ជាតិ
អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ប្រកា​សផ្តល់​អាហារូបករណ៍​សិក្សា​ផ្នែក​សិល្បៈ​
06, Apr 2017 , 8:39 pm        
រូបភាព
រូបពីហ្វេសប៊ុក Cambodia Living Arts
រូបពីហ្វេសប៊ុក Cambodia Living Arts
ដោយ: ថ្មីៗ
​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ មាន​កម្មវិធី​ពង្រឹងសមត្ថភាព​អ្នកធ្វើការ​ក្នុង​វិស័យ​សិល្បៈ វប្បធម៌ និង​ចំណេះ​ផ្នែក​សិល្បៈ​ក្នុងសង្គម​ខ្មែរ តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល​, មូលនិធិ​, បទ​បង្ហាញ និង​តាមរយៈ​ការចូលរួម​ក្នុងការ​អនុវត្ត​សកម្មភាព​សិល្បៈ វប្បធម៌​។​



​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នឹង​បើកទទួល​ពាក្យសុំ​អាហារូបករណ៍​សិល្បៈ  អមតៈ អាន ច​ន​-​ផន សម្រាប់​ឆ្នាំ​២០១៧-២០១៨ ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។ បេក្ខជន​សញ្ជាតិ​ខ្មែរ​ជា​សិស្ស​-​និស្សិត  សិល្បៈ អ្នកធ្វើការ ឬ​អ្នកស្រាវជ្រាវ​ផ្នែក​សិល្បៈ និង​វប្បធម៌​ដែលមាន​ចំណាប់អារម្មណ៍ អាចមក​ទទួល​ពាក្យ​ដោយ​ឥតគិតថ្លៃ​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ឬ​ទាញយក​ពី គេហទំព័រ www.cambodianlivingarts.org​។ កាលបរិច្ឆេទ ឈប់​ទទួល​ពាក្យ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ។

​បើតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ការផ្ដល់​អាហារូបករណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​រប​ស់សិ​ល្បករ និង​អ្នកធ្វើការ​ក្នុង​វិស័យ​សិល្បៈ និង​វប្បធម៌ ដែល​ចង់​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​សិល្បៈ ឬ​ជំនាញ​ផ្សេងទៀត​ដើម្បី​អភិវឌ្ឍ​ខ្លួន​សម្រាប់​អាជីព​ក្នុង​វិស័យនេះ​។ ក្រៅពី​អាហារូបករណ៍​ដែល​ផ្ដល់ជូន ជ័យលាភី ក៏​នឹង​ទទួលបាន​កម្មវិធី​បណ្ដុះ​បណ្ដាល​តម្រង់ទិស និង​ការផ្ដល់​ប្រឹក្សា​នានា ឱកាស​បង្កើត​ទំនាក់ទំនង ព្រមទាំង​កញ្ចប់​ថវិកា​ចំនួន ១,២០០ ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​យកទៅ​អភិវឌ្ឍន៍​ជំនាញ​សិល្បៈ ឬ​ជំនាញ​មិនមែន​សិល្បៈ​របស់ខ្លួន​ផងដែរ​។​

​អង្គការ​នេះ លើកទឹកចិត្ត​ដល់​បេក្ខជន​ជា​ស្ត្រី ឬ​បេក្ខជន​មាន​ពិការភាព​ឲ្យ​ដាក់​ស្នើសុំ​អាហារូបករណ៍​នេះ​។ ចំពោះ​បេក្ខជន​ដែលមាន​ពិការភាព​ជួប​បញ្ហាលំបាក​ក្នុង​ការបំពេញ​ព័ត៌មាន​ពាក្យសុំ​អាច​ប្រើប្រាស់​វីដេអូ​សម្រាប់​ផ្ដល់​ចម្លើយ​តាម​សំណួរ​នីមួយៗ​បាន​។

​ពាក្យសុំ​អាហារូបករណ៍ មាន​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ​នៅ​ទីតាំង​ដូចខាងក្រោម​៖
-​    ​ភ្នំពេញ​៖ សិល្បៈ​ខ្មែរ​អមតៈ ផ្ទះ​លេខ ១២៨G៩ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន  (០១៧ ៥៥៧ ២៨៥ / ០១០ ៩៤១ ២២៤)
-​    ​សៀមរាប​៖ វត្ត​រាជ​បូ​ណ៌ សង្កាត់​សាលា​កំរើក ខេត្តសៀមរាប (០១២ / ០៦៩ ៥៨៣ ៨៩១)
-​    ​ឬ​ទាញ​យកបាន​ពី​តំណ​ភ្ជាប់ goo.gl/dGB7Aj​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​កញ្ញា យ៉ុ​ន សុខ​ខន អ្នកសម្របសម្រួល​ជាន់ខ្ពស់​កម្មវិធី​អភិវឌ្ឍន៍​សិល្បៈ ទូរស័ព្ទ​លេខ ០១៧ ៥៥៧ ២៨៥ / ០១០ ៩៤១ ២២៤ ឬ​អ៊ីម៉េល [email protected]។​


Tag:
 អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​
  អាហារូបករណ៍​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com