ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ពីររូប ជំរុញការធ្វើ «ជំនួញបៃតង» នៅកម្ពុជា
28, Feb 2017 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ម្ចាស់​ពានរង្វាន់​អ្នកវិទ្យាសាស្ត្រ និង​វិស្វករ​វ័យក្មេង ចំ​នួ​២​រូប គឺ​កញ្ញា សុង ប៊ុន​ទៀង និង​លោក ផុន ប៊ុនហេង បាន​ពន្យល់​អំពី​របៀប​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ចៀសវាង​ផលប៉ះពាល់​ដល់​បរិស្ថាន​។ ការប្រើប្រាស់​បច្ចេកវិទ្យា មិន​ឲ្យ​ប៉ះពាល់​ពាល់​ដល់​បរិស្ថាន គឺជា​ប្រធានបទ​សំខាន់​របស់​មូលនិធិ​ហុងដា​(Honda Foundation) ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​។



​កញ្ញា សុង ប៊ុន​ទៀង គឺ​និស្សិត​ជ័យលាភី​ម្នាក់​ក្នុងចំណោម​និស្សិត​កម្ពុជា​៤​រូប ដែល​បាន​ជាប់​ពានរង្វាន់​អ្នកវិទ្យាសាស្ត្រ និង​វិស្វករ​វ័យក្មេង​ប្រចាំឆ្នាំ​២០១៦​។ តាមរយៈ​ការប្រឡង​សំណេរ​លើ​ប្រធានបទ​៖ «​សេដ្ឋកិច្ច​បៃតង​» ប៊ុន​ទៀង ដែលមាន​វ័យ​២២​ឆ្នាំ បានទទួល​ពានមាស លិខិត​សរសើរ និង​ថវិកា​ចំនួន​៣​ពាន់​ដុល្លារ ពី​មូលនិធិ​ហុងដា ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) កាលពី​ថ្ងៃ​សុក្រ​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ដែលមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ក្រុមហ៊ុន​ហុងដា និង​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ជាច្រើន​ផងដែរ​។  



​តើ​ហេតុអ្វី​បានជា​កញ្ញា សុង ប៊ុន​ទៀង ជាប់​ជា​បេ​ក្ខ​នារី​ជ័យលាភី​?

«​សេដ្ឋកិច្ច​បៃតង គឺ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា សុង ប៊ុន​ទៀង និស្សិត​ឆ្នាំ​ទី​៤​ជំនាញ​កសិឧស្សាហកម្ម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​(​ចម្ការ​ដូង​) ដែលជា​ទីកន្លែង​នាង​បានផ្តល់​បទសម្ភាសន៍​ជូន​សារព័ត៌មាន​ថ្មីៗ ក្រោយ​ទទួលបាន​ពានរង្វាន់​របស់​មូលនិធិ​ហុងដា​។ ប៊ុន​ទៀង បាន​រម្លឹកថា នាង​បាន​លើកយក​៣​ចំណុច​នៅក្នុង​សំណេរ​របស់ខ្លួន ដើម្បី​ប្រកួតប្រជែង​ពានរង្វាន់​ហុងដា​នេះ​។   

​ទីមួយ ការបង្កើន​ការប្រើប្រាស់ Bioplastics ដែល​មានន័យថា ប្លា​ស្ទិ​ក​ដែល​រលាយ​ជា​លក្ខណៈ​ជីវសាស្ត្រ​។ ប្លា​ស្ទិ​ក​នេះ ផលិត​ចេញពី​ផ្លែ​ពោត មើមដំឡូង និង​ចំណី​របស់​មនុស្ស​។ ប្លា​ស្ទិ​ក​ប្រភេទ​នេះ វារ​លាយ​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព ព្រមទាំង​ផ្តល់​ជីជាតិ​ដល់​ដី​ទៀតផង​។ កញ្ញា បាន​អះអាងថា ប្រសិនបើ​ម្ចាស់​រោងចក្រ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់ ងាក​មក​ប្រើ​ប្លា​ស្ទិ​ក​ប្រភេទ​នេះ វា​នឹង​ជួយ​ដល់​បរិស្ថាន​។

​ទី​ពីរ ការ​បំ​លែង​ថាមពល​។ កញ្ញា អះអាងថា បច្ចុប្បន្ន កម្ពុជា​បាន​សង់​ទំនប់​វា​រី​អគ្គិសនី ដើម្បី​បង្កើតជា​ចរន្តអគ្គិសនី​។ ប៉ុន្តែ កញ្ញា​ថា ការសាងសង់​ទំនប់​វា​រី​អគ្គិសនី បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន ដូចជា ត្រូវ​កាប់​ព្រៃឈើ ធ្វើ​ឲ្យ​បាត់បង់​សត្វ​ក្នុង​ទឹកជា​ដើម​។  ដោយឡែក ផ្ទាំង​សូ​ឡា គឺ​សក្តិសម បំផុត​សម្រាប់​ប្រទេស​កម្ពុជា ព្រោះតែ​កម្ពុ​ជាមាន​អាកាសធាតុ​អំណោយផល​បំផុត​សម្រាប់​ការប្រើ​សូ​ឡា​។  

​ទី​បី ការកែច្នៃ​សំរាម គឺ​ដើម្បី​កាត់បន្ថយ​សំរាម និង​បង្កើន​សេដ្ឋកិច្ច ដែល​ជំរុញ​ឲ្យ​មាន​បរិស្ថាន​ស្អាត​។ កញ្ញា អះអាងថា កម្ពុជា គួរ​បង្កើត​រោងចក្រ​ចំនួន​៤ នៅ​ទីលាន​ចាក់សំរាម​។ ទី​១) រោងចក្រ​ញែក​សំរាម ២) រោងចក្រ​ដុត​សំរាម ដើម្បី​ស្រូប​ថាមពល​អគ្គិសនី ៣)​រោងចក្រ​ជី​កំ​ប៉ុ​ស្ត និង​ទី​៤) រោងចក្រ​កែច្នៃ​ទឹកស្អុយ​។  

