អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្បថ​ចូល​ភា្ល​ម ត្រាំ ប្រើ​អំណាច​ប្រតិបត្តិ​បើកផ្លូវ​ដើម្បី​លុប​ប្រព័ន្ធ​សុខាភិ​បាល​អូ​បា​ម៉ា​
21, Jan 2017 , 11:08 am        
រូបភាព
ប្រភព៖ Getty image
ប្រភព៖ Getty image
​ដូច​រំពឹងទុក ប្រធានាធិបតី​ទី​៤៥ ដែល​ទើបបាន​អំណាច​ពេញដៃ​ក្តៅៗ បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ (executive order) ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​លើ​ច្បាប់​ធានារ៉ាប់រង​សុខភាព​របស់លោក អូ​បា​ម៉ា (Obamacare)​។  គេ​វាយតម្លៃថា គាស់​រំលើង​មរតក​នយោបាយ​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រហែលជា​បំណង​ធំ​បំផុត​របស់​រដ្ឋបាល​ថ្មី​នេះ​។



​ក្រោយ​ស្បថ​ចូលកាន់​តំណែង​មិនបាន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង បុរស​មាន​ឥទ្ធិពល​លើសគេ​លើ​ភពផែនដី ដូ​ណា​ល់ ត្រាំ បាន​ទាញ​ប៊ិច​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​កាត់បន្ថយ​ការចំណាយ​រដ្ឋ​លើ​ច្បាប់​ធានារ៉ាប់រង​ដែល​បន្សល់ទុក​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។​

​បើតាម​ទីភ្នាកងារ​ព័ត៌មាន AFP ប្រធាន​បុគ្គលិក​ប្រចាំ​សេត​វិមាន​លោក Reince Priebus បាន​អះអាងថា បទបញ្ជា​ប្រតិបត្តិ​ថ្មី​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ដូ​ណា​ល់ ត្រាំ នៅ​ការិយាល័យ​ពងក្រពើ (Oval Office) ហើយ​វា​មាន​គោលដៅ​សំខាន់​បន្ថយ​រាល់​បន្ទុក​សេដ្ឋកិច្ច​ដែល​បង្កើត​ដោយ​ច្បាប់​សុខាភិបាល​អូ​បា​ម៉ា ដែល​ត្រូវបាន​ដាក់ចេញ​ឆ្នាំ ២០១០​។ វា​ជា​ជំហាន​មួយ​ឆ្ពោះទៅ​លុបចោល​បទបញ្ញត្តិ​ដែល​លោក អូ​បា​ម៉ា ចុះហត្ថលេខា​ផ្ទាល់ដៃ​នោះ​។​

​ប្រព័ន្ធ​សុខាភិបាល Obamacare មាន​គោលបំណង​សំខាន់​ធានាថា ប្រជាជន​អាមេរិក​វណ្ណៈ​កណ្តាល​និង​វណ្ណៈ​ទាប​មានលទ្ធភាព​អាច​ទទួលបាន​ការថែទាំ​ង​ផ្នែក​សុខ​ភិ​បាល​បានល្អ​។ ច្បាប់​នេះ​មានលទ្ធភាព​ជួយ​ឲ្យ​ប្រជាជន​អាមេរិក ២០​លាន​នាក់​ដែល​មិន​ទទួលបាន​សេវា​ពីរ​ដ្ឋ​ឬ​ម្ចាស់​ក្រុមហ៊ុន​ខ្លួន​នោះ អាច​ទទួលបាន​សេវា​ធានារ៉ាប់រង​សុខភាព​ត្រឹមត្រូវ​។ ច្បាប់​នេះ​បន្ថយ​កម្រិត​ប្រជាជន​គ្មាន​ធានារ៉ាប់រង​សុខាភិបាល​ពី ១៦​ភាគរយ​នៅ​ឆ្នាំ ២០១០ មក​ត្រឹម ៨,៩ ភាគរយ​នៅ​ឆ្នាំ ២០១៦​។

​យោងតាម​មូលនិធិ Kaiser Family  ត្រឹម ១​ភាគ​៣ នៃ​ប្រជាជន​អាមេរិក​ប៉ុណ្ណោះ​ដែល​ទទួលបាន​សេវា​ធានារ៉ាប់រង​សុខ​ភិ​បាល​ដែល​ធានា​ដោយ​រដ្ឋ ដោយ​រាប់បញ្ចូល​ទាំង​សេវា​សម្រាប់​មនុស្ស​ចាស់​វ័យ​លើ ៦៥ និង​សម្រាប់​ប្រជាជន​ក្រីក្រ​។  ហើយ​ពាក់កណ្តាល​នៃ​ប្រជាជន​អាមេរិក​ទទួលបាន​សេវា​សុខាភិបាល​ដែល​ធានា​ដោយ​ម្ចាស់​ក្រុមហ៊ុន​ឯណោះ​។​

​ប៉ុន្តែ​ក្រុម​សាធារណរដ្ឋ​យល់ថា ច្បាប់​នេះ​មិនបាន​ប្រយោជន៍​អ្វី​ឡើយ ហើយ​វា​នឹង​បង្កើន​បន្ទុក​ធ្ងន់​លើ​រដ្ឋាភិបាល ដែល​វា​នឹង​ឈានទៅរក​ការចំណាយ​ខ្ជះខ្ជាយ​ដូច​ប្រព័ន្ធ​សុខាភិបាល​អឺរ៉ុប​ដែរ​។ ដូច្នេះហើយ បានជា​ក្រុម​អ្នក​សាធារណរដ្ឋ​នេះ​កំណត់​យក​ការលុបចោល​ច្បាប់​នេះ​ជា​រឿង​អាទិភាព​បំផុត​សម្រាប់​ខ្លួន​។​

​ធម្មតា​គេ​មើលឃើញថា លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​តួ​ឈ្នានីស​ដោយ​លោក​ប៉ង​បំបាត់ចោល​សមិទ្ធផលរ​ប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទោះ​សុន្ទរកថា​របស់ខ្លួន​ក​ន្ល​ង​មក​បង្ហាញ​ពី​ការ​ឈានទៅ​ផ្សះផ្សា​ជាតិ​និង​ប​ង្រួ​បង្រួម​ជាតិ​ក៏ដោយ​។ តាំងពី​យូរ​មកហើយ លោក​បាន​អះអាងថា រដ្ឋបាល​លោក នឹង​និរាករណ៍​ច្បាប់​សុខាភិបាល​របស់​រដ្ឋបាល​មុន និង​រៀបចំ​បង្កើត​ច្បាប់​សុខាភិបាល​ថ្មី​ដែល​ប្រសើរ​និង​អាច​ដោះស្រាយ​បញ្ហា​សុខ​ភិ​បាល​អាមេរិក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។


Tag:
 Obamacare
  ដូ​ណា​ល់ ត្រាំ​
 ​ បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com