ជាតិ
អន្តរជាតិ
ត្រាំ ប្រកាសសង្គ្រាម​ប្រឆាំង​ក្រុម​ជី​ហាត​រដ្ឋ​ឥស្លាម ពេល​ទស្សនកិច្ច CIA ថ្ងៃ​ធ្វើការ​ដំបូង​
22, Jan 2017 , 12:39 pm        
រូបភាព
​មេបញ្ជាការ​កំពូល​កង​ទ័ព​អាមេរិក​ថ្មី លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជា​លើកដំបូង​បំផុត ក្នុងពេល​លោក​ទៅ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​ទីភ្នាក់ងារ​ចារកម្ម​មជ្ឈិម​។ លោក​ឆ្លៀតឱកាស​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​ទទួលយក​លោក Mike Pompeo ជា​ប្រមុខ​ស្ថាប័ន​ចារកម្ម​នេះ​ផងដែរ​។​



​ក្រោយ​ចូលកាន់​តំណែង​បាន​មួយថ្ងៃ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រញាប់ប្រញាល់​ទៅ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​ភ្នាក់ងារ​ចារកម្ម​មជ្ឈិម (CIA) នៅ​រដ្ឋ Virginia​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រមុខ​កំពូល​កងទ័ព​អាមេរិក​នេះ​បាន​ឆ្លៀតឱកាស​ប្រកាសសង្គ្រាម​ប្រឆាំង​ក្រុម​ជី​ហាត​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​តែម្តង​។​

​យោងតាម​សារព័ត៌មាន Politico លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ដូច្នេះ​ថា​៖« យើងទាំងអស់គ្នា​ប្រៀបដូចជា​ស្ថិតនៅលើ​ទឹករលក​, មែនឬ​អត់​? ។ យើង​មិនទាន់ បាន​ប្រើប្រាស់​សមត្ថភាព​ពិត​ដែល​យើ​ហ​មាន​។ យើង​ត្រូវគេ​រារាំង​។ យើង​ត្រូវតែ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឲ្យ​អស់​»​។​

​ក្នុ​ល​ពេល​ថ្លែង​សុន្ទរកថា​រយៈពេល​ប្រហែល ១៧​នាទី​ថ្ងៃ​សច្ចាប្រណិធាន លោក ដូ​ណា​ល់ ត្រាំ បាន​រម្លឹក​ពី​ឈ្មោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ហើយ​លោក​ចាត់ទុក​ពួកនេះ​ជាស​ត្រូវ​ធំ​បំផុត​មួយ​ដែល​លោក​ចង់​កម្ចាត់​ក្នុងនាម​ជា​ប្រធានាធិបតី​។ ហើយ​លោក​ក៏​និយាយ​ពី​ទីភ្នាក់ងារ​ចារកម្ម CIA នេះដែរ​។ ហើយ​កាលពី​រដូវ​ឃោសនាបោះឆ្នោត លោក ដូ​ណា​ល់ ត្រាំ ក៏បាន​សន្យា​កម្ចាត់​ក្រុម​ភេរវជន​នេះ​ឲ្យ​អស់​ដើម្បី​រក្សា​សន្តិសុខ​អាមេរិក​ដែរ​។

​បន្ថែម​ពី​ប្រកាសសង្គ្រាម​ប្រឆាំង​ភេរវកម្ម គោលបំណង​មួយទៀត​លោក ដូ​ណា​ល់ ត្រាំ យក​ដំណើរ​ទស្សនកិច្ច​នេះ​ដើម្បី​ជំរុញ​ឲ្យ​សភា​តែងតាំង​លោក Mike Pompeo ជា​ប្រមុខ​ស្ថាប័ន​ចារកម្ម​នេះ​។ នេះ​ក៏ដោយ​សារ​ព្រឹទ្ធសភា​ពន្យារពេល​តែងតាំង​ប្រមុខ​ស្ថាប័ន​នេះ​រហូតដល់​ថ្ងៃ​ចន្ទ​ឯង​ណោះ​។

​លោក ត្រាំ​បានបញ្ជាក់​ដូច្នេះ​ថា​៖ « ខ្ញុំ​បាន​ជួប Mike Pompeo ហើយ​ខ្ញុំ​ចង់​និយាយថា គាត់​ជាម​នុស្ស​ល្អ​។ មនុស្សម្នា​ឯង​ទៀត​ចូលចិត្ត​គាត់ ហើយ​គេ​គោរព​គាត់​។ អ្នកនឹង​ទទួលបាន​ត្បូង​ដ៏​មានតម្លៃ​បំផុត​មួយ​។ អ្នក​ទាំងអស់គ្នា​ស្គាល់​គាត់​ហើយ តែ​អ្នកនឹង​ឃើញថា​វា​នឹងមាន​អ្វី​កើតឡើង​»​។

​តាមពិតទៅ កន្លងមក ត្រាំ មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​ស្ថាប័ន CIA ឡើយ  ដោយសារតែ​ស្ថាប័ន​នេះ​បាន​អះអាងថា រុស្ស៊ី​បាន​ចូល​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​កន្លងមក​។ លោក ត្រាំ បាន​រិះគន់​ប្រមុខ CIA ចាស់ដៃ​។ ប៉ុន្តែ​នៅពេល​លោក ទៅ​ទស្សនកិច្ច​ស្ថាប័ន CIA ដោយផ្ទាល់ លោក ត្រាំ បែរជា​បន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នកកាសែត​ទៅវិញ​ដោយ​ចោទថា អ្នកកាសែត​បកស្រាយ​ស​ម្តី​លោក​ខុស​ពាក់ព័ន្ធ​ស្ថាប័ន CIA៕  


© រក្សាសិទ្ធិដោយ thmeythmey.com