លូវ​រក​ទៅរក​សន្តិភាព​ឡើយ​។​

​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចាត់ទុក​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត​ដែល​អ៊ីស្រាអែល​កំពុងកាន់​កាប់​ជា​រដ្ឋធានី​នាពេល​អនាគត​របស់ខ្លួន តែ​អ៊ីស្រាអែល​ក៏​ប្រកាស​យក​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​រដ្ឋ​ធានា​របស់ខ្លួន​។ ដូច្នេះហើយ​ការកំណត់​លក្ខន្តិកៈ​នៃ​ទីក្រុង​នេះ​ជា​ចំណុច​ចម្រូងចម្រាស​បំផុត​មួយ​ក្នុង​ជម្លោះ​រ៉ាំរ៉ៃ​នេះ​។​

 ត្រឡប់មកវិញ រដ្ឋបាល​អាមេរិក​ថ្មី​កាន់តែ​ធ្វើ​ឲ្យ​គ្រប់យ៉ាង​កាន់តែ​អាក្រក់​ឡើង ប៉ុន្តែ​ការសន្យា​ប្តូរ​ទីតាំង​ស្ថានទូត​នេះ​មិនមែនជា​រឿង​ថ្មី​ឡើយ​។  នៅ​អាមេរិក សមាជិកសភា​បក្ស​សាធារណរដ្ឋ​ច្រើន​ដែល​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការផ្លាស់ប្តូរ​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត ដោយ​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​។ ដូច​ឃើញស្រាប់​នៅ​ឆ្នាំ ១៩៩៥ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការប្តូរ​ទីតាំង​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។​

​ប៉ុន្តែ​ទាំង​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​មិនបាន​អនុវត្ត​ច្បាប់​នេះឡើយ ដោយសារ​វា​រំលោភ​លើ​អំណាច​ប្រតិបត្តិ​ពាក់ព័ន្ធ​ការអនុវត្ត​គោលនយោបាយ​ការបរទេស​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​អ្នកនយោបាយ​ម្នាក់​ដែល​ខ្វាយខ្វល់​ខ្លាំង​រឿង​ដោះស្រាយ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដោយ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ដំណោះស្រាយ​រដ្ឋ​ពីរ បដិសេធ​ដាច់ខាត​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​។ ប៉ុន្តែ​លើក​នេះ កាន់តែ​គ្រោះថ្នាក់​ខ្លាំង  ដោយសារ​ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា ក៏ដូចជា​សេត​វិមាន​សុទ្ធតែ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​បណ្តា​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​ទាំងអស់​។​

៣.​ហេតុអ្វី ហ្ស៊េ​រុយ​សា​ឡិ​ម ជា​សំណុំរឿង​ចម្រូងចម្រាស​បំផុត​នៃ​ការចរចា​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​?

​ក្រៅពី​ភាព​ពិសិដ្ឋ ហ្ស៊េ​រុយ​សា​ឡិ​ម​ជាទី​ក្រុង​មួយ​ដ៏​ចម្រូងចម្រាស​ដែល​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ថា​ជា​របស់​ភាគី​ណា ទោះជា​វា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​ក៏ដោយ​។ ហើយ​វា​ក៏​ជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។

​តាមពិតទៅ អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​។

​ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី សហរដ្ឋអាមេរិក និង​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ​មិនបាន​ទទួលស្គាល់​សកម្ម​ភាព​របស់​អ៊ីស្រាអែល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ​។ គេ​ចាត់ទុកថា​ការកំណត់​លក្ខន្តិកៈ​នៃ​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ចំណុច​ស្នូល​មួយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ផង​។​

​មិនមាន​ប្រទេស​ណា​ដាក់​ស្ថានទូត​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ ដោយសារតែ​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ពី​អ្នកមាន​សិទ្ធិ​កាន់កាប់​។ គេ​ដាក់​ស្ថានទូត​នៅ​នៅ​ទីក្រុង Tel Aviv តែ​អាមេរិក​និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​ដាក់​ស្ថាន​កុងស៊ុល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​៕


Tag:
 ​ដំណោះស្រាយ​រដ្ឋ​ពីរ​
  François Hollande
  Jean-Marc Ayrault
© រក្សាសិទ្ធិដោយ thmeythmey.com