ជាតិ
តុលាការ ពន្យារពេល​ប្រកាស​សាលក្រម ជនជាប់ចោទ ជួប សម្លាប់ នៅ​ថ្ងៃទី​២៣ មីនា
01, Mar 2017 , 1:46 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ លោក អឿ​ត អាង ហៅ​ជួប សម្លាប់ ដែលជា​ជនជាប់ចោទ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៧​នេះ ។ ប៉ុន្តែ ទោសកំហុស​របស់លោក ជួប សម្លាប់ មិនទាន់​ត្រូវបាន​ប្រកាស​នៅថ្ងៃនេះ​ឡើយ​។​



​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​បណ្តាញ​ទំនាក់ទំនង Telegram ថា ក្រោយ​បញ្ចប់​សវនាការ ចៅក្រម​ជំនុំជម្រះ មិនបាន​ប្រកាស​សាលក្រម​ភ្លាម​នោះទេ ដោយ​លើក​ពេល​ប្រកាស នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧​វិញ​។

​នៅក្នុង​សវនាការ​នា​ព្រឹក​នេះ លោក ជួប សម្លាប់ បាន​សារភាព​ម្តង​ទៀតថា លោក ពិតជា​បានសម្លាប់​លោក កែម ឡី មែន ដោយសារតែ​លោក កែម ឡី ជំពាក់​ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ ហើយ​មិន​ព្រម​សង​រូបគេ​វិញ​។ លោក ជួប សម្លាប់ បាន​រង​ពីបទ​ចោទ «​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់​»​។

​លោក ជួប សម្លាប់ ត្រូវបាន​សមត្ថកិច្ច ចាប់បាន​ភ្លាមៗ ក្រោយ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី កើតឡើង​ក្នុង​ស្តា​ម៉ា​ត​មួយកន្លែង ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ពេលនោះ លោក ជួប សម្លាប់ ធ្លាប់​សារភាព​នៅ​ចំពោះ​មុខប៉ូលិស​ថា លោក ជា​ឃាតក​ដែល​សម្លាប់​លោក កែម ឡី​៕


Tag:
 ជួប សម្លាប់​
  កែម ឡី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com