អន្តរជាតិ
លោក អូបាម៉ា ធ្លាប់ប្រាប់យុវជន«YSEALI»ថាលោកអាចនឹងទៅសម្រាកលេងនៅឡាវជាថ្មី ពេលលោកចប់អាណត្តិប្រធានាធិបតី ![](https://image.thmeythmey.com/pictures/2017/01/21/yseali.jpg)
×![]()
លួងប្រាបាង, ឡាវ៖ ការអនុវត្ត«គោលនយោបាយឆ្ពោះមកកាន់អាស៊ី»របស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មិនត្រឹមតែបង្កើតកិច្ចសហប្រតិបត្តិការច្រើនរវាងអាមេរិក និងប្រទេសក្នុងតំបន់នេះនោះទេ ក៏ប៉ុន្តែ លោក ក៏បានបង្កើតប្រវតិ្តសាស្ត្រក្នុងនាមជាប្រធានាធិបតីអាមេរិកមកកាន់ប្រទេសអតីតសមភូមិនៅអំឡុងសង្គ្រាមត្រជាក់នៅអាស៊ីអាគ្នេយ៍ផង។ នោះគឺ ឡាវ ដែលជាប្រទេសចុងក្រោយដែលលោកបានបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី និងអាស៊ីអាគ្នេយ៍។
លោកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅខែកញ្ញា ឆ្នាំមុន បានបិទបញ្ចប់ដំណើរទស្សនកិច្ចលើកទី១១មកកាន់តំបន់អាស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់រួមមានទាំងក្នុងប្រទេសឡាវ ដែលទីនោះហើយ ដែលលោក បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានមកដល់ប្រទេសឡាវនោះ។ ទោះលោក ត្រូវបញ្ចប់អាណត្តិប្រធានាធិបតីហើយក៏ដោយ លោក អូបាម៉ា មិនបំភ្លេចអាស៊ីអាគ្នេយ៍ឡើយ។ លោក អូបាម៉ា ធា្លប់បានសន្យាថា លោក នឹងទៅលេងនៅប្រទេសឡាវជាថ្មី តែមិនមែនក្នុងនាមជាប្រធានាធិបតីអាមេរិកទៀតឡើយ។
គេមិនទាន់ភ្លេចនៅឡើយនោះទេព្រឹត្តិការណ៍មួយ ឆ្លៀតពេលក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំពាក់ព័ន្ធនៅឡាវ ក្នុងវៀងចន្ទន៍ លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី០៧ ខែកញ្ញាឆ្នាំមុន ក៏បានបំពេញទស្សនកិច្ចនៅក្នុងតំបន់បុរាណ និងវប្បធម៌«លួងប្រាបាង»នៃប្រទេសឡាវផងដែរ។ ហើយក្នុងថ្ងៃដដែលនោះដែរ លោកប្រធានាធិបតី ក៏ជួបជាមួយនឹងយុវជនអាស៊ានដែលជាសមាជិក YSEALI ដើម្បីជជែក និងស្វែងយល់ពីគ្នាទៅវិញទៅមក ដ្បិត ជំនួបនោះ ក៏ជាជំនួបចុងក្រោយរវាងរូបលោក ជាមួយនឹងក្រុមយុវជនក្នុងនាមជាប្រធានាធិបតីអាមេរិក។
អ្វីគួរកត់សម្គាល់ លោក អូបាម៉ា ដែលបានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់មកកាន់ឡាវតាមរយៈដំណើរទស្សនកិច្ចផ្លូវការមកកាន់អាស៊ីក្នុងនាមជាប្រធានាធិបតីនោះ បានថ្លែងចំពោះមុខយុវជនប្រមាណជិត២០០នាក់ ថា លោក ចំណាយពេលមកកម្សាន្តនៅឡាវជាថ្មី ក្រោយលោក បញ្ចប់អាណត្តិប្រធានាធិបតី។
លោកប្រធានាធិបតីជិតផុតអាណត្តិរូបនោះ បាននិយាយក្នុងទឹកមុខញញឹម និងផ្តល់ក្តីសង្ឃឹមដល់យុវជនអាស៊ានយ៉ាងដូច្នេះថា «ខ្ញុំ សន្យាទៅកាន់អ្នក ថា ខ្ញុំ នឹងត្រលប់មកវិញ នៅពេលដែលខ្ញុំ មិនមែនជាប្រធានាធិបតី។ ហើយអ្វីដែលជារឿងល្អនោះគឺ នៅពេលខ្ញុំត្រលប់មកនោះ ខ្ញុំ នឹងមិនមានសន្តិសុខច្រើនទៀតនោះទេ។ ហើយដូច្នេះ ខ្ញុំ អាចអង្គុយ ហើយសម្រាក ដោយមិនមមារញឹកដូចពេលមុនឡើយ»។
តាមការអះអាងរបស់ លោក អូបាម៉ា លោក ធ្លាប់រស់នៅឥណ្ឌូនេស៊ីកាលលោកនៅវ័យកុមារ ហើយម្តាយរបស់លោក បានបំពេញការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយស្ត្រីនៅតាមភូមិដើម្បីជួយលក់កន្សែង ឬក្រមារបស់ពួកគេដើម្បីរកចំណូលសម្រាប់គ្រួសារ។ នេះ ក៏ជាផ្នែកមួយដែល ជំរុញឲ្យលោក ចូលចិត្ត និងមានទស្សនវិស័យមកកាន់តំបន់អាស៊ីអាគ្នេយ៍៕
Tag:
អាមេរិក
ឡាវ
YSEALI
© រក្សាសិទ្ធិដោយ thmeythmey.com