ជាតិ
កម្ពុជា​ផ្សព្វផ្សាយ​សៀវភៅ​អភិបាលកិច្ច​របស់​ប្រធានាធិបតី​ចិន​ជា​ភាសា​ខ្មែរ ជា​លើកដំបូង​
11, Apr 2017 , 10:37 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បានប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​អភិបាលកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង (Xi Jinping: the Governance of China) ជា​ភាសា​ខ្មែរ ជា​ផ្លូវការ នៅ​ថ្ងៃទី​១១ ខែមេសា​នេះ នា​វិមាន​សន្តិភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​«​ស៊ី​ជីន ភីង​៖ អភិបាលកិច្ច​ប្រទេស​ចិន​» នៅ​ព្រឹក​នេះ លោកស្រី ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ឲ្យ​ដឹងថា សៀវភៅ​អភិបាលកិច្ច​នេះ ត្រូវបាន​មន្ត្រី​ការងារ​វិទ្យាស្ថាន ខុង ជី នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប​ក​ប្រែ​ពី​ភាសា​ចិន​ជា​ភាសា​ខ្មែរ ក្រោយ​ទទួលបាន​ការឯកភាព​ពី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​។

​លោកស្រី​ដែលមាន​ងារ​ជា​បណ្ឌិត​សភាចា​រ្យ​រូបនេះ បាន​រម្លឹកថា កាលពីដើមឆ្នាំ​២០១៥​កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា​ធ្លាប់​ផ្សព្វផ្សាយ​សៀវភៅ ស៊ី​ជីន ភីង​៖ អភិបាលកិច្ច​ប្រទេស​ចិន ជា​ភាសា​អង់គ្លេស ជា​លើកទីមួយ ក្រោម​វត្តមាន​ឯកអគ្គរាជទូត​ចិន​ប្រចាំ​កម្ពុជា អ្នកស្រាវជ្រាវ និង​និស្សិត​ខ្មែរ​មួយចំនួន​។ ត្រង់នេះ លោកស្រី​បញ្ជាក់ថា សៀវភៅ​នេះ​មាន​សារៈប្រយោជន៍​ណាស់ ដែល​អាច​ឲ្យ​សាធារណជន​បាន​ស្វែងយល់​ពី​គោលនយោបាយ​សេដ្ឋកិច្ច រដ្ឋាភិបាល និង​ទំនាក់ទំនង​អន្តរជាតិ​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង​។ «​សៀវភៅ​ជា​ពិភពលោក ពិភពលោក​ជា​សៀវភៅ​»​។ នេះ​ជាករ​បញ្ជាក់​របស់លោក​ស្រី ធីតា ។​

​ក្រៅពី​បកប្រែ​សៀវភៅ​ស៊ី​ជីន ភីង​៖ អភិបាលកិច្ច​ប្រទេស​ចិន​ដែលមាន ១៨​ជំពូក​នេះ​រួច មន្ត្រី​រាជបណ្ឌិត្យសភាកម្ពុជា ក៏​នឹង​បកប្រែ​សៀវភៅ​ទស្សនវិជ្ជា​អ្នក​ប្រាជ្ញា​ចិន ការទំនាក់ទំនង​ចិន​-​កម្ពុជា ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំងពីរ​បានដឹង​ពី​កិច្ចសហការ​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ដែលមាន​រយៈ​ជាង​២​ពាន់​ឆ្នាំ​មកនេះ ។​

​ជាមួយគ្នា លោក JIANG Jianguo រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​ព័ត៌មាន​របស់​ចិន បានចាត់ទុក​សៀវភៅ​របស់លោក ស៊ី ជីន​ភីង ជា​ប្រយោជន៍​សម្រាប់​សាធារណជន​ស្វែងយល់​ពី​ការអភិវឌ្ឍ​ប្រទេស​ចិន​។ «​លោក ស៊ី ជីន​ភីង បាន​និយាយថា​សមិទ្ធិផល​សេដ្ឋកិច្ច​ប្រៀប​ដូច​នំ​ខេ​ក និង​បែងចែក​ដោយ​យុត្តិធម៌​...​។ ការនិយាយ​ដោយ​ឥតប្រយោជន៍​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​» ។ នេះ​ជាការ​លើកឡើង​លោក JIANG ដែល​បាន​យកសម្តី​ប្រធានាធិបតី​ចិន មក​បញ្ជាក់​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​នេះ​។​

​សៀវភៅ​នេះ​មាន​ចំនួន​៧៩ អត្ថបទ​របស់លោក​ស៊ី ជិន​ភីង ក្នុង​ចន្លោះ​ពី​ខែវិច្ឆិកា ឆ្នាំ​២០១២ ដល់​ខែមិថុនា ឆ្នាំ​២០១៤ ក្នុងនោះ រួមមាន​សុន្ទរកថា សេចក្តី​បង្គាប់​បង្ហាញ និង​សារលិខិត​ជូនពរ​ជាដើម​។ បច្ចុប្បន្ន​សៀវភៅ​នេះ បាន​បក​ប្រែជា​១៦​ភាសា ព្រមទាំង​បោះពុម្ព​ផ្សាយបាន​ចំនួន​៦​លាន ២​សែន​ក្បាល​នៅលើ​សាកលលោក​ទាំងមូល​។ សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ព​ជា ភាសា​ចិន អង់គ្លេស បារាំង រុស្ស៊ី អារ៉ាប់ អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ អាឡឺម៉ង់ និង​ជប៉ុន​៕


Tag:
 ហ៊ុន សែន​
  ស៊ី ជីន​ភីង​
  ខ្លូត ធីតា​
  រាជបណ្ឌិត្យសភា​
  ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com