អន្តរជាតិ
ត្រាំ អញ្ជើញ ណេ​តាន់​យ៉ា​ហ៊ូ មក​អាមេរិក​ដើម្បី​ពង្រឹង​ទំនាក់ទំនង​អ៊ីស្រាអែល​-​អាមេរិក​
23, Jan 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​ឡើងកាន់​អំណាច​ភ្លាម ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ទូរស័ព្ទ​ទៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បែន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ  ដើម្បី​ជជែក​ពិភាក្សា​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​។ លោក​ក៏​ឆ្លៀត​អញ្ជើញ​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេះ​មក​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​ខែកុម្ភៈ​ខាងមុខ​ដែរ​។



សូមស្តាប់ព័ត៌មានលម្អិត៖




​ចុង​សប្តាហ៍​កន្លងទៅ លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បែន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ  មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​នៅ​ខែកុម្ភៈ​ខាងមុខ​។​ការអញ្ជើញ​នេះ ធ្វើឡើង​ក្នុងពេលដែល​លោក ត្រាំ ទូរស័ព្ទ​ទៅ​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ីស្រាអែល​ពី​ទំនាក់ទំនង​អ៊ីស្រាអែល​និង​អាមេរិក​។ 

​យោងតាម​គណនី Twitter ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពិតជា​បាន​អញ្ជើញលោក បែន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន​អាមេរិក​មែន​នៅ​ខែក្រោយ​។ ប៉ុន្តែ​គណនី Twitter ដដែល​នោះបាន​បញ្ជាក់ថា កាលបរិច្ឆេទ​ជាក់លាក់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។

​លោក ដូ​ណា​ល់ ត្រាំ ចំណាយពេល​ប្រហែល ៣០​នាទី ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​តាម​ទូរ​សព្ទ័​។ ដូ​ណា​ល់ ត្រាំ អះអាង​ខ្លួនឯង​ថា ការជជែក​គ្នា​ជាមួយ​មេដឹកនាំ​អ៊ីស្រាអែល​នេះ​ជាការ​ពិភាក្សា​មួយ​ដ៏​កក់ក្តៅ ហើយ​អ្នក​ទាំងពីរ​លើកយក​ប​ញ្ហា​ជាច្រើន​មក​ពិភាក្សា​។​

​សេចក្តីថ្លែងការណ៍​សេត​វិមាន​បាន​បញ្ជាក់ថា​៖« មេដឹកនាំ​ទាំងពីរ​ជជែក​គ្នា​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​, ដំណើរ​ការកសាង​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន និង​បញ្ហា​ជាច្រើន​ទៀត​»​។​

​លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ក្នុងពេល​សន្ទនា​ជាមួយ​លោក ណេ​តាន់​យ៉ា​ហ៊ូ ថា ការកសាង​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​អាច​កើតមានឡើង​តាមរយៈ​ការចរចា​គ្នា​ដោយផ្ទាល់​រវាង​ភាគី​ទាំងពីរ​។ ហើយ​អាមេរិក​នឹង​ឈរ​ជាមួយ​អ៊ីស្រាអែល​ដើម្បី​សម្រេចបាន​នូវ​សន្តិភាព​នេះ​។​

​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​ខ្លាំង​ក្នុង​អាណត្តិ​រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​។ ហើយ​ទំនាក់ទំនង​នេះ​ល្អក់​ករក​កាន់តែខ្លាំង​នៅពេលដែល​ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​ដំណោះស្រាយ​ថ្កោលទោស​និង​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​រាល់​គម្រោង​សាងសង់​លំនៅដ្ឋាន​ខុសច្បាប់​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ អ៊ីស្រាអែល​ខឹងសម្បារ​ខ្លាំង នៅពេលដែល​មន្ត្រី​ទូត​របស់លោក អូ​បា​ម៉ា មិន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ផ្តល់​ការការពារ​ផ្នែក​ការទូត​ដល់​អ៊ីស្រាអែល​នោះ​។

​ចំណែក​លោក ដូ​ណា​ល់ ត្រាំ ឯណេះ​វិញ​កន្លងមក ទាមទារ​ឲ្យ​មានការ​ការពារ​អ៊ីស្រាអែល និង​ទាត់ចោល​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​ពេល​លោក​ឡើងកាន់តំណែង​ជា​ផ្លូវការ​។ លោក​ថែមទាំង​សន្យា​ប្តូរ​ទីតាំង​ស្ថានទូត​ពី Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដើម្បី​បង្ហាញ​ពី​ចេតនា​ល្អ​របស់​អាមេរិក​ចំពោះ​អ៊ីស្រាអែល​ដូចគ្នា​។ 

​យ៉ាងណាមិញ គេ​មិនឃើញ​មានការ​លើកឡើង​ពី​គម្រោង​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ដូច​លោក ដូ​ណា​ល់ ត្រាំ បាន​សន្យា​កន្លងមក​ឡើយ​។ ប៉ុន្តែ អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​បញ្ជាក់ថា  វា​គ្រាន់តែ​ជាការ​ជជែក​ពិភាក្សា​ដំបូង​បំផុត​ប៉ុណ្ណោះ ហើយ​វា​មិនទាន់មាន​អ្វី​ប្រែប្រួល​រហ័ស​ឡើយ​។

​ការផ្លាស់ប្តូរ​ស្ថានទូត​នេះ​ក្លាយជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​បំផុត​មួយ ព្រោះ​វា​នឹង​អាច​បំផ្លាញ​ដំណើរ​ការកសាង​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ជាពិសេស​ដំណោះស្រាយ​រដ្ឋ​ពីរ (Two State Solution) ។ បើ​អាមេរិក​ប្តូរ​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត​មានន័យថា អាមេរិក​ទទួលស្គាល់​ភាពស្របច្បាប់​របស់​អ៊ីស្រាអែល​ក្នុងការ​កាន់កាប់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​នេះ​។​

​តាមពិតទៅ អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​៕


© រក្សាសិទ្ធិដោយ thmeythmey.com