ជាតិ
លោក ឃួន ឃុន​នាយ ស្ថាបត្យករ​ដ៏​សំខាន់​មួយរូប ទទួលមរណភាព​ក្នុង​អាយុ​៧៩​ឆ្នាំ​
26, Jan 2017 , 8:59 pm        
រូបភាព
ដោយ: រួបរួម
​លោក ឃួន ឃុន​នាយ អតីត​អគ្គនាយករង​អាជ្ញាធរ​អប្សរា បានទទួល​មរណភាព​ដោយ​រោគាពាធ កាលពី​យប់​ថ្ងៃទី​២៤ ខែមករា ក្នុង​អាយុ​៧៩​ឆ្នាំ នៅ​ប្រទេស​កាណាដា​។ មរណភាព​ស្ថាបត្យករ និង​ជានគ​រូប​នី​យករ​ដ៏​ឆ្នើម​របស់​កម្ពុជា ក៏​ត្រូវបាន​ប្រកាសឡើង​ផងដែរ​នា​ពិធី​បើក​កិច្ចប្រជុំពេញអង្គរ ICC-Angkor លើក​ទី​២៣ នៅ​ព្រឹក​ថ្ងៃទី​២៥ មករា  នៅ​ខេត្តសៀមរាប​។



​លោក ឃួន ឃុន​នាយ ត្រូវបាន​ចាត់ទុកជា​ធ​ន​ធាន​ដ៏​សំខាន់​មួយរូប​លើ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​ដៃស្តាំ​របស់​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ ស្ថាបត្យករ​ដ៏​កំពូល​របស់​កម្ពុជា​ផងដែរ​។ តាមរយៈ​បទ​សម្ភាស​មួយ​ក្នុង​ឯកសារ The Man Who Built Cambodia លោក ឃួន ឃុន​នាយ បានបង្ហាញ​ពី​មោទកភាព​របស់ខ្លួន​ដែល​បានរួម​ការងារ និង​ទទួលបាន​ចំណេះដឹង​ពី​លោក វណ្ណ មូលី​វណ្ណ ដែល​ចាត់ទុកថា ជា គ្រូ​ដ៏​អស្ចារ្យ​ម្នាក់​។​

​ក្នុង​លិខិត​ចែករំលែក​ទុក្ខ លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា លោក ឃួន ឃុន​នាយ ជា​អ្នកមាន​ស្នាដៃ​មួយរូប​ដែល​ធ្លាប់បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​ដើម្បី​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​អង្គរ​ឲ្យ​ទទួលបាន​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្បី​រន្ទឺ​ជា​បន្តបន្ទាប់​។​

«​គំរូ​វីរភាព និង​ស្នាដៃ​របស់​ឯកឧត្តម ឃួន ឃុន​នាយ ដែល​បានរួម​ចំណែក​ក្នុង​កិច្ចការ​អង្គរ ក៏ដូចជា​ការងារ​សង្គម​ផ្សេងៗ​ទៀត គឺជា​ការចងចាំ​ដែល​មិនអាច​បំភ្លេចបាន​ចំពោះ​គុណ​តម្លៃ​ដ៏​ធំធេង​ចំពោះ​ជាតិ និង​មាតុភូមិ​»​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី Press OCM​។​

​លោក ឃួន ឃុន​នាយ ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ Kiev ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ឆ្នាំ​១៩៦៦ អនុបណ្ឌិត​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ភ្នំពេញ​ឆ្នាំ ១៩៧២ ផ្នែក​គម្រោង​អភិវឌ្ឍន៍​ពី​ទីក្រុង​ឡុង​ដ៍​នា​ឆ្នាំ ១៩៧២ និង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឆ្នាំ​១៩៨៧ ពី​ប្រទេស​កាណាដា​។​
 
​នៅ​ចន្លោះ​ឆ្នាំ​១៩៦៦​ដល់​ឆ្នាំ​១៩៧១ លោក ឃួន ឃុន​នាយ ក៏​ជា​ស្ថាបត្យករ​នៅ​ការិយាល័យ​ស្ថាបត្យកម្ម​ឯកជន​របស់លោក​វណ្ណ មូលី​វណ្ណ ផងដែរ​។

​បើតាម​ឯកសារ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពី​បានរស់នៅ​កាណាដា អស់​រយៈពេល​ប្រមាណ​៣០​ឆ្នាំ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​១៩៧៧ លោក ឃួន ឃុន​នាយ បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០០៤ ដោយ​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​អប្សរា​។ ចាប់តាំងពី​ឆ្នាំ​២០០៨​មក លោក​បាន​ក្លាយជា​អគ្គនាយករង​អាជ្ញាធរ​អប្សរា ទទួលបន្ទុក​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​។​



​ការងារ​សំខាន់ៗ​សំខាន់​របស់លោក​រួម​មាន ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧៥ នាយករង​នៃ​មជ្ឈមណ្ឌល Southeast Asian Applied Research Centre for Archaeology and Fine Arts (ARCAFA-SEAMEO) ពី​ឆ្នាំ​១៩៧២ ដល់​ឆ្នាំ​១៩៧៥  អគ្គនាយក​ក្រសួង​វប្បធម៌​កម្ពុជា (​ឆ្នាំ​១៩៧៥)​។​

​លោក​ធ្លាប់មាន​តំណែង​ជា​ស្ថាបត្យករ​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ក្រសួង​អប់រំ​នៃ​រដ្ឋាភិបាល​កេ​ប៊ិច ប្រទេស​កាណាដា ពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​២០០៤ ។ លោក​ក៏​ធ្លាប់ជា​ទីប្រឹក្សា​អង្គការ UNDP នៅ​ឆ្នាំ​១៩៩៤) និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ឆ្នាំ​២០០៤ ផងដែរ​។​

​ក្នុងនាម​ជា​ស្ថាបត្យករ និង​នគ​រូប​នី​យករ លោក ឃួន ឃុន​នាយ បានធ្វើ​បទ​បង្ហាញ និង​បើក​សិក្ខា​សាល​ជាច្រើន​ទាក់ទង​នឹង​ការគ្រប់គ្រង​ទី​រមណី​ដ្ឋា​ន​បេតិកភណ្ឌ​។ បន្ថែម​ពីលើ​នេះ លោក​បាន​បន្សល់ទុក​ស្នាដៃ​បោះពុម្ព និង​ស្រាវជ្រាវ​ជាច្រើន ដូចជា Tani Ceramics Museum, Run Ta-Ek Eco village for Sustainable Development, Angkor Site Management and Local Communities និង A Commitment to Community Engagement ជាដើម​៕


Tag:
 ស្ថាបត្យកម្ម​
  ឃួន ឃុន​នាយ​
  អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com