អន្តរជាតិ
បន្ថែម​ពី​ស្ត្រី​វៀតណាម ប៉ូលិស​ម៉ាឡេស៊ី ចាប់​ជនសង្ស័យ​ពីរ​នាក់​ទៀត​លើ​ឃាតកម្ម​បងប្រុស​លោក​គីម​ជុង​អ៊ុន​
16, Feb 2017 , 4:09 pm        
រូបភាព
លោក គីមជុងណាំ និងលោក គីម ជុងអ៊ុន (ប្រភពរូបភាព៖ The Telegraph)
លោក គីមជុងណាំ និងលោក គីម ជុងអ៊ុន (ប្រភពរូបភាព៖ The Telegraph)
ដោយ:
​ប៉ូលិស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៦ កុម្ភៈ​នេះ បាន​ឲ្យ​ដឹងថា ប៉ូលិស បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ទៀត​ដែលជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​បងប្រុស​របស់​ប្រធានាធិបតី​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។ តាម​ការបញ្ជាក់​របស់​ប៉ូលិស​ម៉ាឡេស៊ី ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ មាន​កាន់​លិខិតឆ្លងដែន​ឥណ្ឌូណេស៊ី​។



​មេ​ប៉ូលិស​ម៉ាឡេស៊ី លោក​ឧ​ត្ត​ម​សេនីយ៍ Khalid Abu Bakar បានបញ្ជាក់​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​ជនសង្ស័យ​ម្នាក់ ត្រូវ​បានកំណត់​អត្តសញ្ញាណ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ពី​ដែល​ដាក់​នៅ​ព្រលានយន្តហោះ​ហើយ​។ ហើយ​តាម​លិខិតឆ្លងដែន​ដែល​ដកហូត​ពី​ស្ត្រី​ជនសង្ស័យ​នោះ មាន​ឈ្មោះថា Siti Aishah កើត​នៅ​ថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​១៩៩២ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​»​។  នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។

ហើយថ្ងៃ​ដដែល​នេះ ប៉ូលិស ​ក៏បាន​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់ទៀត ដែលជា​មិត្ត​ប្រុស​របស់​ស្ត្រី​សង្ស័យ​សញ្ជាតិ​ឥណ្ឌូណេស៊ី​។​

​សូម​ជម្រាប​ផងដែរ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ម្សិលមិញ ពោលគឺ​ក្រោយ​មួយថ្ងៃ​នៃ​ហេតុការណ៍​ឃាតកម្ម​នេះ ប៉ូលិស​ម៉ាឡេស៊ី ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​ស្ត្រី​ម្នាក់​ដែល​ប៉ូលិស​កំណត់​អត្តសញ្ញាណ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​។ តាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​ម៉ាឡេស៊ី ជនសង្ស័យ​នោះ មានភ្ជាប់​ជាមួយនឹង​លិខិតឆ្លងដែន​វៀតណាម​។​

​តាម​សេចក្តីថ្លែងការណ៍​ប៉ូលិស​ម៉ាឡេស៊ី​ដដែល​នោះ បាន​បញ្ជាក់ដែរថា ស្ត្រី​ខាងលើ​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​កូ​ឡា​ឡាំ​ពួរ​។ ស្ត្រី​រូបនេះ ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដែលមាន​ឈ្មោះថា Doan Thi Huong កើត​នៅ​ខែឧសភា ឆ្នាំ​១៩៨៨ ក្នុងប្រទេស​វៀតណាម ។​

​ជុំវិញ​បញ្ហា​នេះ លោក លី ប្យុង​ហ៊ូ ប្រធាន​ភ្នាក់ងារ​ចារកម្ម​ជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៥ ខែធ្នូ​ម្សិលមិញ បាន​អះអាងថា​យ៉ាង​ដូច្នេះ​ថា​៖«​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ត្រូវបាន​សម្លាប់​ដោយ​សារធាតុពុល​នៅ​ម៉ាឡេស៊ី​»​។

​ប្រមុខ​ភ្នាក់ងារ​ស៊ើបការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់ដែរថា​៖« រយៈពេល​ប្រាំ​ឆ្នាំ​ហើយ ដែល​ក្រុង​ព្យុងយ៉ាង បាន​តាម​ប៉ុន​ប៉ុង​ធ្វើឃាត​លោក គីម ជុង​ណាំ ដែល​លោក បន្ថែមថា លោក គីម ជុង​ណាំ ត្រូវ​បានទទួល​ការការពារ​ពី​រដ្ឋាភិបាល​ចិន​នោះ​។ ហើយ​គ្រួសារ​របស់លោក គីម​ជុង​ណាំ បច្ចុប្បន្ន​កំពុងស្នាក់នៅ​ក្នុង​ក្រុង​ម៉ា​កាវ​នៃ​ប្រទេស​ចិន​។​» នេះ​បើ​យោង​ប្រភពព័ត៌មាន​ដដែល​នោះ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Bloomberg ដែល​បាន​ដកស្រង់​ប្រភពពី​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង លោក គីម ជុង​ណាំ ដែលមាន​ម្តាយ​ផ្សេងគ្នា​ពី​លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន ត្រូវបាន​សម្លាប់​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដោយសារ​ស្ត្រី​ពីររូប​ដែល​មិនទាន់​ដឹង​អត្តសញ្ញាណ ដោយ​ពួកគេ ប្រើប្រាស់​ម្ជុល​ដែលមាន​សារធាតុពុល មុនពេល​គេចខ្លួន​ទៅក្នុង​តាក់ស៊ី​៕


Tag:
 វៀតណាម​
  ម៉ាឡេស៊ី​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com