ជាតិ
សម្តេច ហ៊ុន សែន បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងការបរទេស នៅ​រសៀល​នេះ​
01, Mar 2017 , 12:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​និង​ទិសដៅ​ឆ្នាំ​២០១៧ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ម៉ោង ២​កន្លះ​រសៀល​ថ្ងៃទី​១ មីនា​នេះ នា​បន្ទប់​រំដួល ក្នុង​វិមាន​សន្តិភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​



​ក្រៅពី​ថ្លែង​សុន្ទរកថា​សំណេះសំណាល​ជាមួយ​ឯកអគ្គរាជទូត និង​មន្ត្រី​ក្រសួង សម្តេច ហ៊ុន សែន នឹង​បំពាក់​គ្រឿង​ឥស្សរិយ​ស​ជូន​ថ្នាក់ដឹកនាំ​ក្រសួងការបរទេស​ផងដែរ​។ នេះ​បើតាម​កម្មវិធី​ក្រសួងការបរទេស​។​

​ដោយឡែក ក្រោយ​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ក្រសួងការបរទេស​នឹង​រៀបចំ​ពិធីជប់លៀង​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ជូន​មន្ត្រី​ក្រសួង នៅ​ម៉ោង​៦​កន្លះ​ល្ងាច​ថ្ងៃនេះ ក្នុង​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​បច្ចុប្បន្ន កម្ពុជា​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ទាំងអស់​ចំនួន ១៧១​ប្រទេស ក្នុង​ពិភពលោក​។ នេះ​បើតាម​របាយការណ៍​ស្តីពី សមិទ្ធផល​ការងារ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៦ ។​

​បន្ថែម​លើសពីនេះ របាយការណ៍​ដែល​ផ្សាយ​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ក្រសួងការបរទេស កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា កម្ពុ​ជាមាន​ស្ថាន​តំណាង​នៅ​បរទេស​ចំនួន ៥៥ ក្នុងនោះ ស្ថានទូត​ចំនួន ២៤ ស្ថាន​តំណាង​អចិន្ត្រៃយ៍​ចំនួន ៤ ស្ថាន​អគ្គ​កុងស៊ុល​ចំនួន ១០ និង​ស្ថាន​កុងស៊ុល​កិត្តិយស​ចំនួន ១៧ ។​ជាងនេះទៀត កម្ពុជា​បាន បង្កើត​គណៈកម្មការ​អន្តររដ្ឋាភិបាល​ជាមួយ​ប្រទេស​ចំនួន ២ គណៈកម្មការ​ចម្រុះ​ទ្វេភាគី​ជាមួយ​ប្រទេស ចំនួន ១១ និង​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ជាមួយ​ប្រទេស​ចំនួន ១៨ ទៀត​៕


Tag:
 ហ៊ុន សែន​
  ប្រាក់ សុខុន​
  ការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com