ជាតិ
អ្នកនាំពាក្យ​គ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រចាំខែ​តាម​គំរូ​ប្រទេស​ប្រជាធិបតេយ្យ​
11, Apr 2017 , 7:59 pm        
រូបភាព
ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​តំណាង​គណ​បក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​​​កម្ពុជា​ចំនួន​៨រូប ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ រយៈពេល​៥​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់ពីថ្ងៃទី​២៧ ដល់ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​តំណាង​គណ​បក្ស​កាន់​អំណាច គណបក្ស​ប្រឆាំង និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​​​កម្ពុជា​ចំនួន​៨រូប ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ រយៈពេល​៥​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់ពីថ្ងៃទី​២៧ ដល់ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
ដោយ: VOA
​ប៊ែ​រ​ឡាំង ៖ ក្រុម​អ្នកនាំពាក្យ​តាម​បណ្តា​ក្រសួង គ្រោង​ជួប​ជាមួយ​អ្នកកាសែត​រៀងរាល់ខែ​ដើម្បី​ធ្វើ​សន្និសីទ​ផ្តល់ព័ត៌មាន​។ ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្រោយ​ការវិលត្រឡប់​មកពី​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​ទំនាក់ទំនង​រវាង​ស្ថាប័នរដ្ឋ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​អាល្លឺម៉ង់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​។​



​កាលពី​ចុងខែ​មីនា​នេះ មូលនិធិ​ខុនរ៉ាត អៅ​ឌិន​ណៅអ៊ែរ (Konrad Adenauer) របស់​អាល្លឺម៉ង់​ដែល​កំពុងធ្វើការ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​បញ្ជូន​មន្ត្រីជាន់ខ្ពស់ ដែលជា​តំណាង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង ព្រមទាំង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ចំនួន​៨​រូប ឲ្យ​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ រយៈពេល​៥​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ស្ថាប័នរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​នោះ ក្រុមមន្ត្រី​អ្នកនាំពាក្យ និង​អ្នកសារព័ត៌មាន​ទាំង​៨​រូប​បានធ្វើ​ទស្សនកិច្ច​នៅតាម​បណ្តា​ក្រសួង ស្ថាប័ន​ព័ត៌មាន ទាំង​របស់​រដ្ឋ និង​ឯកជន​ជាច្រើន​។ ក្នុងនោះ Federal Press Conference ជាទី​កន្លែង​ដែល​បង្កើតឡើង​ដោយ​ថវិកា​ផ្ទាល់​របស់​ក្រុម​អ្នកសារព័ត៌មាន​ក្នុងប្រទេស​អាល្លឺម៉ង់​ដើម្បី​អញ្ជើញ​មន្ត្រីជាន់ខ្ពស់ ជាពិសេស​អ្នកនាំពាក្យ​តាម​ក្រសួង មក​បង្ហាញ​ពី​ស្ថានភាព​ការងារ​ក្នុងពេល​បច្ចុប្បន្ន និង​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត ជា​រៀងរាល់​៣​ដង ក្នុង​មួយ​សប្តាហ៍​។​



​បន្ទាប់ពី​ចុះ​កម្មសិក្សា​ស្វែងយល់​នៅ Federal Press Conference ក្រុម​អ្នកនាំពាក្យ​កម្ពុជា​ដែល​បាន​ចូល​រូ​ម​ក្នុង​ទស្សនកិច្ច​នោះបាន​រៀបចំ​គម្រោង​ដែលមាន​លំនាំ​ស្រដៀង​គ្នា​នេះ ដើម្បី​យកមកអនុវត្ត​នៅ​កម្ពុជា​។​

