កីឡាជាតិ
ជាតិ
បឹងកេត និង ការពារជាតិ រំពឹង​ឈ្នះ​រៀងៗ​ខ្លួន បន្ទាប់ពី​បានតែ​១​ពិន្ទុ​ពី​ការប្រកួត​បើកឆាក​
01, Mar 2017 , 1:24 pm        
រូបភាព
ខែក ខេមរិន្ទ (ឆ្វេង)​ របស់​ក្រសួងការពារជាតិ និង ស៊ុន សុវណ្ណ​រិទ្ធី របស់​បឹងកេត នាជំនួប Charity Cup បើក​រដូវកាល​ថ្មី។ រូបថត សហការី
ខែក ខេមរិន្ទ (ឆ្វេង)​ របស់​ក្រសួងការពារជាតិ និង ស៊ុន សុវណ្ណ​រិទ្ធី របស់​បឹងកេត នាជំនួប Charity Cup បើក​រដូវកាល​ថ្មី។ រូបថត សហការី
ដោយ:
​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​អង្គរ​ត្រូវ​ប្រជែង​ដណ្តើមយក​៣​ពិន្ទុ​ជាមួយ​ក្រសួងការពារជាតិ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុ​ជានា​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជំនួប​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ជាដាច់ខាត​ដូចគ្នា​។​



​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​អង្គរ​ក្រោយ​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុងជំនួប​បើកឆាក​កាលពី​ថ្ងៃទី​២៦ កុម្ភៈ សប្តាហ៍​មុន​។ ក្រុម​នេះ​ត្រូវការ​ឈ្នះ​ក្រសួងការពារជាតិ​ជា​ចាំបាច់ ដើម្បី​បាន​៣​ពិន្ទុ​ក្នុង​ការរក្សា​តុល្យភាព​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ក្នុង​តារាង​ពិន្ទុ​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​។

​អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​អង្គរ លោក បែរ មករា បាន​បញ្ជាក់ថា​៖«​ក្រុម​ទាំងពីរ​សុទ្ធតែ​ខ្លាំង​ដូចគ្នា ហើយ​ត្រូវការ​ឈ្នះ​ដូចគ្នា ប៉ុន្តែ​សម្រាប់​ជំនួប​ដ៏​សំខាន់​នា​ល្ងាច​នេះ​បឹងកេត​អង្គរ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ទទួលបាន​៣​ពិន្ទុ ក្រោយ​ក្រុម​បឹងកេត​មិនអាច​យកជ័យ​ឈ្នះ​លើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុងជំនួប​ដំបូង​»​។

​លោក​បាន​អះអាងថា ទោះបី​កូនក្រុម​របស់​បឹងកេត​អង្គរ​កំពុងមាន​បញ្ហា​កម្លាំង​ដោយសារ​ប្រកួត​ញឹកញាប់​ក៏ដោយ ប៉ុន្តែ​កីឡាករ​មិនមាន​របួស​នោះទេ​។ ទាំង​កីឡាករ និង​គ្រូបង្វឹក​សុទ្ធតែ​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុងការ​ស្វែងរក​ជ័យជម្នះ​នៅ​ល្ងាច​នេះ​។ លោក​ទទួលស្គាល់ថា ក្រសួងការពារជាតិ​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង និង​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុងជំនួប​នេះ ព្រោះ​ក្រុម​នេះ​ក៏​ត្រូវការ​ឈ្នះ​ដាច់ខាត​ផងដែរ​។

​តែ​យ៉ាងណា លោក បែរ មករា បាន​អះអាងថា​៖«​ខ្ញុំ​គិតថា​ការជួប​ជាមួយ​ក្រសួងការពារជាតិ​ប្រហែលជា​អាច​ស្រួល​ជាង​ការជួប​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​។ តែ​យ៉ាង​ណ​យើង​មិនអាច​ធ្វេសប្រហែស​បានឡើយ ព្រោះ​ក្រុម​ដែល​ចូលរួម​លេង​ក្នុង​រដូវ​កាល​ថ្មី​នេះ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា បើ​យើង​ប្រហែស​នឹងមាន​បញ្ហា​»​។​

​ក្រុម​ការពារ​ជើងឯក​បឹងកេត​អង្គរ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជើងឯក​រង​ក្រសួងការពារជាតិ​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១ ខែមីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។ គួររំលឹកថា ក្នុងជំនួប​បើកឆាក​កាលពី​សប្តាហ៍​មុន​ក្រសួងការពារជាតិ​បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​បឹងកេត​អង្គរ​ស្មើ ២-២ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​៕  



Tag:
 បាល់ទាត់​
  Cambodian League 2017
  បឹងកេត​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com