ជាតិ
ឯ​.​ឧ កឹម សុខា ជា​បេក្ខជន​ប្រធាន​CNRP ឯ​លោកស្រី មូរ សុខ​ហួរ លោក ប៉ុល ហំ​ម​-​អេង ឆៃអ៊ាង ជា​អនុប្រធាន
01, Mar 2017 , 3:42 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​ក្បាលម៉ាស៊ីន​ថ្មី ក្នុងការ​ដឹកនាំ​បក្ស​រួចរាល់​ហើយ តាម​ទម្រង់​រូបមន្ត ប្រធាន ១ រូប និង​អនុប្រធាន ៣ រូប ដែល​នឹងត្រូវ​ដាក់ចូល​ក្នុង​របៀប​វារៈ​នៃ​សមាជ​គណបក្ស​នៅ​ថ្ងៃទី​២ មីនា​នេះ​។​



​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ បាន​ឲ្យ​ដឹងថា រូបមន្ត​ថ្មីនេះ គឺ​ត្រូវបាន​គណៈកម្មាធិការ​នាយក​គណបក្ស ​ឯកភាពគ្នា​សម្រេច​យល់ព្រម​ហើយ ក្នុងការ​គាំទ្រ​ឲ្យ​ឯកឧត្តម កឹម សុខា ទទួល​តំណែង​ជា​ប្រធាន​គណបក្ស នៅ​ថ្ងៃ​ប្រជុំ​សមាជ​បក្ស​ស្អែក​នេះ​។ ចំណែក​អនុប្រធាន​ទី​១ គឺ​លោក ប៉ុល ហំ​ម ,​អនុប្រធាន​ទី​២ លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​ទី​៣​។​



​នៅពេល​សួរថា មូលហេតុ​អ្វី​បានជា​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសរើស​រូបមន្ត​ដឹកនាំ​បក្ស​បែបនេះ​? ឆ្លើយតប​សារព័ត៌មាន​ថ្មីៗ លោកស្រី មួ សុខ​ហួរ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពីព្រោះ​កាលៈទេសៈ​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវមាន​ការងារ​ធ្វើ​នៅពេល​ខាង​មុខធំៗ​ច្រើន​ទៀត សម្រាប់​ការបោះឆ្នោត​។ ហើយ​យើង​ត្រូវ​ការដាក់​សមាសភាព​អនុប្រធាន ៣ នេះ ដើម្បី​ជួយ​ការងារ​ដល់​ឯកឧត្តម កឹម សុខា ដែល​នឹងត្រូវ​ក្លាយជា​ប្រធាន​គណបក្ស​នេះ​»​។​



​តាមពិត​លក្ខន្តិក​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​មេដឹកនាំ​ពី​ខាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រួម​ប​ញ្ជូ​ល​គ្នា​តែមួយ កាលពី​ឆ្នាំ ២០១២ នោះ បានកំណត់​យក​រូបមន្ត​ដឹកនាំ​បក្ស​ដោយមាន​ប្រធាន ១ រូប និង​អនុប្រធាន​គណបក្ស ១ រូប​ប៉ុណ្ណោះ​។ តែ​ត្រង់ចំណុច​នេះ លោកស្រី មួ សុខ​ហួរ បាន​បកស្រាយ​វិញ​ថា គណបក្ស​នឹងធ្វើ​វិសោធនកម្ម​លក្ខន្តិក​គណបក្ស​ផងដែរ ដើម្បី​សម្រួល​ផ្លូវ​ក្នុងការ​ប្រើប្រាស់​រូបមន្ត​ប្រធាន​១​រូប និង​អនុប្រធាន​៣​រូប​វិញ​។​






​គួរ​បញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី បានប្រកាស​លាលែង​ពី​ប្រធាន និង​សមាជិកភាព​ពី​គណបក្ស នៅ​ថ្ងៃទី​១១ កុម្ភៈ​នេះ  ស្របពេល​ដែល​ដែល​សេចក្តីស្នើច្បាប់ ដែល​មិន​ផ្តល់ឱកាស​ឲ្យ​ទណ្ឌិត មាន​សិទ្ធិ​ធ្វើជា​ប្រធាន​គណបក្សនយោបាយ ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋសភា​។  ក្រោយ​លាលែង​ពី​តំណែង​បាន​មួយ​ថ្ងៃនោះ ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់​តាមរយៈ​វិ​ដេ​អូ​ឃ្លី​ប​មួយ​ថា មូលហេតុ​ដែល​លោក​លាលែង​ចេញពី​តំណែង​ប្រធាន​បក្ស​នេះ គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​គណបក្ស បញ្ចៀស​ហានិភ័យ​ណាមួយ​ដែល​ស្ថិតនៅក្នុង​គោលបំណង​រំលាយ​គណបក្ស​ខ្លួន​នេះ​៕


Tag:
 កឹម សុខា​
 ​មួ សុខ​ហួរ​
 ​ប៉ុល ហំ​ម​
 ​អេង ឆៃអ៊ាង​
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com