ជាតិ
របរ​កាប់​ឈើ​របស់​ពលរដ្ឋ​ក្រីក្រ ក៏​ជា​កង្វល់​របស់​ក្រសួងបរិស្ថាន​
21, Jan 2017 , 12:30 pm        
រូបភាព
​ការទប់ស្កាត់​ពលរដ្ឋ​ក្រីក្រ​ដែល​នៅ​បន្ត​លួច​កាប់​ឈើ​ទ្រង់ទ្រាយ​តូចៗ នៅតែ​ជា​បញ្ហា​សម្រាប់​លោក សាយ សំ​អាល់ ខណៈ​លោក​រដ្ឋមន្ត្រី​រូបនេះ​អះអាងថា ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​ក្នុងពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ការកាប់បំផ្លាញ​ព្រៃឈើ​ថយចុះ​។ សម្រាប់​លោក សាយ សំ​អាល់ ការផ្តល់​របរ​ថ្មី ដែល​ផ្តល់​ចំណូល​ច្រើន ជា​មធ្យោបាយ​មួយ​ដែល​អាច​បញ្ចប់​ការ​លួច​កាប់​ឈើ​របស់​ពលរដ្ឋ​។​



«​ខ្ញុំ​សុំ​ឲ្យ​មានការ​យោគយល់​។ យើង​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ប្រែក្លាយ​ជីវភាព​ពលរដ្ឋ​ឲ្យ​ប្រសើរ ដើម្បី​ពួកគាត់​អាច​ងាក​ចេញពី​ការ​លួច​កាប់​ឈើ​ជា​រៀងរាល់ថ្ងៃ​។ យើង​ត្រូវរ​ករប​រណា​ឲ្យ​ពួកគាត់​ដែល​គាត់​អា​ចរក​កម្រៃ​បាន​ច្រើនជាង​ការកាប់​ឈើ​នេះ​»​។ នេះ​ជាការ​ពន្យល់​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅក្នុង​សន្និសីទកាសែត​មួយនា​ថ្ងៃទី​១៩​ខែមករា ដោយ​ឆ្លើយតប​ទៅនឹង​សំណួរ​ជាច្រើន​របស់​អ្នកកាសែត​ដែល​សួរ​អំពី​ស្ថានភាព​នៃ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​។​

​ទោះយ៉ាងណា​ក៏ដោយ ក្រសួងបរិស្ថាន​នៅ​កំពុង​បន្ត​តាមដាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយ​ត្រូវ​ពិនិត្យ​តាម​ដេប៉ូ​ឈើ បន្ទាប់ពី​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​ក្នុងពេល​កន្លងមក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​។​

​និយាយ​អំពី​ពលរដ្ឋ​ដែល​លួច​កាប់​ឈើ​ខុសច្បាប់​ដដែល បើតាម​ការពន្យល់​រប​ស់លោក​រដ្ឋមន្ត្រី​បរិស្ថាន មន្ត្រី​មាន​សមត្ថកិច្ច​របស់​ក្រសួង​តែ​ប្រើប្រាស់​វិធានការ​អប់រំ​ជាជាង​វិធានការ​ច្បាប់​នៅពេល ពលរដ្ឋ​អ្នក​កាប់​ឈើ​ត្រូវបាន​ចាប់ខ្លួន​។ លោក សាយ សំ​អាល់ រម្លឹក​យ៉ាង​ដូច្នេះ​ថា​៖«​វា​ទាក់ទង​នឹង​ជីវភាព​របស់​ពួកគាត់​។ ដូច្នេះ​យើង​ប្រើ​យន្ត​ការអប់រំ​។ សូម​លោក​គិត​មើល​ដូច្នេះ​! ជួនកាល​គាត់​ជា​មេ​គ្រួសារ បើ​យើង​ចាប់គាត់​ផ្តន្ទាទោស តើ​កូន​របស់គាត់ យើង​ត្រូវ​គិត​យ៉ាងណា​? ធ្វើ​ម៉េច បើ​យើង​ធ្វើការ​ជាមួយ​មនុស្ស​ដែល​អត់ (​ក្រីក្រ​)»​។​

​ការកាប់​ឈើ​ខុសច្បាប់ គឺជា​បញ្ហា​ចាស់​ដែល​នៅតែ​ក្តៅគគុក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ សាធារណមតិ​បាន​រិះគន់​រដ្ឋាភិបាល​ដែល​មិនអាច​លុបបំបាត់​ករណី​ជួញដូរ​ឈើ​ខុសច្បាប់​ដែល​តែងតែ​នៅលើ​ទំព័រមុខ​នៃ​សារព័ត៌មាន​ជា​ញឹកញាប់​។ ក្នុងពេល​កន្លងមក លោក​ដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ធ្លាប់បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការកាប់​ឈើ​ខុសច្បាប់ លោក​បានស្នើ​ផ្ទាល់មាត់​ឲ្យ​ឧកញ៉ា​មួយចំនួន​បញ្ឈប់​របរ​ជួញដូរ​ឈើ​តែម្តង​។ ក្នុង​យុទ្ធនា​ការបង្ក្រាប​ការជួញដូរ​ឈើ​ដដែល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បានចេញ​បញ្ជា​បង្កើត​ក្រុមការងារ​ពិសេស​ដោយមាន​ទាំង​សម​សភាព​កង​ប្រដាប់អាវុធ​ផង ដើម្បី​លុបបំបាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ​៕


Tag:
 សាយ សំ​អាល់​
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com