ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប ស្នើឲ្យក្រសួងការបរទេស អញ្ជើញ​សហគមន៍​អន្តរជាតិ មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​
05, Apr 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ តាមរយៈ​សំណើ ដែល​ដាក់​ទៅកាន់​ក្រសួងការបរទេស គ​.​ជ​.​ប បានបង្ហាញ​គោលបំណង​របស់ខ្លួន ដែល​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​នានា មក​ធ្វើជា​អ្នកសង្កេតការណ៍​ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ​។ បច្ចុប្បន្ននេះ មាន​ស្ថានទូត​មួយចំនួន រួមទាំង​អង្គការ​អន្តរជាតិ​ដទៃទៀត បាន​ប្រា​ប់គ​.​ជ​.​ប ថា នឹងចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍​។​

 
​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានដាក់​សំណើ ទៅកាន់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​សុំ​ឲ្យ​អញ្ជើញ​តំណាង​អង្គការ​អន្តរជាតិ និង​តំណាង​ប្រទេស​នានា មក​ចូលរួម​សង្កេតការណ៍​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ 
 
​នៅក្នុង​លិខិត​នោះ លោក ស៊ិ​ក ប៊ុន​ហុក បាន​សរសេរ​ដូច្នេះ​ថា​៖«​ដើម្បី​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ ប្រព្រឹត្ត​ទៅដោយ​មានការ​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត ពី​មជ្ឈដ្ឋាន​នានា សូម​ឯកឧត្តម​ទេសរដ្ឋមន្ត្រី មេត្តា​អញ្ជើញ​តំណាង​ប្រទេស​នានា និង​តំណាង​អង្គការ​អន្តរជាតិ ឲ្យ​មក​ចូលរួម ធ្វើជា​អ្នកសង្កេតការណ៍​»​។ 
 
​រហូតមកដល់​ពេលនេះ មាន​ស្ថានទូត​ចំនួន​ពីរ​ហើយ ដែល​ប្រា​ប់គ​.​ជ​.​ប ថា នឹងដាក់​តំណាង​របស់ខ្លួន ឲ្យ​ធ្វើជា​អ្នកសង្កេតការណ៍​ក្នុងការ​បោះឆ្នោត នាពេលខាងមុខ​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ដែល​បាន​និយាយ​បន្ថែម​ពីលើ​លិខិត​របស់លោក ស៊ិ​ក ប៊ុន​ហុក​។ 
 
​លោក ហង្ស ពុទ្ធា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ស្ថា​ត​ទូត​ទាំងពីរ​នោះ គឺ​ស្ថានទូត​អាមេរិក និង​ស្ថា​ត​ទូត​សភាព​អឺរ៉ុប​។ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ស្ថានទូត​ទាំងពីរ​នេះ បាន​ប្រាប់​មុខ​ហើយ ថា​នឹងចូលរួម​ធ្វើជា​អ្នកសង្កេតកា​ណ៍​។ តែ​ពួកគាត់ មិនទាន់​បានដាក់​លិខិត​ជា​ផ្លូវការ​មក​គ​.​ជ​.​ប ទេ​។ ក្រៅពីនេះ ក៏មាន​អង្គការ​អន្តរជាតិ​មួយចំនួនទៀត បានបង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​រឿងនេះ​»​។ 
 
​លោក ហង្ស ពុទ្ធា បន្តថា បច្ចុប្បន្ន មាន​អង្គការ​ជាតិ​ចំនួន​បី បានដាក់​ពាក្យ​ទៅកាន់​គ​.​ជ​.​ប ដើម្បី​សុំ​ធ្វើជា​អ្នកសង្កេតការណ៍​ក្នុងការ​បោះឆ្នោត​។ លោក ប្រាប់ថា អង្គការ​ទាំងបី​នោះ មាន​អ្នកសង្កេតការណ៍​ជិត​២​ពាន់​នាក់​។ 
 
​សូមបញ្ជាក់ថា គណបក្សនយោបាយ​ចំនួន​១២ បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់​៕
 
 
 
 

Tag:
 គ​.​ជ​.​ប​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com