ជាតិ
ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពិគ្រោះគ្នា​ស្តីពី​ការអភិវឌ្ឍ​កុមារ​តូច​
01, Mar 2017 , 4:23 pm        
រូបភាព
​សៀមរាប​៖ គណៈប្រតិភូ​ជាង​៥០០​នាក់ មកពី​ប្រទេស​ចំនួន​៣៦ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាននិងកំពុង​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការអភិវឌ្ឍ​កុមារ​តូច ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប​។ សន្និសីទ​នេះ ផ្តោតលើ​ការអភិវឌ្ឍ​កុមារ​តូច ទាំង​ការអប់រំ និង​អាហារូបត្ថម្ភ​។​



​ពិធី​បើក​សន្និសីទ​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៧ គឺ​ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មានប្រសាសន៍ថា ក្រោយ​ថ្ងៃ​៧​មករា​មក គឺ​កុមារ​គ្រប់រូប​ទទួលបាន​ការ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ដើម្បី​កសាង​បុគ្គលិកលក្ខណៈ អត្តចរិត និង​ចំណេះដឹង​ដំបូង សម្រាប់​ត្រៀមខ្លួន​ចូល​បឋមសិក្សា​។ សម្តេច​បន្ថែមថា កម្ពុជា​ស្រឡាញ់ និង​ចាត់ទុក​កុមារ គឺជា​ដើមទុន​នៃ​ធនធានមនុស្ស និង​ជា​អ្នកដឹកនាំ​ទៅ​ថ្ងៃ​ខាងមុខ​។​



​នាយក​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក លោកស្រី ខា​រី​ន ហ៊ុល​ហ្សុ​ប បាន​លើកឡើងថា ភស្តុតាង​ច្បាស់លាស់​ជាច្រើន​បានបង្ហាញ​ថា រយៈពេល​មួយ​ពាន់​ថ្ងៃ​ដំបូង​នៃ​ជីវិត ចាប់ពី​បង្ក​កំណើត​ក្នុង​ផ្ទៃ​រហូតដល់​អាយុ​២​ឆ្នាំ គឺជា​ពេលវេលា​ដ៏​មាន​សារសំខាន់​បំផុត​សម្រាប់​សុខុមាលភាព និង​ការអភិវឌ្ឍ​កុមារ​។ លោកស្រី​បន្តថា ការផ្តល់​ការថែទាំ​ប្រកបដោយ​យកចិត្តទុកដាក់ និង​ការផ្តល់​ការអប់រំ​នៅ​វ័យក្មេង គឺជា​កត្តា​ចំបង​ក្នុង​ការកសាង​កុមារ​ប្រកបដោយ​សុខភាព​ល្អ ដើម្បី​ឲ្យ​ពួកគេ​អាច​ឈានទៅ​សម្រេចបាន​នូវ​សក្តានុពល​របស់​ពួកគេ​នៅពេល​ពេញវ័យ​។​

​គួរ​បញ្ជាក់ដែរថា សន្និសីទ​អន្តរជាតិ​ស្តីពី​ការអភិវឌ្ឍ​កុមារ​តូច​នេះ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ មីនា ឆ្នាំ​២០១៧​។

​សន្និសីទ​នេះ ក៏​អនុញ្ញាត​ឲ្យ​បណ្តា​ប្រទេស​ចូលរួម​ទាំងអស់ បាន​ចែករំលែក និង​សិក្សា​ពី​យុទ្ធសាស្ត្រ​ពីគ្នា​ទៅវិញទៅមក ស្តីពី​ការសម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ត្រឹម​ឆ្នាំ​២០៣០​។ ក្នុងនោះដែរ ប្រទេស​ទាំងអស់ នឹង​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ផ្សេងៗ ដូចជា​តម្រូវការ​ដើម្បី​ធ្វើ​បរិ​យា​ប័ន្ន និង​សមាហរណកម្ម​កម្មវិធី គោលនយោបាយ ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ទទួលបន្ទុក​សុខភាព​អាហារូបត្ថម្ភ និង​គាំពារ​សង្គម​ចំពោះ​កុមារ ខាង​ផ្នែក​អប់រំ​អនាម័យ​ទឹក​៕


Tag:
 កុមារ​តូច​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com