ជាតិ
ក្រសួង​ជ្រើសរើស​និស្សិត​ស្ម័គ្រចិត្ត​ឲ្យ​ជួយ​បង្កើត និង​គាំទ្រ​ក្លិប​គណិតវិទ្យា និង​វិទ្យាសាស្ត្រ តាម​វិទ្យាល័យ​
21, Jan 2017 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​និស្សិត​ស្ម័គ្រចិត្ត ចំនួន​៣០០​នាក់ ដើម្បី​ជួយ​បង្កើត និង​គាំទ្រ​ក្លិប​សិក្សា​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា  នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​។ ការជ្រើសរើស​នោះ ផ្ដោតទៅលើ​និស្សិត​ដែល​កំពុង​សិក្សា​ឯកទេស​គណិតវិទ្យា រូបវិទ្យា និង​គីមី​វ​ទ្យា​តែប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​។​



​បើ​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​១៩ មករា ក្រសួង ត្រូវការ​ជ្រើសរើស​និស្សិត​ស្ម័គ្រចិត្ត ចំនួន​៣០០​នាក់ ក្នុងការ​បង្កើត និង​គាំទ្រ​ក្លិប​សិក្សា​និង​ស្វ័យ​សិក្សា​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា របស់​សិស្ស​កំពុង​សិក្សា នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​។ ការបង្កើត​ក្លិប​នេះ  ដើម្បី​ជួយ​ឲ្យ​កំណែទម្រង់​វិស័យ​អប់រំ​មួយ​នេះ ពង្រឹងគុណភាព​និង​ប្រសិទ្ធភាព​នៃ​ការអប់រំ ការបណ្ដុះបណ្ដាល និង​ការកសាង​សមត្ថភាព ឲ្យ​កាន់តែ​ទទួលបាន​ភាពជោគជ័យ​បន្ថែមទៀត​។

​ជាមួយគ្នានេះ និស្សិត​ស្ម័គ្រចិត្ត​ទាំងអស់ នឹង​ទទួលបាន​អត្ថប្រយោជន៍ ក្នុងការ​បណ្ដុះបណ្ដាល​ប​ន្ថែ​ម និង​មានឱកាស​ពង្រឹង​ចំណេះដឹង និង​បទពិសោធន៍ ជំនាញ​ឯកទេស ជំនាញ​ទន់ និង​គុណធម៌​ជាដើម​។ បន្ថែម​លើ​នេះ នឹង​ទទួលបាន​ការចូលរួម​ចំណែក និង​ចូលរួម​វិភាគទាន ក្នុង​ការជួយ​សហគម​ន៍ ការអភិវឌ្ឍ​ការអប់រំ ការគាំទ្រ​ការលើកទឹកចិត្ត​ពី​ក្រសួង​អប់រំ និង​ដៃគូ​អភិវឌ្ឍ​ជាតិ និង​អន្តរជាតិ​។ ជាពិសេស​ទទួលបាន​លិខិតបញ្ជាក់​លិខិត​សរសើរ ឬ​រង្វាន់​លើកទឹកចិត្ត​ផ្សេងៗ​ពី​ក្រសួង​អប់រំ​។​

​ជាការ​កត់សម្គាល់​លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស និស្សិត​ស្ម័គ្រ​ទាំងអស់​ត្រូវជា​និស្សិត​កំពុង​សិក្សា​ជំនាញ​ឯកទេស​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា នៅតាម​គ្រឹះស្ថាន​អប់រំ​ផ្សេងៗ និង​ត្រូវមាន​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​។ ម្យ៉ាងទៀត ត្រូវមាន​ឆ​ន្ទះ និង​ការប្ដេជ្ញាចិត្ត​ខ្ពស់ និង​មាន​ពេលវេលា​ទំនេរ​នៅ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ ឬ​មាន​ពេលទំនេរ​នៅពេល​ល្ងាច​ពី​ចន្ទ ដល់​សុក្រ​។​

​សម្រាប់​និស្សិត​ដែលមាន​ចំណាប់អារម្មណ៍ អាចមក​ចុះឈ្មោះ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ​។ ចំពោះ​ការទទួល​ពាក្យ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៥​ល្ងាច​។ និស្សិត​ស្ម័គ្រចិត្ត ក៏​អាច​ចូលទៅ​កាន់ https://goo.gl/forms/DocEZO4guq8XnhJq2 ដើម្បី​ចុះឈ្មោះ​។ សម្រាប់​ព័ត៌មាន​លម្អិត ទំនាក់ទំនង​លេខ​ទូរ​សព្ទ ០១៥ ៧៦៣ ៣៩៦/ ០៨៥ ៩៥ ៧៧៧៧ / ០៣១ ៦៦៦៦ ៨៤៧ ឬ អ៊ី​ម៉ែ​ល​៖ [email protected]/[email protected]/[email protected]


Tag:
 ​ក្រសួង​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com