អន្តរជាតិ
អេ​ស្តូ​នី បារម្ភ​ថា រុស្ស៊ី​ប្រើ «​ល្បិច​ស្រី​ស្អាត​» ដាក់​ទាហាន​អង់គ្លេស​ដើម្បី​បំបាក់មុខ​ណា​តូ​
23, Feb 2017 , 1:52 pm        
រូបភាព
​ប្រមុខ​ស្ថាប័ន​ចារកម្ម​របស់​អេ​ស្តូ​នី Mikk Marran ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ទាហាន​អង់គ្លេស ដែល​នឹង​មកដល់​ទឹកដី​អេ​ស្តូ​នី​នៅ​ដំណាច់​ខែមីនា​ខាងមុខ ដើម្បី​ទ​ប់​ទល់​សកម្មភាព​គំរាមកំហែង​របស់​រុស្ស៊ី​។ លោក​បារម្ភ​ថា ទាហាន​អង់គ្លេស ដែល​មកកាន់​អេ​ស្តូ​នី​ក្រោម​ឆ័​ត្រ​បក្សសម្ព័ន្ធ​ណា​តូ នឹង​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី ដែល​ត្រូវ​បញ្ជូនមក​ដើម្បី​បង្កបញ្ហា​ក្នុងចំណោម​ទាហាន​ទាំងនោះ​ក្នុងន័យ​បង្ខូច​កេរ្តិ៍ឈ្មោះ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​។



​ក្នុង​កិច្ច​សម្ភាស​កម្រ​មួយ​ជាមួយ​សារព័ត៌មាន​អង់គ្លេស Times  លោក Mikk Marran ប្រធាន​គណៈកម្មាធិការ​ព័ត៌មាន​អេ​ស្តូ​នី ដែលជា​ទីភ្នាក់ងារ​ចារកម្ម បាន​ព្រមាន​ទុក​មុន​ពី​ការគំរាមកំហែង​របស់​រុស្ស៊ី ចំពោះ​កងទ័ព​អង់គ្លេស​៨០០​នាក់ ដែល​ត្រូវ​ពង្រាយ​នៅ​អេ​ស្តូ​នី​។ លោក​ជឿថា ទាហាន​អង់គ្លេស នឹង​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​ចារកម្ម​រុស្ស៊ី ដែល​ប្រើល្បិច​សម័យ​សង្គ្រាមត្រជាក់ សំដៅ​បំបាក់​មុខមាត់​សម្ព័ន្ធ​យោធា​ណា​តូ​។​

​បើតាម​សារព័ត៌មាន​អង់គ្លេស Times លោក Mikk Marran និយាយថា មធ្យោបាយ​មួយ​របស់​រុស្ស៊ី​ប្រើ​ដើម្បី​គំរាម​គេឯង​នៅ​អឺរ៉ុប​ខាងកើត គឺ​ធ្វើយ៉ាងណា​ឲ្យ​ទាហាន​អង់គ្លេស​មើលទៅ​ដូចជា​មនុស្ស​ប្រព្រឹត្ត​អំពើ​អនាចារ​។ លោក​ពន្យល់ថា​៖ «​ទ័ព​អង់គ្លេស​នឹង​មកដល់​ដំណាច់​ខែមីនា​។ ពួកគេ​នឹងធ្វើ​ដំណើរ​ពី​មូលដ្ឋានទ័ព​របស់ខ្លួន​ទៅកាន់​ទីក្រុង ហើយ​អាច​ចូលទៅ​ហាង​ផឹកស៊ី​។ ការ​វាយតប់​ប្រាកដ​ជាមាន ព្រោះ​នឹងមាន​អ្នករក​រឿង​មិន​ខាន​។ ឧទាហរណ៍ ពួកគេ​អាច​ប្រើល្បិច​ស្រី​ស្អាត​ដើម្បី​បង្កជម្លោះ​»​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា មន្ត្រី​អង់គ្លេស និង​អេ​ស្តូ​នី បាន​ជួប​ពិភាក្សាគ្នា​ដើម្បី​រក​ដំណោះស្រាយ​ពី​ការគំរាមកំហែង​នេះ​។ ហើយ​គោលដៅ​សំខាន់​នោះ គឺ​ធ្វើយ៉ាងណា​ការពារ​ទាហាន​អង់គ្លេស​ដែល​ត្រូវ​ពង្រាយ​នៅ​អេ​ស្តូ​នី​ឲ្យ​រួច​ផុតពី​ល្បិច​សម័យស​ង្គ្រា​ម​ត្រជាក់​រប​ស់​រុស្ស៊ី​។ ប្រធាន​ស្ថាប័ន​ចារកម្ម​ខាងលើ​បញ្ជាក់ថា រុស្ស៊ី​មាន​ល្បិច​ច្រើនណាស់ ហើយ​ចំណូលចិត្ត​ស៊ីផឹក​របស់​ទាហាន​អង់គ្លេស និង​ទាហាន​ណា​តូ​ដទៃទៀត អាចធ្វើ​ឲ្យ​ពួកគេ​ធ្លាក់ចូល​អន្ទាក់​របស់​រុស្ស៊ី គឺ​បង្ខូច​មុខមាត់​ប​ស្ចឹ​ម​ប្រទេស​។​

