កីឡាជាតិ
ជាតិ
Davis Cup៖ សំនៀង បង្កើត​កំណត់ត្រា កេ​ន្នី និង​ផល្គុណ រក្សា​ភាពខ្លាំង ខណៈ​សារិទ្ធ​បាន​បទពិសោធន៍​ដ៏​ល្អ​
11, Apr 2017 , 10:02 am        
រូបភាព
លោក ចម ប្រសិទ្ធ ស្វាគមន៍ការមក​ដល់​របស់​ក្រុម​កីឡាវាយកូនបាល់ជម្រើសជាតិ​កម្ពុជា ដែលមាន​លោក ទេព រិទ្ធីវិត ជាប្រធាន​ក្រុម
លោក ចម ប្រសិទ្ធ ស្វាគមន៍ការមក​ដល់​របស់​ក្រុម​កីឡាវាយកូនបាល់ជម្រើសជាតិ​កម្ពុជា ដែលមាន​លោក ទេព រិទ្ធីវិត ជាប្រធាន​ក្រុម
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ រីករាយ​ចំពោះ​សមត្ថភាព កីឡាករ​របស់ខ្លួន​ដែល​បាន​នាំ​កម្ពុជា​ទទួលបាន​កៅអី​ទៅកាន់​ក្រុម III ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី នៃ​ពានរង្វាន់ Davis Cup ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ទាំងអស់​ក្នុង​ពូ​ល ហើយ​បន្ត​បំបាក់​ជើង​ខ្លាំង​អូ​ម៉​ង់ នា​ការប្រកួត​វគ្គ​ខ្វែង​នៅ​ទីក្រុង​អ៊ី​សា ប្រទេស​បា​រ៉ែ​ន​។​



​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ Davis Cup ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី Group IV កាលពី​ថ្ងៃទី​៣ ដល់ទី​៨ ខែមេសា នៅ​ទីក្រុង​អ៊ី​សា ប្រទេស​បា​រ៉ែ​ន កន្លងមក ក្រុម​កីឡាករ​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ប៉ា​ណា​ម៉ា លោក Aneiros Braen បានបង្ហាញ​សមត្ថភាព​យ៉ាង​អស្ចារ្យ​នា​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល A ដោយបាន​យកឈ្នះ​មី​យ៉ាន់​ម៉ា ៣-០ ឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ២-១ ឈ្នះ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន ៣-០ និង​ឈ្នះ​អា​រ៉ា​ប៊ី​សា​អូឌីត ២-១ ជា​បន្តបន្ទាប់ មុននឹង​បំបាក់​អូ​ម៉​ង់ ២-០ នា​ការប្រកួត​ដណ្តើម​កៅអី​ទៅកាន់​ក្រុម III នៅ​ឆ្នាំ​២០១៨ ។​

​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា បាន​វិល​កាន់​មាតុប្រទេស​វិញ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា ដោយមាន​ការទទួល​ស្វាគមន៍​ផងដែរ​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី  ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា រួមទាំង​អ្នកសារព័ត៌មាន អ្នកគាំទ្រ​ជាច្រើន​នាក់​។​



​ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា លោក ទេព រិទ្ធី​វិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ បាន​មើលឃើញ​ចំណុច​វិជ្ជមាន​ជាច្រើន​របស់​កីឡាករ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កន្លងមកនេះ​។​

​ក្រៅពី ប៊ុន កេ​ន្នី និង​ម៉ម ផល្គុណ ដែលមាន​ភាពចាស់ទុំ​ច្រើន លោក ទេព រិទ្ធី​វិត រីករាយ​យ៉ាងខ្លាំង​ចំពោះ​សមត្ថភាព​របស់ ឡុង សំនៀង និង​កីឡាករ​ចំណូល​ថ្មី អោ សារិទ្ធ​។ លោក​គូសបញ្ជាក់ថា កំណត់ត្រា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ ឡុង សំនៀង ដែល​កន្លងមក​មិន​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​សោះ​ក្នុង Davis Cup បែរជា​ទទួលបាន​ជ័យជម្នះ​ទាំង​៤​ប្រកួត​ដែល​រូប​បានបង្ហាញ​វត្ត​មាននៅ​ទីក្រុង​អ៊ី​សា ប្រទេស​បា​រ៉ែ​ន​។

