ជាតិ
សម្ដេច ហ៊ុន សែន ថា ទំនាក់ទំនង​កម្ពុជា​-​ចិន គឺជា​គំរូ​ល្អ​ដល់​ប្រទេស​ដទៃ​
11, Apr 2017 , 11:31 am        
រូបភាព
​ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ជា​លើកដំបូង​នូវ​សៀវភៅ​ជា​ខេមរភាសា​ស្តីពី​លោក ស៊ី ជីន​ភីង «​អភិបាលកិច្ច​ប្រទេស​ចិន​» នៅ​ព្រឹក​ថ្ងៃទី ១១ មេសា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំ​ឮ​ក​ពី​កិច្ចសហការ​គ្នា​រវាង​ក​ម្ពុ​ជា​-​ចិន ជាច្រើន​ឆ្នាំ​មកនេះ ដែល​បាន​ពង្រីក​វិសាលភាព និង​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យ​មាន​ភាព​រីកចម្រើន​ផងដែរ​។ សម្ដេច ហ៊ុន សែន បាន​បន្ថែមថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កន្លងមក គឺជា​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ប្រកបដោយ​សន្តិភាព ។  ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទំនាក់ទំនង​កម្ពុជា​-​ចិន គឺជា​គំរូ​ល្អ ដល់​ប្រទេស​ដទៃ​»​។​



​បើតាម​សម្ដេច ហ៊ុន សែន ប្រទេស​ចិន​ជា​ដៃគូ​ដ៏​វិសេសវិសាល ដែល​តែងតែ​ជួយ​ដល់​កម្ពុជា​នូវ​គ្រប់​កាលៈទេសៈ ដើម្បី​រួមចំណែក​លើ​កិច្ច​អភិវឌ្ឍ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។
​រដ្ឋាភិបាល​ចិន បានផ្តល់​ហិរញ្ញប្បទាន ចំនួន​៤២០០​លាន​ដុល្លារ​មកហើយ គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ​២០១៧​មកនេះ ដើម្បី​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត វិស័យ​សុខាភិបាល អប់រំ កសិកម្ម សន្តិសុខ និង​សង្គម​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន មាន​ចំនួន​៤៨០០​ដុល្លារ ដែល​ក្នុង​កម្ពុជា​នាំ​ចេញទៅ​ចិន ចំនួន​៨៣០​លាន​ដុល្លារ ខណៈដែល​ចិន​នាំ​ចូលមក​កម្ពុជា ៣៩០០​លាន​ដុល្លារ​។ ចំណែក​ភ្ញៀវទេសចរ​ចិន ដែល​ចូលមក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​៨៣០០០០​នាក់ ដែល​កើនឡើង​២០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥៕


Tag:
 ​ហ៊ុន សែន​
 ​ កម្ពុជា​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com