​វត្តមាន​ទ័ព​អង់គ្លេស​នៅ​អេ​ស្តូ​នី គឺជា​ផ្នែក​មួយ​នៃ​ការពង្រាយ​កងទ័ព​សម្ព័ន្ធ​យោធា​ណា​តូ​ជាង​៤០០០​នាក់ នៅ​តំបន់​អឺរ៉ុប​ខាងកើត និង​រដ្ឋ​ជាប់​ព្រំដែន​ជាមួយ​រុស្ស៊ី ដើម្បី​ការពារ​ពួកគេ​ពី​ការ​គំរាម​របស់​រុស្ស៊ី​។ រដ្ឋ​ទាំងនោះ ភ័យ​បារម្ភ​ខ្លាំង​នឹង​សកម្មភាព​របស់​រុស្ស៊ី ដែល​អាច​ឈ្លានពាន​ពួកគេ​ដូច​គ្រី​មៀ​ដែរ​។ ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន ណា​តូ ក៏បាន​សហការ​បញ្ជូន​ទ័ព និង​សព្វាវុធ​យ៉ាងច្រើន បើទោះជា​រុស្ស៊ី​ប្រឆាំង​ដាច់​ណាត់​ក្ដី​។​

​យ៉ាងណាក្ដី ក្រសួងការពារជាតិ​រុស្ស៊ី ក៏បាន​ចាត់វិធានការ​ឆ្លើយតប​នឹង​វត្តមាន​យោធា​សម្ព័ន្ធ​យោធា​ណា​តូ ប៉ុន្តែ​ទំនងជា​មិនមែន​ល្បិច​ស្រី​ស្អាត​ឡើយ​។ បច្ចុប្បន្ននេះ ក្រុង​មូ​ស្គូ បាន​បង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​យ៉ាងច្រើន និង​គ្រប់​ប្រភេទ ទៅកាន់​តំបន់​ព្រំដែន​ទល់នឹង​តំបន់​អឺរ៉ុប​ខាងកើត ក៏ដូចជា​តំបន់​បាល់​ទិ​ក​ផងដែរ​។ មិន​ត្រឹមតែ​ពង្រាយ​ទ័ព​ឡើយ រុស្ស៊ី ក៏​ប្រឹង​អភិវឌ្ឍ​ប្រព័ន្ធ​មី​ស៊ី​ល​របស់ខ្លួន ដើម្បី​ត្រៀម​ទប់ទល់​សម្ព័ន្ធ​យោធា​ណា​តូ​ដូចគ្នា​៕


Tag:
 អេ​ស្តូ​នី​
  អង់គ្លេស​
  រុស្ស៊ី​
  Mikk Marran
© រក្សាសិទ្ធិដោយ thmeythmey.com