​សូម​ស្តាប់​ការពន្យល់​របស់​កញ្ញា សុង ប៊ុន​ទៀង ខាងក្រោម​នេះ​៖    




​ចំណែក លោក ផុន ប៊ុនហេង ម្ចាស់​ពានរង្វាន់​អ្នកវិទ្យាសាស្ត្រ និង​វិស្វករ​វ័យក្មេង​ប្រចាំឆ្នាំ​២០១៤ បាន​ប្រឡង​លើ​ប្រធានបទ​៖​ទំនប់​វា​រី​អគ្គិសនី​។ ក្នុង​វ័យ​២៥​ឆ្នាំ និស្សិត​ទើប​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​តិច​ណូ​)​រូបនេះ បាន​លើកយក​៣​ចំណុច ដើម្បី​បង្ហាញ​ដំណោះស្រាយ​លើ​ការសាងសង់​អគ្គិសនី​។  ១) ធានា​ឲ្យ​បាន​ថា កុំ​ឲ្យ​មាន​ផលប៉ះពាល់​មនុស្ស ដោយ​យក​គំរូ​តាម​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ ដែល​កម្រ​ឃើញ​ប្រជាជន​ឡាវ​ធ្វើការ​តវ៉ា​។

២) កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។ កាលណា​មាន​ទំនប់​វា​រី​អគ្គិសនី ដីល្បាប់​នៅ​ខាងលើ​មិន​ធ្លាក់​មក​ខាងក្រោម​ទន្លេ ដែល​ធ្វើ​ឲ្យ​ដី​ផ្នែក​ខាងក្រោម​ទន្លេ​មិនមាន​ជីជាតិ ខណៈ​ត្រី​មិនអាច​ផ្លាស់​ទី​បាន និង​ប៉ះពាល់​ដំណាំ​របស់​ប្រជាជន​ដែល​ដាំ​នៅតាម​មាត់ទន្លេ​។ ទី​៣ យើង​អាច​ទាញយក​សក្តានុពល​ផ្សេងៗ​ទៀត ដូចជា​៖ សូ​ឡា និង​ខ្ស​ល់​ជាដើម ដើម្បី​កាត់បន្ថយ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​។  លោក​បញ្ជាក់ទៀតថា ថាមពល​សូ​ឡា គឺជា​ថាមពល​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​កម្ពុ​ជាមាន​អាកាសធាតុ​ល្អ សម្រាប់​ថាមពល​ប្រភេទ​នេះ​។   

​សូម​ស្តាប់​ការពន្យល់​របស់ លោក ផុន ប៊ុនហេង ដូចតទៅ​៖    




​មិន​ត្រឹមតែ​ជា​បេក្ខជន​ជ័យលាភី​អ្នកវិទ្យាសាស្ត្រ និង​វិស្វករ​វ័យក្មេង​នោះទេ លោក ផុន ប៊ុនហេង ក៏​ជា​បេក្ខជន​តំណាង​កម្ពុជា​ម្នាក់ ក្នុងចំណោម​ពីរ​នាក់ ដែល​បាន​ជាប់​សមាជិក​អ្នករៀបចំ​កម្មវិធី​វេទិកា​ប្រចាំឆ្នាំ​២០១៦ និង​កំណត់​ប្រធានបទ​រួមគ្នា​ស្តីពី​៖«​ការប្រើប្រាស់​ថាមពល​អគ្គិសនី ដែលមាន​និរន្តរភាព​ដោយ​ប្រើ​បច្ចេកវិទ្យា​» នៅ​ប្រទេស​ជប៉ុន ដែលមាន​និស្សិត​ចំនួន​១១​នាក់ មកពី​៥​ប្រទេស​ផងដែរ​។   

លោក​បញ្ជាក់ថា និស្សិត​ទាំង​១១​នាក់​នេះ បាន​យក​ប្រធានបទ បញ្ហា និង​ដំណោះស្រាយ​ស្តីពី​ថាមពល​អគ្គិសនី នៅក្នុង​ប្រទេស​របស់ខ្លួន​មក​ចែករំលែក ដើម្បី​កំណត់​យក​ប្រធានបទ​រួមមួយ​។ ដោយឡែក ប៊ុនហេង បានលើកឡើង​ពី​ការសាងសង់​ផ្ទះ នៅ​សំណង់​មិន​រៀបរយ ដោយ​ប្រើប្រាស់​ថាមពល​តិច​បំផុត​។ លោក​និយាយថា អ្នករស់នៅ​សំណង់​មិន​រៀបរយ​នៅ​ស្ទឹងមានជ័យ ផ្ទះ​របស់​ពួកគេ​តូចចង្អៀត ដោយ​ពួកគេ​យក​ស័ង្កសី​មក​បាំង ដែល​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ក្តៅ​ពិបាក​រស់នៅ​។ លោក​និយាយថា​៖«​ការ​រចនា​(design)​ផ្ទះ ដោយមាន​ពន្លឺ​គ្រប់គ្រាន់ និង​មាន​ខ្ស​ល់​ចូល​ល្អ គឺអាច​សន្សំសំចៃ លើ​ការប្រើ​អគ្គិសនី​ជូន​ពួកគាត់ ពីព្រោះ​ពួកគេ​មិនសូវ​ធូរធារ​នោះទេ​»៕            

Tag:
 សុង ប៊ុន​ទៀង​
  ផុន ប៊ុនហេង​
© រក្សាសិទ្ធិដោយ thmeythmey.com