​លោក អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់ VOA ក្រោយ​ត្រឡប់​មកពី​ចូលរួម​ដំណើរ​ទស្សនកិច្ច​នោះ​ថា លោក​កំពុង​ស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​កំណត់​យក​ពេលវេលា​ជាក់លាក់​ក្នុងការ​រៀបចំ​សន្និសីទ​រវាង​ក្រុម​អ្នកនាំពាក្យ​ក្រសួង ជាមួយ​អ្នកសារព័ត៌មាន​ជា​រៀងរាល់ខែ​។ លោក​បន្តថា គម្រោង​នៃ​ការរៀបចំ​សន្និសីទ​ជា​ទៀងទាត់​រៀងរាល់ខែ​ដោយមាន​ការ​សួរ​ពី​អ្នកសារព័ត៌មាន​ផង​នោះ​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ ហើយ​ថា​ជាដំបូង​នឹងមាន​ការចូលរួម​ពី​អ្នកនាំពាក្យ​តាម​ក្រសួង​ដែល​ស្ម័គ្រចិត្ត​ជាមុន​។​

​លោក អ៊ុក គឹម​សេង បន្ថែមថា ការរៀបចំ​សន្និសីទ​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​ជា​រៀងរាល់​១​ខែ​ម្តងនេះ នឹងធ្វើ​ឲ្យ​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​កាន់តែច្រើន​និង​គ្រប់​ជ្រុងជ្រោយ​ពី​ស្ថាប័នរដ្ឋ​។​

​លោក​បញ្ជាក់ថា​៖ «​ការរៀបចំ​សន្និសីទ​សារព័ត៌មាន​ជា​ទៀងទាត់​នេះ គឺមាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ស្ថាប័ន​សាធារណៈ បានន័យថា មន្ត្រី​អ្នកនាំពាក្យ​មានឱកាស​នឹង​និយាយប្រាប់​ដល់​អ្នកសារព័ត៌មាន​ក៏ដូចជា​សាធារណជន​អំពី​អ្វីដែល​ស្ថាប័ន​របស់ខ្លួន​ធ្វើបាន ហើយ​អ្វី​នឹង​បន្តធ្វើ​នៅ​ថ្ងៃ​អនាគត​»​។​

​កន្លងមក អ្នកសារព័ត៌មាន​តែង​ត្អូញត្អែរ​ពី​ការលំបាក​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មួយចំនួន​ដើម្បី​សម្ភាសន៍​សួរ​ព័ត៌មាន ជាពិសេស​ការទាក់ទង​សួរ​តាម​ទូរស័ព្ទ​។​

​លោក កៃ កឹម សុង និពន្ធ​នាយក​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ សាទរ​នឹង​គម្រោង​នៃ​ការធ្វើ​សន្និសីទកាសែត​ជា​រៀងរាល់ខែ​នេះ​។ លោក​លើកឡើងថា គម្រោង​នៃ​ការធ្វើ​សន្និសីទ​ផ្តល់ព័ត៌មាន​របស់​ក្រុម​អ្នកនាំពាក្យ​តាម​បណ្តា​ក្រសួង នឹង​សម្រួល​ដល់​ការងារ​របស់​អ្នកកាសែត និង​ជួយ​ឲ្យ​ការទទួលបាន​ព័ត៌មាន​យកទៅ​ផ្សព្វផ្សាយ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​។​



​លោក​បញ្ជាក់ថា​៖ «​ការជួប​ជុំគ្នា​គឺជា​ការល្អ ហើយ​អ្នកនាំពាក្យ​ត្រៀមខ្លួន​ក្នុងការ​ឆ្លើយ រីឯ​អ្នកកាសែត​ត្រៀមខ្លួន​ក្នុងការ​សួរ ហើយ​យក​ព័ត៌មាន​ពិត​ទាំងនោះ ចែករំលែក​ដល់​ប្រជាជន​យើង​។  នេះ​ជា​កត្តា​ល្អ​បំផុត​»​។​