​ជាមួយគ្នានេះ ការបង្ហាញ​វត្តមាន​លើកដំបូង​របស់ អោ សារិទ្ធ បានផ្តល់​ផល​ជា​វិជ្ជមាន​ផងដែរ ដោយ កីឡាករ​ចំណូល​ថ្មី​រូបនេះ ធ្វើបាន​យ៉ាង​ល្អ​លើ​វិញ្ញាសា​វាយ​ជា​គូ និង​មាន​ការជួយ​សហការ​ពី​កីឡាករ​ជើងចាស់ ម៉ម ផល្គុណ​។ ទាក់ទង​នឹង​ការប្រើប្រាស់​កីឡាករ​ឆ្នើម ប៊ុន កេ​ន្នី លោក ទេព រិទ្ធី​វិត បាន​អះអាងថា ក្រុម​ទាំងមូល​មាន​យុទ្ធសាស្ត្រ​គ្រប់គ្រាន់ ដោយ​ដាក់​ឲ្យ​កីឡាករ​រូបនេះ​លេង​ក្នុងការ​ប្រកួត​សំខាន់ៗ និង​ឈ្នះ​គ្រប់ការ​ប្រកួត ដោយ​មិនមាន​ករណី​របួស​ដូច​ឆ្នាំមុន​ឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក ទេព រិ​ទ្ធ​វិត ក៏មាន​ហ៊ាន​ក្តី​រំពឹង​ខ្ពស់​នោះឡើយ​សម្រាប់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក Davis Cup​។ លោក​បាន​លើកឡើងថា​៖ «​ខ្ញុំ​ជឿជាក់ថា យើង​អាច​រក្សាខ្លួន​នៅ Group III បានយូរ​ឆ្នាំ មុននឹង​ឈានដល់ Group II ហើយ​យើង​នឹង​ជំរុញ​កីឡាករ​ថ្មីៗ​បន្ថែមទៀត ដើម្បី​ទទួលបាន​បទពិសោធន៍​ពី​ការប្រកួត​លំដាប់​ពិភពលោក​នេះ​»​។​
​ប៊ុន កេ​ន្នី ក៏បាន​អះអាង​ដែរ​ថា ព្រឹត្តិការណ៍ Davis Cup នេះ ជា​ទុន​មួយ​ដ៏​ល្អ​សម្រាប់​រូបគេ​ក្នុង​ការពង្រឹង​យក​មេដាយ​នៅ​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី បន្ទាប់ពី​រូបគេ​ទទួលបាន​មេដាយសំរិទ្ធ​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​កាលពី​ឆ្នាំ​២០១១ និង​សំរិទ្ធ​១​ទៀត​លើ​វិញ្ញាសា​វាយ​ទោល​កាលពី​ឆ្នាំ​២០១៥ ។​

​ចំណែក អោ សារិទ្ធ​វិញ គេ​មាន​មោទកភាព ដោយ​ការ​បង្ហាញខ្លួន​លើកដំបូង​របស់គេ គ្មាន​ការភ័យខ្លាច​។ កីឡាករ​រូបនេះ​ទទួលស្គាល់ថា គេ​នៅ​ខ្វះ​បទពិសោធន៍​ច្រើន​នៅលើ​ទីលាន ជាពិសេស​ការប្រកួត​លើ​វិញ្ញាសា​ឯកត្តជន ប៉ុន្តែ​រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​៕


Tag:
 Davis Cup
  ជម្រើសជាតិ​កីឡា​វាយ​កូន​បាល់​
© រក្សាសិទ្ធិដោយ thmeythmey.com