ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋាន​ពន្ធដា​រ ឲ្យ​សហគ្រាស​កែតម្រូវ​លិខិត​ប្រកាស​ពន្ធ​ដែល​មិន​ត្រឹមត្រូវ​ដើម្បី​រួច​ទោស​
21, Jan 2017 , 4:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​ឲ្យ​សហគ្រាស​ចូលខ្លួន​ធ្វើការ​កែតម្រូវ​ដោយ​ស្ម័គ្រចិត្ត​នូវ​បញ្ជិកា​គណនេយ្យ និង​លិខិត​ប្រកាស​ពន្ធ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ មុន​ថ្ងៃទី​១ ខែមេសា​ឆ្នាំ​២០១៧ ដើម្បី​រួច​ទោសទណ្ឌ​នានា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ ចុះ​ថ្ងៃទី​១៩​ខែមករា​។​



​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​អះអាង​តាមរយៈ​សេចក្ដីជូនដំណឹង​ខាងលើនេះ​ថា ការកាន់កាប់​បញ្ជិកា​គ​ណ​នេ​យ្យ​របស់​សហគ្រាស​មួយចំនួន​មិនទាន់​ត្រឹមត្រូវ​តាមច្បាប់​នៅឡើយ ដែល​នឹង​ជះឥទ្ធិពល​ដល់​ការគោរព​ច្បាប់​ស្ដីពី​ពន្ធដារ និង​ជាហេតុ​នាំ​ឲ្យ​សហគ្រាស​ទាំងនោះ ត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ​នានា​តាមច្បាប់ ព្រមទាំង​ប៉ះពាល់​ដល់​ការប្រមូល​ចំណូល​រដ្ឋ​។​

​កន្លងមក​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ បាន​ណែនាំ​និង​ជំរុញ​ឲ្យ​សហគ្រាស​មក​ធ្វើការ​កែតម្រូវ​បញ្ជិកា​គណនេយ្យ​និង​លិខិត​ប្រកាស​បង់ពន្ធ​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ​។ សេចក្ដីជូនដំណឹង​ដដែល​បញ្ជាក់ថា មាន​សហគ្រាស​មួយចំនួន​បានមក​កែតម្រូវ​បញ្ជិកា​គណនេយ្យ​និង​លិខិត​ប្រកាស​ពន្ធ​ឡើងវិញ​តាម​ការស្ម័គ្រចិត្ត ប៉ុន្តែ​សហគ្រាស​មួយចំនួនទៀត​ដែលមាន​បញ្ហា​ដូចគ្នា​ដែរ​នេះ នៅ​មិនទាន់​ហ៊ាន​ចូលខ្លួន​មក​ធ្វើការ​កែតម្រូវ​លិខិត​ប្រកាស​ពន្ធ​ឡើយ ដោយហេតុថា​នឹងត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ​នានា​។​

​ដើម្បី​ពង្រឹង​ការប្រមូល​ចំណូល​សារពើពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព អគ្គនាយកដ្ឋាន​ពន្ធដា​រស​ម្រេច​លើកទឹកចិត្ត​ដោយ​អនុគ្រោះ​លើកលែង​ទោសទណ្ឌ​នានា ចំពោះ​សហគ្រាស​ណា​ដែល​ស្ម័គ្រចិត្ត​ចូលខ្លួន​មក​កែតម្រូវ​បញ្ជិកា​គណនេយ្យ​និង​លិខិត​ប្រកាស​ពន្ធ​ឡើងវិញ​យ៉ាងតិច​រយៈពេល​៣​ឆ្នាំ​ថយក្រោយ ឲ្យ​បាន​មុន​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៧ ។ ក្នុងករណី​សវន​ករ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​រកឃើញថា មាន​ប្រាក់​ពន្ធ​ត្រូវ​បង់​បន្ថែម ក្នុងអំឡុង​ពេលធ្វើ​សវនកម្ម សហគ្រាស​ទាំងនោះ​នឹងមិន​ទទួលបាន​ការលើកទឹកចិត្ត​នេះ​ទេ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​៕


Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com