​ចំណែក​លោក មឿ​ន ឈាន​ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន មានប្រសាសន៍ថា លោក​គាំទ្រ​គម្រោង​នៃ​ការបង្កើត​ឲ្យ​មាន​ការធ្វើ​សន្និសីទ​ជា​ទៀងទាត់​របស់​អ្នកនាំពាក្យ​តាម​បណ្តា​ក្រសួង​នៅ​កម្ពុជា​។ លោក​លើកឡើងថា កន្លងមក​អ្នកនាំពាក្យ​តាម​បណ្តា​ក្រសួង​មួយចំនួន​ហាក់​នៅ​ខ្វះខាត​ចំណេះដឹង​ក្នុងការ​ផ្តល់ព័ត៌មាន ជាហេតុ​ធ្វើ​ឲ្យ​ការ​ផ្តល់ព័ត៌មាន​មិនបាន​គ្រប់​ជ្រុងជ្រោយ ដូច្នេះ​លោក​ថា ការធ្វើ​សន្និសីទ​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​អ្នកសារព័ត៌មាន​បាន​សួរដេញដោល​ពី​បញ្ហា​ដែល​កំពុង​កើតមាន និង​ជួយ​ឲ្យ​ក្រសួង​ផ្តល់​សេវាសាធារណៈ​កាន់តែ​ល្អប្រសើរ​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងសង្គម​ប្រជាធិបតេយ្យ​នៅពេលដែល​យើង​ទទួលបាន​ព័ត៌មាន​ល្អប្រសើរ គឺ​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​យើង​កាន់តែ​រឹងមាំ ព្រោះ​អី​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​បាន គឺ​អាស្រ័យ​ដោយមាន​តម្លាភាព អភិបាលកិច្ច​ល្អ និង​គណនេយ្យភាព​សង្គម​។ អញ្ចឹង​បើសិន​យើង​ទទួលបាន​ព័ត៌មាន​ពេញលេញ យើង​អាចជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​ការអភិវឌ្ឍ​នៅក្នុង​សង្គម​របស់​យើង​»​។​

​លោក មឿ​ន ឈាន​ណា​រិ​ទ្ធ រំពឹងថា អ្នកនាំពាក្យ​ក្រសួង​នីមួយៗ​នឹង​យល់ច្បាស់​ពី​ប្រភេទ​នៃ​ព័ត៌មាន  ជៀសវាង​ការ​លាក់បាំង​ព័ត៌មាន​ដោយសារ​យល់ច្រឡំ​ព័ត៌មាន​ដែល​ត្រូវ​ផ្សាយ​ជា​សាធារណៈ ថា​ជា​ព័ត៌មាន​សម្ងាត់​។​

​បើតាម​ទិន្នន័យ​ក្នុង​គេហទំព័រ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បច្ចុប្បន្ន​កម្ពុ​ជាមាន​ក្រសួង​ចំនួន​២៧ ដែល​ក្រសួង​នីមួយៗ​មាន​អ្នកនាំពាក្យ​ចន្លោះ​ពី​ម្នាក់​ទៅ​៣​នាក់​។​

​លោក Rene Gradwohl ប្រធាន​មូលនិធិ​ខុនរ៉ាត​ប្រចាំ​កម្ពុជា ដែលជា​អ្នករៀបចំ​ដំណើរ​ទស្សនកិច្ច​នោះ ប្រាប់ VOA ថា គម្រោង​នៃ​ការជួបជុំ​ដើម្បី​ធ្វើ​សន្និសីទ​ផ្តល់ព័ត៌មាន​នេះ នឹង​អាច​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នកសារព័ត៌មាន និង​មន្ត្រី​រដ្ឋាភិបាល​នៅ​កម្ពុជា​។ លោក​បន្ថែមថា មូលនិធិ​ខុនរ៉ាត​នឹង​ជំរុញ​គាំទ្រ​ក្នុង​ដំណើរការ​រៀបចំ​ដើម្បី​ឲ្យ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​រៀងរាល់ខែ​នេះ​ឲ្យ​ដំណើរការ​ទៅដោយ​រលូន​។​

​បច្ចុប្បន្ននេះ ក្រសួង​ព័ត៌មាន​កម្ពុជា​កំពុង​រៀបចំ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើងថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ភាពមិនច្បាស់លាស់​នៃ​ពាក្យ​ថា​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋ និង​នីតិវិធី​នៃ​ការប្ដឹងតវ៉ា ដែល​ពួកគេ​អះអាងថា​ចំណុច​ទាំងនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com