ជាតិ
សាលា​រាជធានី​ភ្នំពេញ ដំឡើង​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី
21, Jan 2017 , 10:19 am        
រូបភាព
ដោយ:
​ភ្នំពេញ៖ ​សាលា​រាជធានី​ភ្នំពេញ​បាន​ដំឡើង​ភ្លើងស្តុប​ថ្មី បាន​ចំនួន​៨៤​កន្លែង​ហើយ​ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២០ ខែមករា​នេះ​។ គម្រោង​ដំឡើង​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី ចំនួន​១០០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ដែលជា​បញ្ហាសំខាន់​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​



​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២០ ខែមករា​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ដំឡើង​ភ្លើងស្តុប​ថ្មី​ចំនួន​៨៤​កន្លែង​ហើយ​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្រោម​ជំនួយ​បច្ចេកទេស និង​ថវិកា​ចំនួន​១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​អង្គការ​JICA របស់​ប្រទេស​ជប៉ុន គម្រោង​ដំឡើង​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី ចំនួន​១០០​កន្លែង​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ដែលជា​បញ្ហាសំខាន់​មួយ​ក្នុង​រាជធានី​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់ប្រាប់ VOA ថា​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី មិន​ត្រឹមតែ​អាចជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​កាត់បន្ថយ​បទល្មើស​ចរាចរណ៍ និង​បទល្មើស​នានា​ក្នុង​រាជធានី​ភ្នំពេញ​ទៀតផង​។​

​លោក​ពន្យល់ថា​ភ្លើងស្តុប​ថ្មី​នេះ គឺជា​ប្រព័ន្ធ​ត​ភ្ជាប់​គ្នា​ដែល​អនុញ្ញាត​ឲ្យ ក្រុមការងារ​អាច​គ្រប់​គ្រង និង​បញ្ជា​ភ្លើងស្តុប​ចរាចរណ៍ ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ នៅ​បន្ទប់​ត្រួតពិនិត្យ​។​

«​យើង​អាច​បញ្ជា Remote ពី​កន្លែង​ស្តង់ដា​ទៅ​សម្រាប់ធ្វើ​ការងារ គ្រប់គ្រង​ចរាចរណ៍ បិទ​បើក​ភ្លើងស្តុប ឬ​សា​រ៉េ​នាទី​បាន​។ ឧទាហរណ៍​ថា ចរាចរណ៍​នៅ​ផ្លូវ​អី​មួយ​កំពុង​កកស្ទះ​ខ្លាំង តាម​លំហូរ​ភ្លើងស្តុប​ធម្មតា ចឹ​ង​យើង​អាច​បញ្ជា​ពី​ហ្នឹង​ទៅ អាច​ថា​ឲ្យ​ភ្លើង​លឿង​យូរ​តិច ឬ​ឲ្យ​ខៀវ​យូរ​តិច​សិន​។ ចឹ​ង​លំហូរ​ចរាចរណ៍​លឿន​ជាង​មុន​»​។​

​បន្ថែម​ពីនេះ ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​នេះ ក៏មាន​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​សុវត្ថិភាព និង​ឧបករណ៍​ត្រួតពិនិត្យ​ដែល​អាច​គ្រប់គ្រង​ទៅលើ​ការ​ជិះ​ហួស​ល្បឿន​កំណត់ ឬ​ការមិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជាដើម​។​

​ក៏ប៉ុន្តែ លោក ម៉េ​ត មាស​ភក្តី មិនទាន់​អាច​បញ្ជាក់បាន​ថា ដំណើរការ​ផ្លូវការ​នៃ​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​នេះ​នឹង​ធ្វើឡើង​នៅពេលណា​នោះទេ​។​

​បើតាម​ទិន្នន័យ​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​ត្រឹម​ចុងឆ្នាំ​២០១៦​នេះ នៅ​រាជធានី​ភ្នំពេញ មាន​រថយន្ត​ចំនួន​ជាង​៤៤​ម៉ឺន​គ្រឿង និង​ម៉ូតូ​ចំនួន​ជាង​១​លាន​៦​សែន​គ្រឿង​។​

​ស្រប​ពេលដែល​ការអភិវឌ្ឍ​ក្នុង​ក្រុងភ្នំពេញ​មានការ​រីកដុះដាល ការធ្វើ​ចរាចរណ៍​ក៏មាន​ភាព​កកស្ទះ​ខ្លាំង​ឡើងៗ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​ពេលព្រឹក ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ចេញពី​កន្លែងធ្វើការ​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​។  ហើយ​សេវា​រថយន្តក្រុង​រាជធានី ដែល​ទើប​តែមាន​អាយុ​ជិត​២​ឆ្នាំនេះ នៅមាន​ភាពយឺតយ៉ាវ​នៅឡើយ​។ 

​លោក អ៊ា ចរិយា អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ទទួលស្គាល់ថា​ប្រព័ន្ធ​ភ្លើងស្តុប​ថ្មី​នេះ អាចជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​បាន​។ លោក​ថា ការដំឡើង​ប្រព័ន្ធ​ដូចគ្នានេះ ក៏មាន​នៅក្នុង​ប្រទេស​អភិវឌ្ឍ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ និង​បទល្មើស​នានា​ផងដែរ​។​

«​វា​អាច​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​បាន ដាក់​ភ្លើងស្តុប​ដែលមាន​កាំ​មេ​រ៉ា ហើយ​មាន​មណ្ឌលកណ្តាល​មួយ​សម្រាប់​ត្រួតពិនិត្យ​ការកកស្ទះ​នៅតាម​កន្លែង​ភ្លើងស្តុប​នីមួយៗ ហើយ​គាត់​អាច​កំណត់​នាទី​ដល់​ភ្លើងស្តុប​ហ្នឹង​បាន​»​។​

​ក៏ប៉ុន្តែ​លោក​ថា ការដំឡើង​ភ្លើងស្តុប​តែមួយ​មុខ​នោះ មិនទាន់​ជា​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធិភាព​នោះទេ​។ លោក​ថា កម្ពុជា​ត្រូវការ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ដែល​ទូលំទូលាយ ដើម្បី​ឲ្យ​បញ្ហា​កកស្ទះ​ចរាចរណ៍​មាន​ភាពល្អប្រសើរ​។​

​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ កន្លងទៅ រដ្ឋាភិបាល​កម្ពុជា​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​២០០​គ្រឿង​ដើម្បី​ដាក់​នៅតាម​ភ្លើងស្តុប​នៃ​មហាវិថី​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​។ ចាប់តាំងពី​ដើមឆ្នាំ​២០១៦​មក កម្ពុជា​បានចាប់ផ្តើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដែលមាន​កម្រិត​ពិន័យ​ធ្ងន់​ជាង​ច្បាប់​ចរាចរណ៍​ចាស់​។​

​រយៈពេល​មួយឆ្នាំ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​កម្ពុជា លោក អ៊ា ចរិយា កត់សម្គាល់​ឃើញថា​កម្ពុ​ជាមាន​ការ​រិត​បន្តឹង​ច្បាប់ និង​មានការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ចរាចរណ៍​ប្រសើរ​ជាង​មុន​ដែរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com