អន្តរជាតិ
លោក Duterte ត្រៀម​បំពេញ​ទស្សនកិច្ច​នៅ​ថៃ​ដើម្បី​ស្វែងយល់​ជំហរ​បន្ថែម​ពី​មិត្ត​អាស៊ាន មុនពេល​កិច្ចប្រជុំ​កំពូល​
20, Feb 2017 , 8:39 pm        
រូបភាព
ប្រធានាធិបតី ហ្វីលីពីន ចាកចេញពីកន្លែងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រឹកថ្ងៃ១៤ ធ្នូ ឆ្នាំ ២០១៦នៅកម្ពុជា
ប្រធានាធិបតី ហ្វីលីពីន ចាកចេញពីកន្លែងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រឹកថ្ងៃ១៤ ធ្នូ ឆ្នាំ ២០១៦នៅកម្ពុជា
ដោយ: ថ្មីៗ
​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ថៃ​នៅ​ខែ​ក្រោយនេះ​។ ក្រៅពី​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការស្វែងយល់​ពី​ជំហរ​របស់​មិត្ត​អាស៊ាន មុនពេល​កិច្ចប្រជុំ​កំពូល ដ្បិត​ឆ្នាំនេះ ហ្វីលីពីន គឺជា​ប្រធាន​អាស៊ាន​ផង​។



​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ថ្ងៃទី​២០ ខែ​មិនា​ខាងមុខនេះ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ថៃ​ហើយ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​ហ្វីលីពីន និង​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី​២០ កុម្ភៈ​នេះ​។

​តាមពិតទៅ លោក​ប្រធានាធិបតី ឌើ​ទើ​តេ ដែលជា​មេដឹកនាំ​កំពុង​លេចមុខ​មាត់​ដោយសារ​វោហា​សព្ទ​គ្មាន​ការទូត​នោះ ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​ថៃ​ក្នុងនាម​ជា​ប្រធានាធិបតី​ម្តង​រួចទៅហើយ​នៅ​ចុងឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ​វត្តមាន​របស់លោក​ពេលនោះ ដើម្បី​ចូលរួម​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​អតីតព្រះមហាក្សត្រ​ថៃ Bhumibol ពោលគឺ​មិនមែនជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នោះទេ​។

​កន្លងទៅ លោក​ប្រធានាធិបតី ឌើ​ទើ​តេ ធា្ល​ប់​បានបញ្ជាក់​ហើយ​ថា លោក ត្រូវតែ​បំពេញ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ស្វែងយល់​ពី​ជំហរ​ប្រទេស​នីមួយៗ​ដើម្បី​ងាយស្រួល​ធ្វើ​គោលនយោបាយ​ឲ្យ​សមស្រប ដ្បិត​ហ្វីលីពីន ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​នោះ​។

​ដូច​បានកំណត់​នៅក្នុង​មាត្រា​៧​នៃ​ធម្មនុញ្ញ​អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ាន ត្រូវ​រៀបចំឡើង​ពីរដង ក្នុង​មួយឆ្នាំ ក្នុង​រដ្ឋ​សមាជិក ដែលជា​ទទួលបន្ទុក​ជា​ប្រធាន​អាស៊ាន​។ ការដឹកនាំ​កិច្ចប្រជុំ​ត្រូវបាន​មើលឃើញថា​ជា​បន្ទុក​មួយ​ធ្ងន់​ជាងគេ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ នោះ​ក៏​ព្រោះតែ ប្រធាន​អាស៊ាន ត្រូវ​យល់ដឹង​ពី​គោលជំហរ​របស់​សមាជិក​នីមួយៗ​ដើម្បី​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​បាន​។

​សូម​ជម្រាប​ផងដែរ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំមុន​។ គិត​ចាប់ពី​ការឡើង​កាន់អំណាច​មក លោក​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​បណ្តា​ប្រទេស​មិត្ត​អាស៊ាន​ដូចជា ឡាវ ឥណ្ឌូណេស៊ី ព្រុយ​ណេ វៀតណាម ម៉ាឡេស៊ី កម្ពុជា និង​សិង្ហ​បុរី​៕



Tag:
 ហ្វីលីពីន​
  ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com